ខេត្តព្រះសីហនុ៖ ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត ។
លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈកម្មការប្រកួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅកម្ពុជានេះ គឺជាសញ្ញាដ៏ល្អ ក្នុងការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ដើម្បីឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩។
អត្តពលិកជាង ១០ប្រទេសត្រៀមចូលរួម តែដោយសារបញ្ហានៃជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើមានការលុបចោលជើងហោះហើរមកកម្ពុជា។ តែលោកសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតលើកក្រោយ ប្រទេសទាំងអស់ នឹងបានចូលរួមការប្រកួតនៅកម្ពុជាទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមការប្រកួតផ្ទាល់ នៅខេត្តព្រះសីហនុ ។
សូមជម្រាបជូនដែរថា ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គឺមានអត្តពលិក ៣ប្រទេសចូលរួម ស្មើនឹងកីឡាករ-កីឡាការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា នៅតំបន់ឆ្នេរសុខា ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
ការប្រកួតនេះ សហការរៀបចំដោយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC៕