រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣មេសានេះ បានបង្ហាញពីករណីវិជ្ជមានកូវីដ១៩ មានចំនួន ៩៩នាក់ និងអ្នកជាសះស្បើយរហូតដល់ ៣២៩នាក់ ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស ពីក្រសួងសុខាភិបាល ៣២៩៤៣៧នាក់ ក្រសួងការពារជាតិ ១៤៦ ៤១៩នាក់ ​និងការផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសទ្រង់ទ្រាយធំ បានចាប់ផ្ដើមកាលពីថ្ងៃទី១មេសា។

សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac (១.៥លានដូស) ហើយរដ្ឋាភិបានបញ្ជាក់ថានឹងមានមកជាបន្តបន្ទាប់ទៀត។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​១០៣៦ នាក់ និងអ្នកដែលបានជាសះស្បើយ ១៥៨៥នាក់ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប១៩នាក់ហើយ ដែលក្នុងនោះមានជនជាតិខ្មែរ ១៧នាក់ ជនជាតិកូរ៉េម្នាក់ និងជនជាតិចិនម្នាក់ ។ យើងកត់សំគាល់ឃើញថាភាគច្រើននៃអ្នកស្លាប់ គឺជាស្រ្ដី ដែលមានជម្ងឺប្រចាំកាយ៕