ភ្នំពេញ ៖ ជាមួយនឹងកំណើន និងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជានៅក្នុងល្បឿនមួយយ៉ាងលឿន ក្រោមវត្តមានអគារពាណិជ្ជកម្ម លំនៅដ្ឋានសហកម្មសិទ្ធិស្អេកស្កះ ប៉ុន្តែងាកមកការផ្តល់សេវាថែរក្សា និងគ្រប់គ្រងអគារទាំងមូលនៅមានកម្រិតនៅឡើយ ខណៈដែលសេវាមួយនេះជាធាតុយ៉ាងសំខាន់ក្នុងជំរុញតម្លៃបន្ថែមដល់អចលនទ្រព្យ។
អ្នកជំនាញអចលនទ្រព្យ ពីក្រុមហ៊ុនអន្តរជាតិបានលើកឡើងថា ការគ្រប់គ្រងអចលនទ្រព្យ ឬ Property Management ត្រឹមត្រូវដូចជា អគារលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារការិយាល័យ នឹងជួយរក្សាតម្លៃ ហើយថែមទាំងបង្កើនតម្លៃអចលនទ្រព្យនៅនាខាងអនាគត។
នាយិកាក្រមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ថា បើអគារខុនដូ អគារការិយាល័យ ឬអាផាតម៉ិនណាមួយ មានអ្នកជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអគារនោះ។
អ្នកនាងបានបញ្ជាក់ថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអចលនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលនទ្រព្យបែបនេះច្រើននៅឡើយ។ ការផ្តល់សេវាគ្រប់គ្រងអគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើយថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា “ជាធម្មតា នៅពេលដែលសំណង់អគារមានភាពស្រស់ស្អាត ថ្មី មានផាសុកភាព និងសុវត្ថិភាព គឺមានភាពទាក់ទាញ។ ឧទាហរណ៍ថា សំណង់អាផាតមិនចំនួន២នៅក្បែរគ្នា ប្រសិនបើអគារមួយមានការថែរក្សាល្អ ប្រកបដោយគុណភាព សោភ័ណភាព ប្រាកដជាមានភាពទាក់ទាញមនុស្សជួលចូលមករស់នៅជាមិនខាន បើទោះជាមានតម្លៃថ្លៃជាងអគារចាស់បន្តិចក៏ដោយ។
ដូច្នេះ ការចំណាយទៅលើសេវាថែទាំ និងរក្សាគុណភាពសំណង់គឺជារឿងសំខាន់បំផុត។ បើនៅប្រទេសគេ ដូចជាប្រទេសជប៉ុន សេវាថែទាំអគារគឺមានតម្លៃថ្លៃ ខណៈដែលទីផ្សារនៅកម្ពុជាហាក់មើលរំលង និងមិនសូវមានអ្នកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅក្នុងផ្នែកមួយនេះ”។
លោក ច្រឹក សុខនីម បានបញ្ជាក់ឱ្យដឹងថា ដោយមើលឃើញពីភាពខ្វះខាតជំនាញមួយនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានរៀបចំកម្មវោធី បណ្តុះបណ្តាលជំនាញវគ្គខ្លីដែលមានរយៈពេលប្រាមាណ ៩០ម៉ោង ដល់សិក្ខាកាមដែលមានបំណងចង់ចាប់អាជីពនេះ ដោយមានការផ្តល់ជូននូវវិញ្ញាបនបត្រផងដែរ៕