ភ្នំពេញ៖ អ្នកជំនាញ និងធ្លាប់មានបទពិសោធន៍ជោគជ័យជាច្រើនឆ្នាំ បានអំពាវនាវដល់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យសូមកុំឱ្យបាក់ទឹកចិត្ត ឬ ព្រួយបារម្ភខ្លាំងពេក នៅក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងជួបបញ្ហាប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែគប្បីបង្កើនការប្រុងប្រយ័ត្ន និងសិក្សាឱ្យបានច្បាស់មុនពេលវិនិយោគ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រពញយ Amatak Property Service លោកស្រី តាំង ហួរ បានថ្លែងថា កម្ពុជាបាន និងកំពុងបន្តទទួលវ៉ាក់សំាងជាបន្តបន្ទាប់ ហើយមិនយូរប៉ុន្មានបន្តិចទៀត យ៉ាងហោចណាស់ ៦០ ទៅ ៧០ ភាគរយនៃប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំង។ ដូច្នេះ បន្ទាប់ពីមានការប្រើប្រាស់វ៉ាក់សាំង គួបផ្សំនឹងការអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនោះអ្វីៗនឹងល្អប្រសើរឡើង និងមានស្ថានភាពដូចដើមវិញ ។

លោកស្រីបញ្ជាក់ថា តាមពិតទៅ នៅពេលដែលមនុស្សមិនហ៊ានចេញដើរក្រៅ វានឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចមិនដើរដូចគ្នា ប៉ុន្តែវាមិនមានរយៈពេលយូនោះទេ។ ក្នុងនាមយើងជាអ្នករកស៊ី គឺមិនត្រូវខ្លាចនោះទេ តែគួរបង្កើនក្ដីប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពសុខភាព ព្រោះសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការទទួលបានវ៉ាក់សំាងសម្រាប់ចាក់ឱ្យប្រជាជនជាបន្តបន្ទាប់។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានថ្លែងថា នៅក្នុងអំឡុងពេលនេះ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បាននឹងកំពុងប្រឈមយ៉ាងខ្លាំង ជាពិសេសម្ចាស់ក្រុមហ៊ុនអចលនទ្រព្យតូចល្មមៗអាចនឹងប្រឈមនឹងការដួលរំលំមិនខានបើសិនជាជំងឺកូវីដ១៩ នៅក្នុងប្រទេសបន្តអូសបន្លាយកាន់តែយូរទៅមុខ។ ប៉ុន្តែលោកបញ្ជាក់ថា វានឹងល្អឡើងវិញក្រោយពេលពលរដ្ឋកម្ពុជាទទួលបាន ការចាក់វ៉ាក់សាំងកាន់តែច្រើនជាងពេលបច្ចុប្បន្ន ដែលអាចកាត់បន្ថយភាពប្រឈមការរាលដាល មនុស្សចាប់ផ្តើមចេញដើរសាជាថ្មី នោះទីផ្សារអចលនទ្រព្យក៏នឹងងើបឡើងវិញ។ 

ទោះជាយ៉ាងនៅក្នុងអំឡុងពេលនេះ លោក ឡុង គឺមសួគ៌ បានក្រើនរំលឹក និងលើកទឹកចិត្តដល់បណ្តាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យថ្មីថ្មោង ឬទ្រង់ទ្រាយតូចថា នៅក្នុងអំឡុងពេលនេះម្ចាស់ក្រុមហ៊ុនត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងទប់ខ្លួនកុំឱ្យដួល តាមរយៈកាត់បន្ថយការចំណាយណាមួយមិនចាំបាច់ជាដើម បន្ថែមពីនេះត្រូវមានការប្រុងប្រយ័ត្ន និងសិក្សាឱ្យបានល្អិតល្អន់មុនពេលវិនិយោគដើម្បីយកចំណេញ ប៉ុន្តែមិនត្រូវបាក់ទឹកចិត្តនោះទេ។

ថ្ងៃនេះ វ៉ាក់សាំងប្រភេទ Sinovac ចំនួន១.៥លានដូស ដែលបានទិញពីភាគិចិន បានមកដល់កម្ពុជាហើយដែរ ដើម្បីចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃ៕