ភ្នំពេញ ៖ មានការណែនាំជាច្រើនពីអ្នកជំនាញ ដោយក្នុងនោះសុទ្ធតែបង្ហាញពីគន្លឹះ និងវិធីសាស្ត្រនានាដែលត្រូវអនុវត្ត ដើម្បីអាចជួយជំរុញឱ្យរាល់កិច្ចទំនាក់ទំនង់ និងការលក់អចលនទ្រព្យទទួលបានអត្រាជោគជ័យខ្ពស់។
ដោយឡែកពេលនេះ ប្រធានសមាគមអចលនទ្រព្យសកល ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យមួយនេះបានលើកយកចំណុចសំខាន់ៗទាំង៧ ដែលត្រូវតែជៀសវាងដាច់ខាត នៅក្នុងអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Sen Sok បានលើកឡើងថា រាល់ការលក់ អចលនទ្រព្យនៅលើទីផ្សារ ភ្នាក់ងារទាំងអស់សុទ្ធតែប្រាថ្នានូវភាពជោគជ័យ ហើយបានរិះរកនូវគ្រប់វិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាអាចទាក់ទាញអតិថិជនរបស់ខ្លួនបានរហូតមានអ្នកខ្លះបានអនុវត្តលើសពីគោលការណ៍នៃក្រមសីលធម៌ និងវិជ្ជាជីវៈ។
លោកបានបន្តថា បន្ថែមពីលើចំណេះដឹងក្នុងនាមជាភ្នាក់ងារលក់ដែលទទួលបានពីការសិក្សា និងបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញដែលធ្លាប់មានបទពិសោធន៍ ដើម្បីអាចទទួលបានជោគជ័យលើចំណែកទីផ្សាររបស់ខ្លួន ភ្នាក់ងារក៏គួរតែជៀសឱ្យផុតពីចំណុចទាំង៧ ដូចបានបង្ហាញជូនខាងក្រោមនេះផងដែរ៖
១. ជៀងវាងលក់អចលនវត្ថុណាដែលខ្លួនមិនស្គាល់ម្ចាស់។
២. ជៀសវាងដាក់តម្លៃបន្ថែម គួរយកតែកុងស្យុងបានហេីយ។
៣. ជៀសវាងលក់អចលនវត្ថុណាដោយមិនផ្តាច់មុខទាំងដែលម្ចាស់រស់នៅទីនោះ។
៤. ជៀសវាងលក់អចលនវត្ថុណាដែលម្ចាស់ដាក់ស្លាកលក់ខ្លួនឯង។
៥. ជៀសវាងលក់អចលនវត្ថុណាដែលមិនស្របច្បាប់។
៦. ជៀសវាងការខំប្រឹងរកដីជូនអ្នកទិញណាដែលមិនដឹងថាអ្នកទិញមកពីប្រភពណាច្បាស់ពិតប្រាកដ គឺការឮតាមគ្នា ឬច្រេីនដំណពេក។
៧. ជៀសវាងការសុីដាច់កុងស្យុងគ្នា ទោះតិច ឬច្រេីនត្រូវចេះចែករំលែកគ្នា។
លោក សំ សុខនឿន បានបញ្ជាក់ថា នៅក្នុងចំណោមចំណុចទាំង៧ខាងលើនេះ សុទ្ធតែមិនបានផ្តល់នូវភាពល្អប្រសើរដល់អ្នកដែលជាភ្នាក់ងារលក់ទទួលបានប្រយោជន៍នោះទេ ដូច្នេះ គួរតែចង់ចាំទុក ឬអាចចែករំលែកបន្តដល់អ្នកដែលរួមអាជីពជាមួយគ្នាផង ៕