ភ្នំពេញ ៖ មានសំណួរជាច្រើនលើកឡើងពាក់ព័ន្ធទៅនឹងការគួររៀបចំផែនការ និងយុទ្ធសាស្ត្របែបណាដើម្បីអាចជួយ និងជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជា ងាកទៅរកស្ថានភាពល្អប្រសើរដូចឆ្នាំ២០១៩វិញ ដោយក្នុងនោះរួមទាំងវិស័យរដ្ឋ និងវិស័យឯកជនផងដែរ។ 

ស្របពេលដែលបណ្តាប្រទេសជឿនលឿនមួយចំនួនចាប់ផ្តើមអនុវត្តលើការប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ជាបណ្ដើរៗទៅហើយនោះ បានធ្វើឱ្យបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបង្ហាញពីក្ដីសាទរ និងការត្រៀមខ្លួនសារជាថ្មីក្នុងការចាប់ផ្តើមសកម្មភាពនៅក្នុងទីផ្សារមួយនេះ។ 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី៧ លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ Krama post ថា រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនហើយបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ហើយប្រជាជននៃប្រទេសទាំងនោះក៏កំពុងរង់ចាំមើលពីប្រតិកម្ម និងប្រសិទ្ធភាពរបស់វ៉ាក់សាំងផងដែរ។

លោកថា បើសិនជាវ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពខ្ពស់ ដែលអាចកំចាត់ Covid-19 បាន ប្រជាជនលើពិភពលោក ទាំងវិនិយោគិន និងទេសចរផងដែរ នឹងចេញធ្វើសកម្មភាពឡើងវិញជាមិនខាន ជាពិសេសអ្នកវិនិយោគដើម្បីស្ដារនូវការខាតបង់របស់ខ្លួនក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ។

លោកបញ្ជាក់ថា “អ្វីដែលកម្ពុជាត្រូវត្រៀមខ្លួនសម្រាប់ទទួលស្វាគមន៍ ការវិលត្រលប់នៃភាពប្រសើរឡើងវិញនៃវិស័យអចលនទ្រព្យ គឺត្រូវមានផលិតផលដែលត្រឹមត្រូវច្បាស់លាស់។ ក្នុងន័យនេះខ្ញុំចង់បញ្ជាក់ និងសង្កត់ធ្ងន់ទៅលើការដោះស្រាយរាល់ទំនាស់ផ្សេងៗ ដែលធ្លាប់កើតមានឡើងចំពោះទីផ្សារអចលនទ្រព្យ ដើម្បីឱ្យវិនិយោគិនបរទេសមានជំនឿជាក់លើអចលនទ្រព្យក្នុងប្រទេសកម្ពុជា ហើយមានទំនុកចិត្តក្នុងការមកបណ្ដាក់ទុនវិនិយោគ”។

ជាមួយគ្នានេះផងដែរ លោកបានបន្ថែមថា ប្រសិនបើក្រោយពេលកម្ពុជានាំយកវ៉ាក់សាំងមកប្រើប្រាស់ក្នុងប្រទេសប្រកបដោយប្រសិទ្ធភាពជោគជ័យនោះ នៅក្នុងត្រឹមពាក់កណ្តាលឆ្នាំ ឬឈានដល់ចុងឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងទទួលបានសកម្មភាពឡើងវិញ រាប់ទាំងការវិនិយោគ ក៏ដូចជាការទិញលក់ ប៉ុន្តែក៏ត្រូវប្រើពេលយូរបន្តិចដែរដើម្បីឱ្យវាបានល្អប្រសើរដូចមុនពេលមានវិបត្តិ Covid-19 ៕