ភ្នំពេញ៖ តំបន់ក្រាំងធ្នង់នៅភាគខាងលិចឈៀងខាងជើងនៃទីក្រុងភ្នំពេញ បាននឹងកំពុងប្រែពីដីកសិកម្មក្លាយជាដីលំនៅឋានទំនើប ខណៈបច្ចុប្បន្ន នៅតំបន់នេះមានគម្រោងវិនិយោគលំនៅឋានជាច្រើន បាននឹងកំពុងរីកយ៉ាងច្រើននៅក្នុងតំបន់នេះ។
លោកស្រី អាន សុធិតា នាយិកាក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា តំបន់ក្រាំងធ្នង់ទើបតែចាប់ផ្តើមងើបឡើងនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយមានការឃើញនូវគម្រោងអភិវឌ្ឍន៍លំនៅឋានច្រើន ដូចគម្រោងបុរីទំនើប អរគីដេ និងគម្រោងបុរីជេស៊ីជាដើម។
លោកស្រីបន្តថា «តំបន់នេះ បានផ្លាស់ប្តូរមុខមាត់ពីប្រភេទដីស្រែ ឬ ដីកសិកម្មទៅជាដីលំនៅឋាន ដែលនេះគឺជាផ្លាស់ប្តូរយ៉ាងលឿនក្នុងចំណោមតំបន់ផ្សេងទៀត របស់ទីក្រុងភ្នំពេញ»។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងដែរថាតំបន់ក្រាំងធ្នង់នេះ មានការរីកចំរើនបន្ទាប់ពីតំបន់សែនសុខ ដែលបច្ចុប្បន្ននេះ គេហៅតំបន់នេះ ជាតំបន់សែនសុខទី ២ ព្រោះមានការីកចំរើនយ៉ាងខ្លាំងទៅលើប្រភេទលំនៅឋាន និងគម្រោងបុរី។
លោក តាំង ហួរ បន្តថា «សម្រាប់ដីធ្លីនៅតំបន់នេះកើនឡើងទ្វេដង មានតម្លៃចាប់ពី ២០០ ទៅ ៣០០ ដុល្លារអាមេរិកឡើងទៅក្នុងមួយម៉ែត្រការ៉េ ដែលវាអាស្រ័យលើដីនៅជាប់ផ្លុវ និងនៅឆ្ងាយពីផ្លូវ»។
លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា នៅតាមតំបន់ជាយក្រុងភ្នំពេញទាំងអស់មានការរីកចំរើនយ៉ាងលឿនលើគម្រោងលំនៅឋាន និងគម្រោងបុរី ប៉ុន្តែ តំបន់ក្រាំងធ្នង់នៅភាគខាងលិចនៃទីក្រុងភ្នំពេញ គឺមានការរីកចំរើនលឿនគួរឱ្យកត់សម្គាល់។
លោកបន្តថា «មនុស្សមួយចំនួន ហាក់មើលរំលងពីតំបន់ក្រាំងធ្នង់នេះ ពីមុនវាជាប្រភេទដីស្រែចម្ការ ប៉ុន្តែ ឥឡូវ យើងមើលឃើញថា មានការរីកចំរើនលឿនលើគំម្រោងលំនៅឋាន និងគម្រោងផ្សេងទៀត ដែលធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នេះ មានការកើនឡើងជាបន្តបន្ទាប់»។
លោកច្រឹក សុខនីម បានប្រាប់ដល់អ្នកដែលមានបំណង់ក្នុងការវិនិយោលើវិស័យអចលនទ្រព្យ គួកុំមើលរំលងនៅតំបន់នេះ ព្រោះតំបន់នេះ គឺមានឱកាសចំណេញលឿន ព្រោះជាតំបន់ដែលមានការអភិវឌ្ឍន៍៕