សៀមរាប៖ អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យនៅក្នុងក្រុងសៀមរាប បានមើលមើលឃើញស្ថានភាពទីផ្សារដីធ្លីនៅក្នុងក្រុងសៀមរាបហាក់មានស្ថានភាពស្ងប់ស្ងាប់ចាប់តំាងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតមកដល់បច្ចុប្បន្ននេះ។

លោក ច័ន្ធ បញ្ញារិទ្ធ  អ្នកស៊ីដីធ្លីនៅក្នុងក្រុងសៀមរាបបានប្រាប់ឱ្យដឹងថា ចាប់តាំងពីកើតឡើងនូវជំងឺកូវីដ ១៩ ទីផ្សារដីធ្លីនៅក្នុងក្រុងសៀមរាបគឺមានស្ថានភាពស្ងប់ស្ងាត់  គឺមានតែអ្នកគួជេដី ប៉ុន្តែមិនមានឈ្មួញទិញឱ្យពិតប្រាកដនោះទេ។ 

ទោះជាយ៉ាង លោក ច័ន្ធ ធារិទ្ធិបញ្ជាក់ថា តម្លៃដីធ្លីនៅក្នុងក្រុងសៀមរាប គឺមិនមានការធ្លាក់ថ្លៃនោះទេ តម្លៃដីធ្លីនៅតាមកំណាត់ផ្លូវជាតិលេខ ៦ A នៃក្រុងសៀមរាប គឺមានតម្លៃចាប់ពី ១០០០ ទៅ ២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។ 

លោកថ្លែងថា« រហូតមកមដល់ឆ្នាំ២០២១ នេះគឺតម្លៃនេះ មិនមានការធ្លាក់ចុះនោះទេ ប៉ុន្តែ បើមានលុយក៏មិនអាចទិញដីក្នុងទំហំធំបានដែរនៅក្នុងអំឡុងពេលនេះ ដោយសារ ម្ចាស់ដីគេមិនមានបញ្ហាហិរញ្ញវត្ថុ ដូចម្ចាស់ដីដែលមានទំហំតូចៗ»។

លោក ច័ន្ទ ធារិទ្ធិ "បញ្ជាក់ទៀតថា ចំពោះការម្ចាស់ដែលមានដីក្នុងទំហំតូចៗ ល្មម (ក្នុងតម្លៃ ១ម៉ឺន ដល់ ៣ម៉ឺនដុល្លារអាមេរិកក្នុងមួយឡូតិ៍) ដែលជំពាក់ធនាគារ គឺ ពួកគាត់បានបញ្ចេញដីរបស់គាត់ក្នុងតម្លៃធូថ្លៃ ប៉ុន្តែ ដីរបស់គាត់មិនមែនស្ថិតនៅក្នុងក្រុង ឬ តាមផ្លូវជាតិនោះទេ គឺដីរបស់គាត់ស្ថិតនៅតាមជាយក្រុងសៀមរាប"។

លោក ធារិទ្ធិ បានលើកជាឧទាហរណ៍ថា ពីមុនដីមួយឡូតិ៍(៥x២០) តម្លៃ ១ ម៉ឺនដុល្លារអាមេរិក ប៉ុន្តែឥឡូវគេលក់ក្នុងតម្លៃ ៦ ទៅ ៨ ដុល្លារអាមេរិក ព្រោះគេលក់ប្រញាប់ដើម្បីបានលុយទៅសងធនាគារ ខណៈដែលេពួកគេមិនមានចំណូលដោយសារបញ្ហានៃជំងឺកូវីដ ១៩។

ទោះជាយ៉ាងណា លោក រំពឹងថា នៅពេលបញ្ចប់នៃជំងឺកូវីដ ១៩  និងផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបរួចរាល់ តម្លៃដីធ្លីនឹងកើនឡើង ១០ ទៅភាគរយ នាពេលពេលខាងមុខ។  ដោយឡែកចំពោះអ្នកដែលមានសុវត្ថិភាពហិរញ្ញវត្ថុ គួរតែមកស្វែងរកទិញនៅក្នុងក្រុងសៀមរាបទុក នឹងទទួលបានចំណេញខ្ពស់នាពេលខាងមុខ។ 

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានទទួលស្គាល់ថា បច្ចុប្បន្ននេះ តម្លៃដីនៅតាមតំបន់មួយចំនួននៅក្នុងក្រុងសៀមរាបមានតម្លៃចាប់ពី ១៨០០ ទៅជាង ២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយការដាក់ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ ខ្សែរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អដែលជំរុញឱ្យមានស័យនានានៅក្នុងខេត្តមានការរីកចំរើនឡើងវិញរួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ ។

លោកបន្តថា “បន្ទាប់ពីមានហេដ្ឋារចនាសម្ព័ន្ធល្អច្រើន ហើយមានបន្ថែមផ្លូវថ្មី វានឹងជួយលើកស្ទួយតម្លៃដីធ្លីមានការកើនឡើង និងមានគម្រោងថ្មីៗផ្សេងក៏នឹងកើនឡើងផងដែរ ។

លោកបន្ថែមថា “ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍វប្បធម៌ដ៏សំខាន់របស់កម្ពុជា ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធល្អហើយនោះ វិស័យអចលនទ្រព្យ សណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម កាន់តែមានការរីកចំរើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ”៕