(ភ្នំពេញ)៖ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតនៅក្នុងស្រុកសូទ្រនគម និងស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីខេត្តសៀមរាប និងមានចម្ងាយ១៨០គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យ។ បច្ចុបប្បន្នការសាងសង់សម្រេចបាន៤០% ហើយ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល  បានលើកឡើងថា ដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរថ្មីនេះ គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះ បាននិងកំពុងជួបឧបសគ្គ ដូចជាខ្វះទឹកសម្រាប់ប្រើប្រាស់ មិនមានបណ្ដាញតភ្ជាប់ទឹកស្អាត សម្រាប់ប្រើប្រាស់លើការសាងសង់ និងមិនមានបណ្ដាញសម្រាប់តភ្ជាប់អគ្គិសនីប្រើប្រាស់ និងការសាងសង់ព្រលានយន្តហោះជាដើម។

លោកលើកឡើងទៀតថា ប្រភពផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី នៅព្រលានយន្តហោះ គឺមាន២ប្រភព ដែលទី១៖ អាចយកពីទីរួមខេត្តសៀមរាប និងទី២ អាចយកពីខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយ១៨០គីឡូម៉ែត្រ ដូច្នេះក្រុមហ៊ុនកសាងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីនេះ បានស្វែងរកកិច្ចអន្តរាគមន៍ពីបណ្ឌិត ម៉ៅ ហាវណ្ណាល់ ឲ្យជួយជំរុញដល់ក្រសួងពាក់ព័ន្ធបានជួយដោះស្រាយ ដើម្បីឲ្យដំណើរការសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី គឺបានប្រព្រឹត្តទៅផែនការគ្រោងទុក ដោយជោគជ័យនៅឆ្នាំ២០២៣។

សូមជម្រាបថា  ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4F សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបានផងដែរ៕