មនុស្សដែលមានភាពស្ងប់ស្ងាត់ជាប្រភេទមនុស្សដែលគ្រប់គ្នាភាគច្រើនបានយល់ច្រឡំថា ជាមនុស្សដែលពិបាកចុះសម្រុងជាមួយអ្នកដទៃ មានភាពរឹងប៉ឹងគ្រប់ពេល និងមិនសូវលេងសើចសប្បាយជាមួយមនុស្សជុំវិញខ្លួន ដែលជាហេតុធ្វើឱ្យអ្នកដទៃពិបាកនឹងប្រាស្រ័យទាក់ទងជាមួយពួកគាត់។ ប៉ុន្តែតាមការពិតទៅមនុស្សបែបនេះជាមនុស្សដែលចូលចិត្តភាពឯកជនខ្ពស់ មិនសូវនិយាយរួសរាយរាក់ទាក់ ហើយបើអ្នកព្យាយាមសង្កេតឱ្យបានដិតដល់ពួកគេក៏មានចំណុចពិសេសជាច្រើនដែលអ្នកមិនធ្លាប់បានដឹង ដូច្នេះហើយនៅក្នុងអត្ថបទនេះនឹងនាំ ប្រិយមិត្តអ្នកអានឱ្យបានដឹងពីចំណុចពិសេសរបស់មនុស្សដែលមានភាពស្ងប់ស្ងាត់៖
១.ងាយស្រួលយកចិត្ត៖ ពួកគេមិនទាមទារអ្វីច្រើនទេ បើសង្តេតឱ្យមែនទែនទៅមនុស្សដែលមានភាពស្ងប់ស្ងាត់ងាយស្រួលយកចិត្តជាងមនុស្សដែលលេងសើចច្រើនទៅទៀត ព្រោះថាពួកគេមិនសូវជាមានតម្រូវការច្រើន មិនស៊ាំញាំដូចមនុស្សទូទៅ ដូច្នេះប្រសិនបើអ្នកយល់ចិត្តគេតែបន្តិចអ្នកនឹងបានទំនុកចិត្តពីគេភ្លាម។
២.ជាអ្នកស្ដាប់ដ៏ល្អ៖ គេជាមនុស្សប្រភេទនេះហើយ ប្រសិនបើគេត្រូវបាននរណាម្នាក់មកនិយាយពិភាក្សាជាមួយគេៗនឹងព្យាយាមស្ដាប់ ដោយការយកចិត្តទុកដាក់បំផុត ហើយរឹតតែពិសេសជាងនេះទៀតនោះគឺ គេចូលចិត្តស្ដាប់ជាជាងនិយាយច្រើនតែឥតប្រយោជន៍។
៣.អាចទុកចិត្តបាន៖ ពួកគេពូកែលាក់រឿងសម្ងាត់ខ្លាំងណាស់ ដែលអាចឱ្យដៃគូទុកចិត្តបាន ពីព្រោះថាពួកគេដឹងច្បាស់ណាស់ថាការទុកចិត្តលើនរណាម្នាក់មិនមែនជារឿងងាយទេ គេស្គាល់ចិត្តមនុស្សបានច្រើន ដូច្នេះហើយប្រសិនបើអ្នកចង់រក្សាការសម្ងាត់បានល្អ អ្នកគួរតែរើសយកមនុស្សដែលមានភាពស្ងប់ស្ងាត់។
៤.មានការតាំងចិត្តខ្ពស់៖ ពួកគេផ្ចិតផ្ចង់នូវអ្វីដែលខ្លួនគេត្រូវធ្វើបានយ៉ាងល្អជានិច្ច គ្រប់ពាក្យដែលគេនិយាយមកមានបង្កប់រាល់អត្ថន័យ ហើយការសម្រេចចិត្តរបស់គេក៏មិនចាំបាច់សុំយោបល់ពីនរណាឡើយ ព្រោះពួកគេមានទំនុកចិត្តទៅលើអ្វីដែលបានធ្វើ។
៥.ពូកែសង្កេត៖ អាចតាមទាន់រាល់សភាពការណ៍ ផ្លាស់ប្ដូរឥរិយាបថបានលឿន មានភាពវ័យឆ្លាតខ្លាំង ដូចជាអ្នកពាក់សម្លៀកបំពាក់ច្រើនដងដោយសម្លៀកបំពាក់ដដែលក្នុងមួយសប្ដាហ៍ គេអាចមើលដឹងបាន ទាំងដែលអ្នកមិនដែលបានចាប់អារម្មណ៍ខ្លួនឯងផង។
៦.អាចពឹងពាក់ខ្លួនបានគ្រប់ពេលវេលា៖ គេមិនចូលចិត្តពឹងពាក់អ្នកដទៃប៉ុន្មានទេ គេចូលចិត្តឱ្យតម្លៃលើការសម្រេចចិត្តរបស់ខ្លួនឯងជាងយកយោបល់របស់អ្នកផ្សេង។ ពីព្រោះថាពួកគេមិនចូលចិត្តត្រូវឱ្យអ្នកដទៃមកដឹងរឿងរបស់ខ្លួនឯង ហើយមកវែកញ៉ែកជំនួសឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពឯកជនរបស់ពួកគេ។
៧.រឹងមាំ៖ គេមានភាពឯកជនខ្ពស់ នៅម្នាក់ឯង ពឹងពាក់ខ្លួនឯង មានទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង ដែលធ្វើឱ្យគេមានការបត់បែនបានគ្រប់កាលៈទេសៈ ដោយចំណុចខាងលើទាំងអស់នេះហើយធ្វើឱ្យគេមានភាពរឹងមាំទាំងចិត្ត និងកាយ។
មនុស្សដែលមានភាពស្ងប់ស្ងាត់មិនប្រាកដថាជាមនុស្សដែលអ្នកពីបាកយល់ចិត្ត ឬក៏ពិបាកយកចិត្ត ពិបាកចូលទៅក្បែរនោះទេ តែការពិតដែលបានបង្ហាញក្នុងអត្ថបទខាងលើហើយថា ពួកគេងាយយកចិត្ត អាចទុកចិត្តបានថែមទៀតផង ហើយមនុស្សស្ងប់ស្ងាត់ក៏ជាជម្រើសល្អណាស់សម្រាប់ឱ្យអ្នករាប់អាន ហើយនៅពេលនោះអ្នកនឹងបានដឹងច្បាស់ពីគំនិតរបស់មនុស្សស្ងប់ស្ងាត់៕