ភាពស្ងប់សុខនិងសន្តិភាពផ្លូវចិត្ត ជាចំណុចមួយដែលមនុស្សចាប់ពីយុវវ័យឡើងទៅច្រើនស្វែងរកនៅក្នុងពេលមួយដែលជីវិតមានភាពមមាញឹកច្រើន ឬរវល់ច្រើនពេកពិសេសនៅក្នុងបរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ជាបទពិសោធរបស់អ្នកដែលធ្លាប់ជួបបញ្ហាដូចនេះកន្លងមក ក៏បានចែករំលែកជាដំបូន្មានដូចខាងក្រោម៖
១. ធ្វើឱ្យអតីតកាលអ្នកកន្លងទៅដោយភាពស្ងប់សុខ (មិនរំលឹកច្រើន)
ដូចនេះអ្នកអាចផ្តោតលើកិច្ចការបច្ចុប្បន្ន ដោយមិនមានការរំខាន៖ អនុញ្ញាតឱ្យរឿងអតីតកាលមិនល្អកន្លងហួសទៅចុះ ព្រោះអ្នកមិនបានរស់នៅក្នុងចំណុចជមិនល្អនោះទៀតឡើយ ហើយអ្នកក៏មិនចង់ឱ្យវាកើតឡើងនិងជួបវាម្តងទៀតដែរ។ ពេលបច្ចុប្បន្នជាអំណោយថ្មីមួយជាឱកាសថ្មីដែលអ្នកអាចកសាងជីវិតអ្នកឱ្យបានប្រសើរតទៅមុខ។
២. អ្វីដែលអ្នកដទៃគិតមកលើអ្នក ទោះល្អ ឬមិនល្អ អ្នកជាអ្នកសម្រេច
ចំណុចនេះសម្តៅទៅលើនិយមន័យនៃជីវិតមនុស្សម្នាក់ៗ។ អ្នកផ្សេងៗ អាចគិតបែបផ្សេងទៅតាមការយល់ឃើញរបស់ពួកគេ ប៉ុន្តែការពិតនោះមិនមានឥទ្ធិពលអ្វីមកលើនិយមន័យនៃជីវិតអ្នកឡើយ ព្រោះអ្នកគឺជាអ្នកទទួលខុសត្រូវលើជីវិតអ្នកដោយផ្ទាល់ អ្នកជាអ្នករស់នៅជាមួយខ្លួនអ្នកផ្ទាល់ជាអ្នកសម្រេចចិត្ត និងជាអ្នកដឹងពីអ្វីដែលត្រឹមត្រូវសម្រាប់អ្នក។ ដូចនេះកិច្ចការទាំងឡាយដែលជារឿងត្រឹមត្រូវ សមហេតុផល អ្នកអាចធ្វើវាបានទោះបីមានអ្នកគាំទ្រ ឬមិនមានអ្នកគាំទ្រ ព្រោះនេះជាការយល់ឃើញរបស់មនុស្សម្នាក់ៗដែលមានផ្សេងៗគ្នា។
៣. ពេលវេលាបញ្ជាក់ពីអ្វីជាៗច្រើនក្នុងការរស់នៅ
មែនហើយបើអ្នករៀនសង្កេតពីដំណើរធម្មជាតិ គឺមានការប្រែប្រួលបន្តរហូត។ ពេលខ្លះអ្នកអាចសង្កេតឃើញការពិត ទៅតាមពេលវេលាសមគួរណាមួយ អ្នកអាចឃើញពីហេតុ និងផលនិងសភាពពិតក្នុងការរស់នៅ ហើយនោះអ្នកនឹងបានធូរស្បើយទៅតាមពេលវេលានិងសភាពពិតដែលអ្នកបានឃើញ។
៤. គ្មាននរណាម្នាក់អាចទទួលខុសត្រូវលើអ្វីដែលជាសុភមង្គលរបស់អ្នកក្រៅពីរូបអ្នកឡើយ
សុភមង្គល សេចក្តីសុខក្នុងចិត្តអ្នក គឺអ្នកជាអ្នកកំណត់ និងដឹងច្បាស់ក្នុងពេលវេលាមួយដែលអ្នកស្គាល់ច្បាស់ពីខ្លួនឯង។ ដូចនេះ អ្នកនឹងឃើញថា អ្នកដែលអាចទទួលរ៉ាប់រ៉ងលើសេចក្តីសុខនិងចេះបង្កើតភាពសប្បាយរីករាយដល់អ្នកផ្ទាល់នោះគឺអ្នក ដែលជាអ្នកបង្កើតវាឡើងពោលគឺមិនមែនអ្នកផ្សេងផ្តល់ឱ្យអ្នកបានរហូតនោះឡើយ សុខ និងទុក្ខ គឺស្ថិតនៅក្នុងផ្លូវចិត្តដែលអ្នកគួរធ្វើឱ្យចិត្តអ្នករីករាយ ជាជាងផ្តោតទៅលើរឿងមិនល្អដែលជាទុក្ខសោកមិនឱ្យអ្នកធ្វើដំណើរទៅមុខ។
៥. កុំព្យាយាមប្រៀបធៀបជីវិតដែលអ្នកមាន ទៅនឹងជីវិតអ្នកដទៃទៀត
ជីវិតជួបរឿងផ្សេងៗគ្នារស់នៅក្នុងបរិបទផ្សេងគ្នា ជីវភាពផ្សេងគ្នា ដូចនេះអ្នកមិនគួរប្រៀបធៀប ហើយមកកើតទុក្ខនោះទេ។អ្នកអាចសួរខ្លួនឯងថា អ្វីខ្លះដែលអ្នកមានពេលឥលូវនេះហើយអ្នកខ្លះដែលអ្នកអាចប្រឹងប្រែងឱ្យជីវិតអ្នកបានប្រសើរហើយចាប់ផ្តើមធ្វើវាដោយភ្ជាប់នឹងក្តីសង្ឃឹមមកជាមួយផង។ អ្នកអាចចាំថា ជីវិតអ្នកនិងអ្នកផ្សេងៗជួបរឿងហេតុផ្សេងៗគ្នាទាំងអស់នៅក្នុងដំណើរជីវិតមនុស្សម្នាក់ៗនៅលើផែនដីនេះ។
៦. មិនគិតច្រើន បើវាផ្តល់ផលមិនល្អ
មែនហើយ បើការគិតនោះចេញជាប្រយោជន៍ច្រើនអ្នកអាចបន្តគិតគូរថែមទៀតសម្រាប់ដំណើរជីវិតទៅមុខ។ យ៉ាងណាមិញ បើអ្នកទៅជាទម្លាប់គិតច្រើនពេកធ្វើឱ្យខ្លួនពិបាក ឬឈឺទៅវិញ នោះគួរបន្ថយការគិតខ្លះ ដកឃ្លាបន្តិច សម្រាកឱ្យមានថាមពលវិញរួចផ្តោតទៅលើវិធីណាដែលអាចទៅរួច ខ្លីៗ និងល្អសមស្របតាមសមត្ថភាពដែលអ្នកអាចធ្វើបាននិងមិនស្មុគស្មាញច្រើន។
៧. រៀនទម្លាក់ ឬដោះលែងខ្លះ
ចំណុចនេះសម្តៅទៅលើបញ្ហាមួយចំនួនដែលហួសពីសមត្ថភាពរបស់អ្នក។ មែនហើយអ្នកអាចជួយក្នុងកម្រិតមួយតាមលទ្ធភាពរបស់អ្នកផ្ទាល់ ប៉ុន្តែអ្នកមិនអាចដោះស្រាយរាល់បញ្ហាដែលកើតមានទាំងឡាយអស់នោះទេពោលគឺអ្នកត្រូវការជំនួយខ្លះ និងដោះស្រាយតាមសមត្ថភាព លទ្ធភាពរបស់អ្នកប៉ុន្តែអ្នកអាចយល់ឃើញថា គ្រប់បញ្ហាគឺមិនអាចដោះស្រាយឱ្យបានដូចឥតខ្ចោះទៅតាមចិត្តដែលចង់នោះទេ ប៉ុន្តែអ្នកនៅតែព្យាយាមដោះឧបសគ្គទាំងនោះឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ហើយអនុញ្ញាតឬទទួលស្គាល់ខ្លះថា បញ្ហាខ្លះ អ្នកម្នាក់ឯងមិនអាចដោះស្រាយបានគ្រប់ទាំងស្រុងនោះឡើយ៕