ពាក់កណ្តាលឆ្នាំ២០២១នេះ ភ្លេចៗខ្លួនអ្នកអាចសម្រេចកិច្ចការជាគោលដៅអ្នកបានខ្លះ បានតិចតួច ឬបានភាគច្រើនយ៉ាងណាមិញ ការសម្រេចគោលដៅប្រចាំឆ្នាំ ឬគោលដៅធំៗក្នុងជីវិតខាងមុខក៏ត្រូវការការរៀនសូត្រ ស្វែងយល់បន្ថែម ដើម្បីទៅដល់ទីដៅដែលយើងប្រាថ្នា។ តាមរយៈបទពិសោធពីរៀមច្បងខ្លះ ប្រិយមិត្ត ក្រមាប៉ុស្តិ៍ ពិសេសយុវវ័យក៏អាចរៀនសូត្រពីចំណុចទាំងនេះបន្ថែម ជាចំណេះបន្ថែមក្នុងការធ្វើដំណើរទៅកាន់ទិសដៅដែលអ្នកមាន។
1. រៀបចំគោលដៅឱ្យបានជាក់ច្បាស់ឡើងវិញ
មែនហើយ ប្រសិនបើគោលដៅនៅស្រពេចស្រពិល មិនច្បាស់លាស់មកដល់ពាក់កណ្តាលឆ្នាំនេះ អ្នកអាចកែកុន ឱ្យវាបានប្រសើរជាងមុន ច្បាស់លាស់ជាងមុនជាជាងនាំកិច្ចការអ្នកទៅបរាជ័យដែលយើងគ្រប់គ្នាមិនចង់ជួប។ ជាឧទាហរណ៍មួយថា អ្នកចង់បើកអាជីវកម្មលក់អនឡាញតូចមួយនៅឆ្នាំនេះ ជំនួសវិញគឺ អ្នកដាក់លក់សម្ភារៈសម្រាប់កីឡាឡើងភ្នំនៅចុងខែនេះវិញជាដើម។
2. គោលដៅជាក់លាក់ក៏គួរស្របទៅនឹងការពិត
ការពិតត្រង់នេះ គឺសម្តៅទៅលើការទទួលស្គាល់ពីសមត្ថភាពទៅដល់គោលដៅនោះ។ ជាឧទាហរណ៍ជាក់ស្តែងបើអ្នកមិនចូលចិត្តការធ្វើម្ហូប រៀបចំផ្ទះបាយ រៀបចំបន្លែសាច់ នោះទោះបីអ្នកដាក់គោលដៅឆ្នាំនេះថាអ្នកត្រូវធ្វើលើអ្វីដែលអ្នកមិនចូលចិត្តនោះក៏មិនបានប្រសើរលើលទ្ធផលនោះឡើយ។ ផ្ទុយមកវិញ ធ្វើរឿងដែលអ្នកចូលចិត្តមិនផ្តល់សម្ពាធដល់ខ្លួនអ្នក ជាប្រភេទគោលដៅមួយដែលអ្នកធ្វើវាដោយពេញចិត្តមិនដឹងហត់នឿយ នោះលទ្ធផលផ្លែផ្កាគាប់ប្រសើរ មិននៅឆ្ងាយពីអ្នកឡើយ។
3. កំណត់គោលដៅជាជំហានៗ
មែនហើយការទៅដល់គោលដៅធំមួយ គឺតម្រូវឱ្យអ្នកដើរជាជំហានៗ រួមជាមួយភាពអត់ធន់ ទ្រាំនឹងឧបសគ្គនិងមិនបោះបង់។ ដូចនេះមុននឹងបានឈានដល់គោលដៅធំ ដែលបានដៅទុកគឺអ្នកអាចពុះចែកវាជាចំណែកជំហានៗ ដោយរំពឹងមើលពីចំណុចនៃដំណាក់កាលដែលត្រូវដើរ ថាតើជំហានណាខ្លះទើបបានទៅដល់គោលដៅ។ បន្ទាប់មក អ្នកត្រូវចេះធ្វើវាមួយម្តងៗ ផ្តោតធ្វើលើជំហានជាដំណាក់កាល ដែលនាំអ្នកឱ្យសម្រេចបានទៅដល់គោលដៅធំសរុបហើយអ្នកអាចធ្វើវាបាន។
4. រៀនបដិសេធខ្លះ
ពិតមែនហើយ ដំណើរទៅកាន់គោលដៅរមែងមានឧបសគ្គខ្លះជាឧទាហរណ៍សាមញ្ញមួយងាយយល់ អ្នកមានគោលដៅសំខាន់មួយ គឺត្រូវចេញដំណើរទៅបំពេញបេសកកម្មនៅប្រទេសសឹង្ហបុរីនៅល្ងាចថ្ងៃស្អែក ប៉ុន្តែ មិត្តភក្តិ ឬបងប្អូនអ្នកដែលពុំបានដឹង ក៏អញ្ជើញអ្នកទៅជប់លៀងចំថ្ងៃស្អែក។ ដូចនេះប្រាកដណាស់ ចម្លើយទេ គឺពិតជាមាន ព្រោះអ្នកដឹងច្បាស់ថា អ្នកនឹងអាចយឺតពេល ឬខកខានជើងយន្តហោះសម្រាប់ការបំពេញបេសសកម្មការងារ ដែលនិយាយត្រឡប់មកវិញគឺជាការប៉ះពាល់ដល់ដំណើរគោលដៅនោះឯង។
5. មានរង្វាន់ខ្លះ
បើអ្នកជាអ្នកបង្កើតគោលដៅអ្នកផ្ទាល់អ្នកជាអ្នកធ្វើវាដោយផ្ទាល់ អ្នកជាមនុស្សសំខាន់ក្នុងគោលដៅនេះ មែនហើយ ហេតុអ្វីមិនផ្តល់ជារង្វាន់ខ្លះដល់ខ្លួនឯងសម្រាប់បុគ្គលសំខាន់នេះ? អ្នកអាចសម្គាល់ឃើញថា ការឱ្យជាកាដូសម្រាប់ខ្លួនឯង នូវអ្វីដែលអ្នកបានខំប្រឹងប្រែងសម្រេចជាជំហានៗកន្លងមក នោះអ្នកនឹងមានកម្លាំងចិត្តបន្តទៅមុខទៀតសម្រាប់គោលដៅអ្នក។ តែអ្នកក៏គួរចាំមិនភ្លេចថាត្រូវបន្តទៅមុខទៀតក្រោយពេលអ្នកអបអរសាទរខ្លួនឯងជាមួយរង្វាន់លើកទឹកចិត្តខ្លះនេះ។
6. រៀនពីបញ្ហាឱ្យអ្នកមានសិទ្ធិផ្តល់ឱកាសដល់ខ្លួនអ្នក
នៅពេលអ្នកបានខំប្រឹងប្រែងធ្វើកិច្ចការដើម្បីទៅដល់គោលដៅប៉ុន្តែនៅតាមផ្លូវធ្វើដំណើរ អ្នកបានធ្វើកំហុសខ្លះឬមួយតាមផ្លូវធ្វើដំណើរត្រូវជួបរឿងហេតុពិបាកខ្លាំងដែលនាំឱ្យអ្នកនឹងគោលដៅកាន់តែឃ្លាតឆ្ងាយ ប៉ុន្តែគួរចាំថា វាមិនអីនោះទេ។
នេះក៏ព្រោះថា អ្នកគឺជាមនុស្ស ហើយវាជាច្បាប់ធម្មជាតិ សម្រាប់ហេតុ និងផលដែលកើតឡើងជាធម្មតាទៅលើមនុស្សគ្រប់ៗគ្នានៅលើផែនដីនេះ។ អ្វីដែលសំខាន់ៗនោះគឺអ្នកត្រូវរៀនពីបញ្ហានោះ ពិចារណាពីរបៀបដែលអាចដោះស្រាយឧបសគ្គនោះបានហើយបន្តដំណើរទៅឱ្យដល់គោលដៅអ្នកបន្តទៀត ហើយអ្នកពិតជាអាចធ្វើបាន៕