ក្រមាប៉ុស្តិ៍ ធ្លាប់បានបង្ហាញរួចមកហើយ ពីការស្រាវជ្រាវលើបញ្ហាគម្លាតទ្រព្យសម្បត្តិលើពិភពលោក ដែលថ្ងៃក្រោយទៅមនុស្សត្រឹមតែ ១% ប៉ុណ្ណោះអាចកាន់កាប់ទ្រព្យសម្បត្តិដល់ទៅជាងពាក់កណ្តាលពិភពលោក។
នៅថ្ងៃនេះ យើងខ្ញុំសូមបង្ហាញការស្រាវជ្រាវថ្មីមួយទៀត ពីផលប៉ះពាល់នៃបញ្ហាទាំងអស់នេះដែលអាចធ្វើឱ្យមនុស្សប្រមាណ ១ពាន់លាននាក់ ចំណាកស្រុកនៅក្នុងរយៈពេល៣០ឆ្នាំក្រោយ។
លោកបណ្ឌិត Patrick Dixon អ្នកជំនាញផ្នែកព្យាករណ៍ និងយុទ្ធសាស្រ្តបានលើកឡើងថា នៅក្នុងរយៈពេលជាង៣០ឆ្នាំក្រោយ ប្រជាជនជាង១ពាន់លាននាក់ នឹងធ្វើការចំណាកស្រុកទៅកាន់ទីក្រុងនានា ដើម្បីស្វែងរកជីវិតប្រសើរជាងមុន។ លោកថា២៥ឆ្នាំក្រោយ នឹងមានប្រជាជនចំណាកស្រុកមកពីជនបទ ទៅកាន់ទីក្រុងនានា ដូចជាចេញពីប្រទេសចិនចំនួន៣០០លាននាក់ ចេញពីឥណ្ឌាប្រមាណ ៣០០លាននាក់ និងចេញពីទ្វីបអាហ្វ្រិកចំនួន ៤៧៥លាននាក់។
អ្នកជំនាញខាងលើបានបង្ហាញផងដែរថា នៅរយៈពេល២០ឆ្នាំខាងមុខ កំណើនផលិតផលក្នុងស្រុកសរុបពាក់កណ្តាលពិភពលោក នឹងចេញមកពីទីក្រុងចំនួន៤៥០ ដែលមានផ្សាររីកចម្រើនខ្លាំង។ ទីក្រុងទាំងអស់នេះ នឹងបង្កើតទីផ្សារថ្មីធំបំផុតលើពិភពលោក ហើយសាជីវកម្មធំៗនៅលើពិភពលោកនឹងបោះទីតាំង នៅក្នុងផ្សារដែលកំពុងរីកចម្រើនទាំងអស់នោះនៅឆ្នាំ២០៣៥។
លោកបានបញ្ជាក់ថា បញ្ហាមួយដែលធ្វើឱ្យពួកចំណាកស្រុក គឺការស្វះខាតតម្រូវការប្រចាំថ្ងៃ ដូចជាទឹកស្អាតអនាម័យមូលដ្ឋាន និងអាហារគ្រប់គ្រាន់។ ទោះបីជាពិភពលោកផ្លាស់ប្តរ និងរីកចម្រើនយ៉ាងណាក៏ដោយការផ្គត់ផ្គង់នូវរបស់សម្រាប់ទ្រទ្រង់ការរស់នៅជាមូលដ្ឋាន នៅតែមានការខ្វះខាតសម្រាប់ប្រទេសជាច្រើនលើពិភពលោក ជាពិសេសប្រទេសដែលមានប្រជាជនច្រើន។
ពាក់ព័ន្ធនឹងគម្លាតនៃទ្រព្យសម្បត្តិវិញ ការព្យាករណ៍បញ្ជាក់ថា មនុស្សលើពិភពលោកជាងពាក់កណ្តាល កំពុងរស់នៅដោយរកប្រាក់បានតិចជាង៣ដុល្លារក្នុងមួយថ្ងៃ ខណៈកុមារប្រមាណ២២០០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដោយសារតែភាពក្រីក្រ។ ដោយសារតែភាពក្រីក្រី មនុស្សជិត១ពាន់នាក់ អាចនឹងមិនមានសមត្ថភាពរៀនសូត្រចេះដឹងសូម្បីតែការអាន និងការសរសេរ។ បន្ថែមពីលើនេះ ទិន្នន័យបញ្ជាក់ថានៅពេលនោះអាចមានមនុស្សប្រមណ៩៤០លាននាក់ កំពុងរស់នៅក្នុងសភាពអត់ឃ្លាន ខណៈមនុស្ស១ពាន់លាននាក់មិនមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់។ កត្តានេះបានធ្វើឱ្យអត្រានៃការសង្ឃឹមរស់របស់មនុស្សនៅតំបន់ដាច់ស្រយាល ត្រូវថយចុះដោយតំបន់ខ្លះមនុស្សអាចស្លាប់នៅមុនអាយុ ៤០ឆ្នាំ។
ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ អាចនឹងក្លាយជាកម្លាំងដែលមិនអាចបញ្ឈប់។ បទពិសោធន៍នេះយើងធ្លាប់បានឃើញរួចមកហើយ ក្នុងរយៈពេលថ្មីៗនេះ ដែលប្រជាជនចំណាកស្រុកយ៉ាងគំហុក និងមិនអាចទប់បាននៅពេលដែលមានជម្លោះ និងសង្រ្គាមស៊ីវិលនៅតំបន់មួយចំនួនលើពិភពលោក៕