បច្ចុប្បន្ននេះ យើងសង្កេតឃើញថា “ទីផ្សារតាមប្រព័ន្ធអនឡាញ” គឺពិតជាមានសក្តានុពលជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរមានបុគ្គលជាច្រើន បានសម្រេចចិត្តធ្វើនូវអាជីវកម្មលក់ដូរទំនិញនិងសេវាកម្មផ្សេងៗតាមរយៈប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនេះដែរយើងពិនិត្យឃើញថា មានម្ចាស់អាជីវករមួយចំនួនគឺទទួលបានអតិថិជនយ៉ាងច្រើន ព្រមទាំងបានពង្រីកសក្តានុពលរបស់ខ្លួនជាប្រចាំថ្ងៃផងដែរ។ ខណៈដែលអាជីវករផ្សេងទៀតបែរជាលក់មិនដាច់សោះ រហូតដល់ពួកគេបានសម្រេចចិត្តទិញគណនីបណ្តេញសង្គមដែលមានតម្លៃថ្លៃៗ ដើម្បីជួយជំរុញដល់ការលក់ដូររបស់ខ្លួន។
អ្នកប្រាកដជាចង់ដឹងហើយថា ហេតុអ្វីបានជាខិតខំប្រឹងប្រែង និងចំណាយច្រើនបែបនេះហើយនៅតែលក់មិនដាច់ដូចគេទៀត? ការពិតវាមិនពិបាកខ្លាំងដូចអ្វីដែលអ្នកគិតនោះទេ ហើយអ្នកក៏មិនចាំបាច់ចំណាយថវិកាយ៉ាងច្រើនបែបនេះផងដែរ។ ដូច្នេះថ្ងៃនេះក្រុមការងារក្រម៉ាប៉ុស្តិ៍ នឹងបង្ហាញអ្នកពីទិចនិចងាយៗក្ នុងការលក់ទំនិញតាមប្រព័ន្ធអនឡាញឱ្យឆាប់ដាច់។
១) ត្រូវតែញញឹមជានិច្ច
នៅក្នុងការលក់ទំនិញតាមប្រព័ន្ធអនឡាញ អ្នកប្រាកដជាត្រូវធ្វើការ Live Facebook ឱ្យបានញឹកញាប់ និងទៀងទាត់ពេលវេលា។ ជាមួយគ្នានេះដែរតើអ្នកធ្លាប់សង្កេតឃើញទេថា ហេតុអ្វីបានជាអាជីវករផ្សេងៗធ្វើការ Live Facebook ម្តងៗ មានអ្នកចូលទស្សនាជាច្រើនរហូតដល់រាប់ពាន់នាក់។ រីឯម្ចាស់អាជីវករផ្សេងទៀតហេតុអ្វីក៏មានចំនួនអ្នកទស្សនាតិច ឬស្ទើរតែមិនមានសោះតែម្តង?
នេះគឺបណ្តាលមកពីពួកគេតែងតែមានវិធីសាស្រ្តក្នុងការបញ្ចេញស្នាមញញឹមជាប្រចាំ។ ទន្ទឹមនឹងនេះដែរ “ទឹកមុខ” គឺជាកត្តាដ៏សំខាន់មួយ ដែលជួយឱ្យការលក់ដូររបស់អ្នកទទួលបានលទ្ធផលកាន់តែល្អ ហើយក៏គ្មានអតិថិជនណាម្នាក់ដែលចង់ទិញទំនិញពីអ្នកលក់ ដែលមានទឹកមុខមិនសូវជារួសរាយផងដែរ។
ដូច្នេះមិនថាក្នុងការ Live Facebook ឬការលក់ឱ្យអតិថិជនផ្ទាល់នោះទេអ្នកគួរតែញញឹមទៅកាន់ពួកគេឱ្យបានច្រើនហើយត្រូវតែញញឹមចេញពីចិត្តរបស់អ្នកផងដែរពីព្រោះវានឹងជួយឱ្យអ្នកមានចំនួនអ្នកចូលចិត្តច្រើន និងលក់ឆាប់ដាច់។
២) ការប្រើប្រាស់ពាក្យសម្តី
ការប្រើប្រាស់ពាក្យសម្តីក្នុងការនិយាយស្តីទៅកាន់អតិថិជន ក៏ជាផ្នែកមួយយ៉ាងចាំបាច់ ដែលអ្នកលក់មិនអាចខ្វះបានឡើយ។ មិនថាក្នុងការ Live Facebook ផ្ទាល់ ការឆ្លើយតបឆាកទំនាក់ទំនង ដោយការសរសេរឬនិយាយគ្នាផ្ទាល់នោះទេ អ្នកត្រូវតែប្រើពាក្យសម្តីល្អពិរោះស្តាប់ និងមានសីលធម៍ទៅកាន់អតិថិជនគ្រប់ពេលវេលាផងដែរ។ ដូច្នេះ វាជាអ្វីដែលអតិថិជនគ្រប់រូបប្រាថ្នាចង់បានពីអ្នក ពីព្រោះថាមិនមែនត្រឹមតែគុណភាពផលិតផលល្អមួយមុខគឺសុទ្ធសឹងតែអាចទាក់ទាញពួកគេឱ្យមកទិញអ្នកបានជារៀងរហូតនោះទេ។
៣) សេវាកម្មល្អ
ក្នុងការលក់ទំនិញតាមអនឡាញ គឺមានភាពលំបាកបន្តិច ក្នុងការបម្រើសេវាកម្មទំនិញទៅកាន់អតិថិជន ដោយភាគច្រើនអតិថិជនខ្លះគាត់នៅឆ្ងាយតាមបណ្តាខេត្ត ក៏ប៉ុន្តែបច្ចុប្បន្នវាមិនជាបញ្ហាអ្វីនោះទេ ពីព្រោះថាភាពជឿនលឿនខាងផ្នែកដឹកជញ្ជូន គឺពិតជាលក្ខណៈយ៉ាងទូលំទូលាយខ្លាំងមែនទែន។
ដូច្នេះអ្នកគួរតែធ្វើយ៉ាងណាឱ្យទំនិញរបស់អ្នក ទៅដល់ដៃអតិថិជនបានឆាប់រហ័សដោយព្យាយាមរកតំណាងចែកចាយ និងភ្នាក់ងារដឹកជញ្ជូនឱ្យបានច្រើនកន្លែងតាមដែលអាចធ្វើបាន។ វានឹងធ្វើឱ្យអតិថិជនចង់ទិញផលិតផលរបស់អ្នក នៅលើកក្រោយទៀត ពីព្រោះថាសេវាកម្មល្អ និងរហ័សទាន់ចិត្តគឺជាអ្វីដែលពួកគេត្រូវការពីអ្នកយ៉ាងពិតប្រាកដ។
៤) ការប្រូម៉ូត Boost
ការប្រូម៉ូត boost ដែលត្រូវនឹងអតិថិជនគោលដៅដែលអ្នកចង់បាន សមជាមួយផលិតផល។ ការ Boost នីមួយៗ ត្រូវដឹងថាអតិថិជនរបស់អ្នក ក្នុងចន្លោះអាយុណា នៅកន្លែងណា និងមានចំណង់ចំណូលចិត្តលើអ្វី។ នេះនឹងធ្វើឱ្យផលិតផលនៃទំនិញរបស់លោកអ្នក ត្រូវបានជាមួយមហាជននិងស្វែងយល់ដឹងពីអត្ថប្រយោជន៍នៃផលិតផលបានកាន់តែច្រើន។ ហេតុដូច្នេះអ្នកនឹងអាចស្វែងរកឃើញអតិថិជនបានកាន់តែច្រើន ពីវិធីសាស្រ្តមួយនេះ។
យ៉ាងណាមិញគួបផ្សំជាមួយនឹងគុណភាពផលិតផល សេវាកម្មល្អ និងការព្យាយាមរបស់អ្នកថែមទៀតនោះអ្នកប្រាកដជាលក់ដាច់ និងមានអតិថិជនកាន់តែច្រើនឡើងជាក់ជាមិនខានឡើយ។
សរុបមកវិញ ក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញ អ្នកមិនគួរមើលរំលងនូវចំណុចទាំង៤ខាងលើ នេះឡើយពីព្រោះវាពិតជាអាចជួយឱ្យការលក់ដូររបស់អ្នក ទទួលបាននូវលទ្ធផលល្អព្រមទាំងមានប្រាក់ចំណេញខ្ពស់ផងដែរ៕