ថ្វីត្បិតរឿងរ៉ាវស្នេហា គឺជារឿងរបស់មនុស្សពីរនាក់ ដែលផ្ដើមចេញពីក្ដីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក ក៏ដោយ ប៉ុន្ដែបើមានជនទី៣ជ្រៀតចូលឬនរណាម្នាក់រវាងអ្នកទាំងពីរ អូសទាញឱ្យមានជនទីបីមកចូលរួមហើយ ស្នេហារបស់អ្នកនឹងមានការបែកបាក់ ដោយសារតែការក្បត់ចិត្តគ្នាមិនខាន។ យ៉ាងណាមិញទង្វើនៃការក្បត់ខ្លះសូម្បីតែសាមីខ្លួន ដែលក្បត់មិនទាំងដឹងខ្លួនផងដែរថា បានក្បត់ចិត្តគ្នារួចបាត់ទៅហើយ នៅក្នុងអត្ថបទនេះនឹងបង្ហាញអ្នកទាំងអស់គ្នា ពីហេតុផលដែលបណ្ដាលឱ្យមានការក្បត់ចិត្តគ្នា៖
១.មិនយល់ចិត្តគ្នា៖ នៅក្នុងរឿងស្នេហា បើភាគីទាំងសងចាប់ផ្តើមមិនយល់ចិត្តគ្នានោះទេ វាពិតជាពិបាកបន្តទៅមុខទៀតណាស់ ហើយវាជាឱកាសមួយសម្រាប់ជនទីបី ចូលខ្លួនមកជ្រៀតជ្រែកដែលធ្វើឱ្យកើតនូវការក្បត់ចិត្តគ្នា ជាពិសេសមនុស្សស្រី។ ចំពោះមនុស្សស្រីបើស្រឡាញ់នរណាម្នាក់ ហើយតែងតែទាមទារការយល់ចិត្តពីដៃគូរបស់ខ្លួន ហើយប្រសិនបើខណៈពេលនោះអ្នកជាបុរសមិនយល់ចិត្តនាងផង ថែមទាំងស្ដីបន្ទោសឱ្យនាងមិនយល់ចិត្តអ្នកទៀតនោះ។ស្របពេលជាមួយគ្នានេះដែរបើមាននរណាម្នាក់ស្ម័គ្រចិត្តចូលខ្លួនមកលួងលោម យល់ចិត្តស្ដាប់នូវទុក្ខកង្វល់របស់នាង នោះប្រាកដណាស់ថានាងនឹងសម្រេចចិត្តជ្រើសរើសយកគេម្នាក់នោះជាក់ជាមិនខានឡើយ។
២.ទាមទារចំណាប់អារម្មណ៍៖ ទង្វើនៃការក្បត់មួយចំនួនផ្ដើមចេញពីសេចក្ដីស្រឡាញ់ចំពោះដៃគូខ្លាំងពេក ដោយការស្រឡាញ់តែងតែទាមទារនូវចំណាប់អារម្មណ៍ពីគ្នា ឱ្យខ្វល់ខ្វាយជាមួយខ្លួនឯង។ មធ្យោបាយដែលយុវវ័យពេញនិយមនោះគឺ ការធ្វើឱ្យដៃគូស្នេហាប្រចណ្ឌដោយអាចនឹងទៅជាស្និតស្នាលជាមួយអ្នកផ្សេង លេងឆាតទំនាក់ទំនងគ្នាទៅវិញទៅមក ដែលបណ្ដាលឱ្យកើតការមិនទុកចិត្តរួចបង្កជាជម្លោះ។ ហើយសាមីខ្លួនក៏ចេះតែព្យាយាមបញ្ឈីរគ្នា ហើយយូរៗទៅឱកាសស្និតស្នាលជាមួយជនទីបីក៏កាន់តែច្រើនឡើងរហូតដល់ចុងក្រោយពួកគេក៏សម្រេចចិត្តបែកបាក់ស្នេហាដោយមិនដឹងខ្លួន។
៣.ឃ្លាតកាយណាយចិត្ត៖ ស្នេហារឹងមាំបានគឺត្រូវប៉ះប៉ូវដោយពេលវេលា ដែលអ្នកទាំងពីរផ្ដល់ឱ្យគ្នាទៅវិញទៅមក។ ការដែលនៅឆ្ងាយពីគ្នារយៈពេលយូរពេក មិនដែលបង្កើតនូវអនុស្សាវរីយ៍ថ្មីដែលអាចផ្ដល់នូវការចងចាំល្អ មិនយូរទេស្ថានភាពចិត្តរបស់អ្នកនឹងចាប់ផ្ដើមនឿយណាយ ហើយបុគ្គលដែលនៅក្បែរជិតដិតជាងនឹងចាប់ផ្ដើមបង្កើតមនោសញ្ចេតនា។
៤.ទទួលបានក្ដីស្រលាញ់ដែលមិនធ្លាប់មាន៖ ដៃគូមួយចំនួនមិនទាំងយល់ផងថាក្ដីស្រឡាញ់ជាអ្វី? ក្ដីស្រឡាញ់គឺជាការផ្ដល់ឱ្យនូវសេចក្ដីទុកចិត្ត ផ្តល់ការព្រួយបារម្ភ ការយកចិត្តទុកដាក់ ផ្តល់នូវពេលវេលា ភាពស្មោះត្រង់ និងការយល់ចិត្តគ្នា។ ប្រសិនបើអ្នកមិនទាន់បានធ្វើរឿងទាំងនោះទេ ហើយគេក្បត់ចិត្តអ្នកកុំបន្ទោសគេអី ព្រោះមនុស្សម្នាក់ទៀតដែលគេសម្រេចចិត្តជ្រើសរើសទៅចោលអ្នក ប្រាកដជាមានចំណុចទាំងនោះហើយ។
៥.អ្នកទីបីជាមនុស្សដូចអ្នក៖ អ្នកចង់សួរមែនទេថា ប្រសិនបើអ្នកទីបីដូចអ្នកដូច្នេះហេតុអ្វីបានជាដៃគូរបស់អ្នកសម្រេចចិត្តក្បត់អ្នក? ដៃគូរបស់អ្នកទើបតែស្គាល់គេគឺប្រៀបដូចនៅពេលដែលអ្នកចាប់ផ្ដើមស្គាល់គ្នាដំបូង អ្នកយកចិត្តទុកដាក់ជាមួយគ្នាគ្រប់បែបយ៉ាង ជូនទៅគ្រប់ទីកន្លែង តែងតែបង្ហាញមុខនៅពេលត្រូវការ ជួយជាកម្លាំងចិត្តពេលមានទុក្ខលំបាក ប៉ុន្តែក្រោយពេលដែលបានដាក់ចិត្តស្រឡាញ់ជឿជាក់ជាមួយនឹងគ្នាហើយ អ្នកក៏ចាប់ផ្ដើមប្រែប្រួលបាត់អស់រាល់ទង្វើល្អៗកន្លងមក រហូតដល់ពេលបច្ចុប្បន្នបានជួបម្នាក់ទៀតដែលដូចអ្នកកាលពីពេលមុន ហើយក៏សម្រេចចិត្តបញ្ចប់គ្នាជាមួយអ្នក។
ជាចុងក្រោយប្រសិនបើមិនចង់ឱ្យស្នេហាអ្នកឈានដល់ដំណាក់កាលមួយដែលត្រូវជួបរឿងក្បត់ចិត្តទេ អ្នកត្រូវមានពេលវេលាសម្រាប់គ្នាឱ្យបានច្រើន ស្វែងយល់ចិត្តគ្នាទៅវិញទៅមក ជាពិសេសកុំបង្កើតឱកាសឱ្យជនទីបីចូលបានឱ្យសោះ ការឈ្លោះប្រកែកគ្នា ដោយសារតែគ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក ឬមិនយល់ពីគ្នាអាចត្រូវគ្នាវិញបានងាយទេ ប៉ុន្តែបើមានអ្នកទីបីចូលជ្រៀតជ្រែកហើយ គឺពិបាកនឹងមានឱកាសត្រូវគ្នាវិញណាស់៕