ក្រៅពីទំនាក់ទំនងក្នុងសង្គមគ្រួសារជាផ្នែកមួយនៃជីវិត ដែលមិនអាចខ្វះបានរបស់អ្នកហើយអ្នកដែលអាចជាមនុស្សសំខាន់ក្នុងគ្រួសារ ជាមេគ្រួសារឬអនាគតមេគ្រួសារ ក៏អាចបង្កើតជាសុភមង្គលបានមិនថាក្នុងរង្វង់គ្រួសារ ឬសាច់ញាតិរបស់អ្នកដែលអាចផ្តល់ឱ្យពួកគេនូវភាពរីករាយ ដែលមានក្នុងចំណុចមួយចំនួនដូចខាងក្រោមនេះ៖
១. ចំណាយពេលខ្លះជាមួយគ្នា៖
ទោះពេលខ្លះរវល់ច្រើនតែក៏គួរលៃលកពេលវេលាខ្លះសម្រាប់អ្នកផ្ទះបានខ្លះផងដែរ មិនថាពេលតិចតួចក៏ដោយដែលអ្នកអាចឆ្លៀតបាន។ គួរចំណាយពេលខ្លះជាមួយសមាជិកគ្រប់រូបនៃគ្រួសាររបស់អ្នក មិនថាកូនក្មួយតូចៗនិងទោះបីជាពេលវេលាត្រឹម២ទៅ៣នាទីក៏ដោយ ព្រោះថាពួកគេគឺត្រូវការភាពកក់ក្តៅពីអ្នកផងដែរ ក្នុងនាមជាគ្រួសារបងប្អូន និងសាច់ញាតិ។
២. កាយវិការកក់ក្តៅ៖
ជាឧទាហរណ៍ដូចជាការពោលពាក្យល្អៗ លើកទឹកចិត្តសមាជិកគ្រួសារណាមួយ ពេលដែលគេបានធ្វើរឿងល្អៗការបង្ហាញកាយវិការស្និទ្ធស្នាល រាក់ទាក់ចំពោះសមាជិកគ្រួសារសាច់ញាតិបងប្អូន ដែលមកលេងអ្នកជាដើម ព្រោះទាំងពួកគាត់និងអ្នកសុទ្ធសឹងចង់បានភាពកក់ក្តៅពីបងប្អូន និងក្រុមគ្រួសារ។
៣. អនុស្សាវរីយ៍ខ្លះជាមួយគ្នា៖
ប្រាកដណាស់ក្រៅតែពីការជួយទុក្ខធុរៈ ការផ្តល់ភាពកក់ក្តៅយើងក៏អាចឆ្លៀតបង្កើតអនុស្សាវរីយ៍ល្អៗ ដូចជារៀបចំដំណើរកម្សាន្តសម្រាប់គ្រួសារឬទៅជាមួយបងប្អូន ញាតិមិត្តជាដើម។ សំណើចនិងភាពរីករាយច្រើនកើតមានក្នុងដំណើរកម្សាន្ត ព្រមទាំងទំនាក់ទំនងល្អនិងអនុស្សាវរីយ៍ល្អៗ ក៏មានមកជាមួយដំណើរកម្សាន្តលក្ខណៈគ្រួសារនេះផងដែរ ដែលយើងអាចដឹកនាំឱ្យមានជាសុភមង្គលសម្រាប់គ្រួសារ។
៤. មានពេលខ្លះពិភាក្សាពីដំណោះស្រាយបញ្ហា៖
មែនហើយជីវិតគ្រួសារមិនប្រាកដថាដើរដោយរលូននិងភាពរីករាយរហូតនោះទេ ពោលគឺនឹងជួបបញ្ហាខ្លះ ឬភាពល្អក់កករខ្លះ។ ប៉ុន្តែជាជាង ការខឹង អាក់អន់ចិត្ត ឬបង្ហាញភាពមិនពេញចិត្តនោះអ្នកអាចដឹកនាំគ្រួសារឱ្យចេះលើកពីបញ្ហានោះមកនិយាយ ស្តាប់ ពិចារណាថ្លឹងថ្លែង និងព្យាយាមរកដំណោះស្រាយលើបញ្ហានោះវិញ។ បែបនេះគឺបញ្ជៀសជម្លោះផង និងពង្រឹងសាមគ្គីភាពក្នុងគ្រួសារផង។
៥. បង្កើតគំរូល្អៗដល់កូនក្មួយ៖
ជាការពិតអ្នកជាផ្នែកមួយនៃគ្រួសារ ជាមួយគ្នានេះ គំរូល្អៗដល់អ្នកជំនាន់ក្រោយក៏គប្បីមានផងដែរ ព្រោះថា ពួកគេនឹងបន្តគំរូឬរៀនសូត្រពីអ្នកដែលជារៀមច្បងក្នុងគ្រួសារ។ ដូចនេះគំរូដោះស្រាយបញ្ហា គំរូបង្កើតសុភមង្គលគំរូបង្កើតភាពរីករាយក្នុងគ្រួសារអ្នកជាអ្នកដឹកនាំនឹងជាតម្រាប់ដល់កូន ក្មួយអ្នកជាបន្តបន្ទាប់។ ដូច្នេះ សរុបមក អ្នកអាចបង្កើតភាពរីករាយនៅក្នុងគ្រួសារបានដោយលទ្ធភាពរបស់អ្នក និងផ្តល់ជាគំរូល្អដល់កូនៗក្មួយរបស់អ្នកផងដែរ៕