ការរស់នៅអាយុវែងហើយដល់វ័យចាស់ក៏មិនងាយឈឺ ឬទ្រុឌទ្រោមគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប។ មានកត្តាជាច្រើនដែលអ្នកត្រូវធ្វើដើម្បីឱ្យក្ដីប្រាថ្នានេះសម្រេចដូចបំណង។ ដូច្នេះប្រសិនបើអ្នកមានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំង៨ខាងក្រោម អ្នកអាចញញឹមចេញសប្បាយចិត្តបាន ព្រោះវាបង្ហាញថាអ្នកកំពុងមានសុខភាពល្អរស់បានយូរឆ្នាំ។
១. របួសឆាប់ជាសះ
ប្រសិនបើពេលមានរបួសម្ដងៗលើរាងកាយអ្នក វាឆាប់ជាសះស្បើយយ៉ាងងាយនោះ បានន័យថាសមត្ថភាពនៃកំណកឈាមក៏ដូចជា សមត្ថភាពសម្លាប់បាក់តេរីនៃកោសិកាឈាមសក្នុងខ្លួនរបស់អ្នកដំណើរការបានល្អដែលបង្ហាញថា ភាពធន់ក្នុងខ្លួនរបស់អ្នកមានស្ថេរភាព មិនងាយកើតជំងឺណាផ្ដេសផ្ដាសឡើយ។
ផ្ទុយទៅវិញ ប្រសិនបើស្បែករបស់អ្នកងាយកើតស្នាមជាំ ឬសូម្បីតែស្នាមរបួសតូចត្រូវការពេលយូរដើម្បីជាសះស្បើយនោះសូមទៅជួបគ្រូពេទ្យឱ្យបានឆាប់។
២. ទម្ងន់នៅថេរ
ការឡើងឬស្រកទម្ងន់ជាញឹកញាប់ គឺជាសញ្ញាអវិជ្ជមានចំពោះសុខភាពដែលមនុស្សត្រូវតែយកចិត្តទុកដាក់តាមដានឱ្យបានដិតដល់។ ការរក្សាទម្ងន់ឱ្យនៅថេរក្នុងរយៈពេលយូរ ទោះធ្វើអ្វីឬញ៉ាំអ្វីក៏ដោយនោះគឺជាសញ្ញាបង្ហាញថារាងកាយរបស់អ្នកមានសុខភាពល្អ។
៣. គេងលក់ស្រួល
សភាពនៃការគេងដែលមានសុខភាពល្អបំផុត គឺជាការគេងដែលមិនសូវយល់សប្ដិច្រើនឬភ្ញាក់ច្រើនដងក្នុងមួយយប់។ អ្នកដែលមានដំណេកល្អនឹងនាំឱ្យសរីរាង្គខាងក្នុងមានសុខភាពល្អដូចគ្នាស្មារតីច្បាស់លាស់ និងមានរាងកាយរឹងមាំ។ ចំណែកសភាពនៃដំណេកដែលមិនល្អ នាំឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើខួរក្បាលនិងសរីរាង្គខាងក្នុងរបស់មនុស្ស។
៤. ក្រចកពណ៌ផ្កាឈូក
ពណ៌ក្រចកក៏អាចបញ្ជាក់អំពីស្ថានភាពសុខភាពរបស់មនុស្ស ក៏ដូចជាសភាពនៃការបណ្ដេញជាតិពុលក្នុងខ្លួនផងដែរ។ អ្នកដែលមានសុខភាពល្អហើយមានក្រចកពណ៌ផ្កាឈូកបង្ហាញថាឈាម ព្រមទាំងកម្រិតកាល់ស្យូមនិងអរម៉ូន Endocrine ស្ថិតក្នុងកម្រិតធម្មតា មិនលើសក៏មិនខ្វះ។ ក្រៅពីនេះដែរ ក្រចកគឺជាផ្នែកនៃថ្លើម។ ហេតុនេះ សុខភាពក្រចកនឹងជះឥទ្ធិពលទៅដល់សុខភាពថ្លើមដូចគ្នា។ ប្រសិនបើក្រចកអ្នកឡើងស្រអាប់ ឬខ្មៅជាំ ឬលឿងវាបង្ហាញថាសុខភាពថ្លើមរបស់អ្នកកំពុងតែចុះខ្សោយ។
៥. សក់ភ្លឺរលោង
ក្បួនវេជ្ជសាស្ត្របុរាណជឿថា សក់តំណាងឱ្យឈាមក្នុងខ្លួនរបស់មនុស្ស។ កាលណារាងកាយកាន់តែមានសុខភាពល្អ ឈាមក៏កាន់តែច្រើន ដែលនឹងបំពេញក្នុងរាងកាយសក់ក៏នឹងកាន់តែភ្លឺរលោងស្រស់ស្អាតពីក្នុងមកតែម្ដង។ ផ្ទុយទៅវិញប្រសិនបើរាងកាយខ្វះឈាម នោះសក់ក៏នឹងប្រែទៅជាស្កូវ ផុយស្រួយ មិនរឹងមាំនិងមិនស្រស់ស្អាតឡើយ។
៦. មិនសូវមានខ្លាញ់នៅតំបន់ក្បាលពោះ
ខ្លាញ់ក្បាលពោះមិនត្រឹមតែជះឥទ្ធិពលទៅលើរូបរាងកាយខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាតំណាងឱ្យការលើសសម្ពាធឈាម ឈឺទ្រូង គាំងបេះដូង ឬទឹកនោមផ្អែមជាដើម។ ដូច្នេះសូមយកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នក មិនត្រូវញ៉ាំយប់ជ្រៅពេកហើយត្រូវហាត់ប្រាណឱ្យបានជាប្រចាំដើម្បីគ្រប់គ្រងទម្ងន់ និងទំហំចង្កេះរបស់អ្នក។
៧. តែងតែសប្បាយចិត្ត និងមានអារម្មណ៍វិជ្ជមាន
នៅពេលដែលអារម្មណ៍របស់អ្នកសប្បាយ និងវិជ្ជមានវាក៏ជាពេលដែលអង់ហ្ស៊ីមក្នុងរាងកាយរបស់អ្នកធ្វើការបានល្អប្រសើរនិងជួយពន្យារអាយុឱ្យរស់បានយូរ។ ផ្ទុយទៅវិញ អ្នកដែលមានបញ្ហាវង្វេងស្មារតីឧស្សាហ៍កើតទុក្ខនោះគឺជារោគសញ្ញានៃការអស់កម្លាំងផ្លូវចិត្ត ហើយគុណភាពជីវិតក៏ធ្លាក់ចុះដែលងាយនឹងកើតជំងឺផ្សេងៗ។
៨. បន្ទោរបង់រៀងរាល់១ទៅ២ថ្ងៃម្ដង
នេះគឺជាចំណុចដ៏សំខាន់មួយក្នុងការត្រួតពិនិត្យសុខភាព ប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធបន្ទោរបង់។ អាការទល់លាមករយៈពេលយូរ នឹងបណ្តាលឱ្យប៉ះពាល់ដល់ការរំលាយអាហារនិងបញ្ហាអរម៉ូន Endocrine ក៏ដូចជាភាពតានតឹងផ្លូវចិត្ត។
ចូរផឹកទឹកមួយកែវរាល់ព្រឹកដើម្បីជំរុញការបន្ទោរបង់ និងការពារការទល់លាមក។ មិនតែប៉ុណ្ណោះ នេះក៏អាចជំរុញឱ្យឈាមរត់ស្រួលផងដែរ៕