ចូរកុំព្រងើយកន្តើយប្រសិនបើថ្លើមរបស់អ្នកកំពុងត្រូវបានបំផ្លាញ ឬមានបញ្ហា អ្នកនឹងសង្កេតឃើញសញ្ញាទាំង៥យ៉ាងនេះតាមរយៈមាត់របស់អ្នក។
១.ឈាមអញ្ចាញធ្មេញ
ការហូរឈាមតាមអញ្ចាញធ្មេញគឺជាអាការដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់ជួបប្រទះ នៅពេលដែលសុខភាពមាត់ធ្មេញមិនប្រក្រតី។ ប៉ុន្តែទោះជាយ៉ាងណា ការហូរឈាមតាមអញ្ចាញធ្មេញក៏អាចជារោគសញ្ញាព្រមានពាក់ព័ន្ធនឹងជំងឺថ្លើមផងដែរ។
ដំណើរការមុខងារមិនស្រួលរបស់ថ្លើមនឹងបណ្ដាលឱ្យមានបញ្ហាជាច្រើនជាមួយនឹងការបំបែកជាតិពុល ដែលអាចបណ្តាលឱ្យជាតិពុលកកក្ដាំងនៅក្នុងខ្លួនយ៉ាងងាយ និងបំផ្លាញកោសិកា។
នេះក៏អាចបណ្តាលឱ្យភ្នាស Endothelium នៃសរសៃឈាម Capillaries ត្រូវបែកបាក់ដែលធ្វើឱ្យអញ្ចាញធ្មេញទៅជាហូរឈាម។ ដូច្នេះប្រសិនបើអ្នកមានអាការហូរឈាមអញ្ចាញធ្មេញញឹកញាប់ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីការពារពីជំងឺថ្លើម។
២. ឈឺឬដំបៅមាត់
ការខូចខាតនៃថ្លើមក៏អាចបណ្ដាលឱ្យមេរោគជាច្រើនទៅប្រមូលផ្ដុំគ្នាក្នុងថ្លើមបានផងដែរ។ ដូច្នេះហើយ វាអាចបណ្ដាលឱ្យកោសិកាទាំងឡាយដែលមានក្នុងថ្លើមត្រូវខូច ហើយជាលទ្ធផលមុខងារកំណកឈាមក៏នឹងធ្លាក់ចុះទៅៗបង្កឱ្យជាហានិភ័យនៃជំងឺដំបៅមាត់។
៣. របកបបូរមាត់
អាការរបកបបូរមាត់ជាញឹកញាប់តែងតែកើតមាននៅពេលអាកាសធាតុក្ដៅខ្លាំង ដូច្នេះហើយទើបអ្នកត្រូវការផឹកទឹកឱ្យបានច្រើនដើម្បីព្យាបាលអាការនេះ។ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើអ្នកផឹកទឹកច្រើនហើយតែនៅតែមិនបាត់អាការនេះ អ្នកគួរងាកមកគិតអំពីបញ្ហាមេតាបូលីសរបស់ថ្លើមវិញ។ ប្រសិនបើថ្លើមត្រូវបានបំផ្លាញ ឬខូចខាត ដំណើរការមេតាបូលីសនឹងធ្វើការមិនបានស្រួលដែលបណ្ដាលឱ្យទៅជារបកបបូរមាត់ បាត់បង់សំណើមជាដើម។
៤. ក្លិនមាត់មិនល្អ
ក្លិនមាត់មិនល្អភាគច្រើនកើតឡើងមកពីសុខភាពមាត់ធ្មេញមានបញ្ហា។ ប៉ុន្តែប្រសិនបើបញ្ហាក្លិនមាត់របស់អ្នកនៅតែកើតមាន ទោះបីអ្នកបានដុសសម្អាតធ្មេញរួចក៏ដោយនោះ អ្នកគួរតែទៅពិនិត្យមើលភាពមិនប្រក្រតីនៃដំណើរការរបស់ថ្លើមវិញ។ អ្នកដែលមានជំងឺ ឬចុះខ្សោយមុខងារថ្លើមអាចបណ្ដាលឱ្យបរិមាណអាម៉ូញាក់កើនឡើងក្នុងឈាមដែលបង្កទៅជាក្លិនមិនល្អភាយពីក្នុងមាត់មក។
៥. មាត់ស្ងួតហើយឡើងក្រហម ឬជាំ
មនុស្សដែលឆាប់ខឹងមួម៉ៅ ជាញឹកញាប់តែងតែមានបបូរមាត់ឡើងក្រហមនិងស្ងួត ប៉ុន្តែនេះក៏អាចជារោគសញ្ញាព្រមាននៃជំងឺថ្លើមផងដែរ។ ហេតុនេះហើយ ប្រសិនបើបបូរមាត់របស់អ្នកកាន់តែស្ងួតនិងក្រហមឡើងៗ អ្នកគួរតែយកចិត្តទុកដាក់បន្ថែម និងទៅឱ្យពេទ្យពិនិត្យមុខងារថ្លើមរបស់អ្នកភ្លាម៕