ការស្រាវជ្រាវជាចំណុចសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសង្គម ព្រោះគ្រប់ផែនការសកម្មភាពទាំងអស់សុទ្ធតែត្រូវការទិន្នន័យនិងមូលហេតុជាក់លាក់បំផុត។
មិនថាផែនការសិកម្មភាពសម្រាប់សង្គមស្ថាប័នសាធារណៈ ឬស្ថាប័នឯកជននោះទេចាំបាច់បំផុតត្រូវការការព័ត៌មានជាច្រើនឱ្យបានល្អិតល្អន់ទើបអាចអនុវត្តបានដោយមានផលប៉ះពាល់តិច និងទទួលបានផលច្រើន ហើយចំគោលដៅល្អ។ កាលណាខ្វះការស្រាវជ្រាវ ហើយបង្កើតគោលដៅ ឬផែនការសិកម្មភាព ដោយការស្មានស្ថាប័ននឹងអាចប្រឈមជាមួយបញ្ហាជាច្រើនកើតឡើងបន្តបន្ទាប់ឥតឈប់ឈរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានថ្លែងថា គ្រប់ការភិវឌ្ឍអាចរីកចម្រើនទៅបានមិនមែនអាស្រ័យលើភាពចៃដន្យនោះទេ តែវាអាចកើតឡើងបានអាស្រ័យលើការសិក្សាស្រាវជ្រាវ និងវិភាគយ៉ាងច្បាស់លាស់។ ហេតុនេះហើយទើបលោកជំរុញឱ្យអ្នកសិក្សាទាំងអស់ចាំបាច់ត្រូវមើលឃើញពីតម្លៃនៃការសិក្សាស្រាវជ្រាវ និងចាប់ផ្តើមធ្វើការងារដោយការស្រាវជ្រាវឱ្យបានជាក់លាក់។
ដើម្បីជំរុញឱ្យការស្រាវជ្រាវកាន់តែមានលក្ខណៈប្រសើរនិងច្បាស់លាស់ លោកបណ្ឌិត បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន ៨ចំណុចដល់អ្នកសិក្សាទាំងអស់គ្នា។ ចំណុចសំខាន់ទី១ គឺត្រូវគំនិតស្រាវជ្រាវតាំងពីថា្នក់ទាបជាពិសេសថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។ លោកថា ការស្រាវជ្រាវបែបការអនុវត្តងាយៗដែលសិស្សងាយយល់។ សំណើផេ្សងៗទៀត មានជាអារទិ៍ការពិសោធន៍ងាយៗទាក់ទងជីវភាពប្រចំាថ្ងៃ ទសន្សកិច្ចសិក្សាក្នុងក្រុមហ៊ុន ឬរោងចក្រជាដើម។
ចំណុចសំខាន់ទី២ គឺត្រូវបណ្តុះគំនិតឱ្យស្រឡាញ់ការអានការសរសេរ ការត្រឹះរិះការស្រាវជ្រាវ។ ចំណែកឯចំណុចទី៣ លោកណែនាំថា ចាប់ពីកម្រិតឧត្តមសិក្សាឡើងទៅត្រូវតែបញ្ចប់ការសិក្សាដោយការស្រាវជ្រាវ និងសរសេរនិក្ខេបបទ។ ជាក់ស្តែង ការរៀនមិនមែនដើម្បីឱ្យតែបានសញ្ញាបត្រទេតែរៀនដើម្បីឱ្យចេះ ឱ្យមានចំណោះស្មើនឹងសញ្ញាបត្រ និងអាចធ្វើការកើត។
ចំណុចទី៤ ត្រូវបន្ស៊ីការបណ្ដុះបណ្ដាល និងការស្រាវជ្រាវជាមួយនឹងតម្រូវការនៃការងារជាក់ស្ដែង។ចំណុចទី៥ ចាំបាច់ត្រូវបង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្ដាល និងផ្នែកឯកជនក៏ដូចជាផ្នែកសាធារណៈដើម្បីផ្តល់ទីលានដល់និស្សិតអនុវត្តចំណេះដឹងនិងទ្រឹស្ដី។ ចំណុចទី៦ គួរជំរុញឱ្យមានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍នៅតាមអង្គភាពរដ្ឋនិងឯកជន។ ចំណែកឯចំណុចទី៧ ស្ថាប័នស្រាវជ្រាវគួរត្រូវបានផ្តល់ធនធានគ្រប់គ្រាន់សម្រាប់បម្រើការងារស្រាវជ្រាវនិងចំណុចសំខាន់ទី៨ គឺអ្នកស្រាវជ្រាវគួរត្រូវបានយកចិត្តទុកដាក់ខាងផ្នែកជីវភាព៕