ផលិតភាពការងារ ជាអ្វីដែលមនុស្សទូទៅចង់បាន តែអ្វីដែលជាបញ្ហាប្រឈមធ្វើឱ្យពួកគេមិនសម្រេចបាននូវសម្មិទ្ធិផលច្រើន គឺវិធីសាស្រ្តសំខាន់ៗក្នុងការអនុវត្ត។
តាមការបញ្ជាក់របស់ស្ថាប័ន Psychology Today បានឱ្យដឹងថា ស្ថានភាពនិងសង្គមរបស់មនុស្សមិនមែនជាកត្តាសំខាន់ ក្នុងការកំណត់ពីផលិតភាពការងារនោះទេ តែផ្នត់គំនិតនិងវិធីសាស្រ្តអនុវត្ត ទើបជាច្រកមិនអាចខ្វះបានសម្រាប់ជំរុញឱ្យមនុស្សម្នាក់ៗអភិវឌ្ឍបានលឿន។
ខាងក្រោមនេះជាវិធីសាស្រ្ត២យ៉ាង ដែលធ្វើឱ្យការងារទទួលបានប្រសិទ្ធភាពខ្ពស់និងអភិវឌ្ឍបានលឿន៖
១. ធ្វើការងារតម្រូវនឹងទេពកោសល្យ
គ្រប់មនុស្សទាំងអស់ មិនមែនសុទ្ធតែធ្វើការងារត្រូវនឹងទេពកោសល្យរបស់ខ្លួននោះទេ ព្រោះមានមនុស្សខ្លះធ្វើការងារទៅតាមឱកាស ការអូសទាញ ឬដើម្បីតែបំពេញតម្រូវការផ្នែកជីវភាពជាដើម។ ការធ្វើបែបនេះ មិនអាចជំរុញឱ្យគេក្លាយជាមនុស្សដែលធ្វើការងារបានល្អនោះទេ ដោយសារតែគ្រប់សកម្មភាពទាំងអស់ គ្មានកម្លាំងជំរុញពីខាងក្នុង។
ហេតុនេះ ផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗ ដើម្បីឱ្យការងារអាចអភិវឌ្ឍទៅបានប្រកបដោយថាមពល និងវិជ្ជមានមនុស្សម្នាក់ៗចាំបាច់ស្វែងរកអ្វីដែលខ្លួនស្រឡាញ់ ពេញចិត្តបំផុតដើម្បីធ្វើ។ ជាក់ស្តែង មនុស្សយើងម្នាក់ៗមានទេពកោសល្យខុសគ្នា ហេតុនេះប្រសិនបើយើងធ្វើការងារត្រូវនឹងទេពកោសល្យ យើងនឹងមានអារម្មណ៍ថារីករាយហើយធ្វើការងារទាំងអស់នោះដោយមិនចេះធុញទ្រាន់។
២. សរសេរគម្រោងឱ្យបានច្បាស់លាស់
ធ្វើការងារគ្មានគម្រោង គឺប្រៀបបានទៅនឹងការធ្វើដំណើរដោយមិនបានជ្រើសរើសផ្លូវជាមុន។ ការធ្វើបែបនេះគឺផុយស្រួយនឹងប្រឈម ជាមួយឧបសគ្គបំផុត ព្រោះយើងគ្មានគោលជំហរច្បាស់លាស់មួយ ក្នុងការសម្រេចសកម្មភាពនានា។ នៅពេលដែលយើងគ្មានផែនការច្បាស់លាស់ យើងនឹងបណ្តែតបណ្តោយឱ្យខ្លួនឯង រេរាទៅតាមការអូសទាញនៃមជ្ឈដ្ឋានខាងក្រៅ ជាពិសេសឱកាសនានាដែលយើងគិតថា វាធ្វើឱ្យជីវិតរបស់យើងកាន់តែប្រសើរខណៈស្ថានភាពជាក់ស្តែង វាគឺជាកត្តារំខានមួយដល់គោលដៅយូរអង្វែងរបស់យើងក៏ថាបាន។
ហេតុនេះ ប្រសិនបើយើងចេះរៀបចំផែនការរយៈពេលវែងនិងរយៈពេលខ្លីបានច្បាស់លាស់ យើងនឹងអាចធ្វើការងារដោយបុព្វហេតុច្បាស់លាស់មួយ ដើម្បីសម្រេចគោលដៅប្រកបដោយគុណតម្លៃ៕