សុខភាពផ្លូវចិត្តជាចំណុចសំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ព្រោះទោះបីជាមានរាងកាយមាំមួនឬមានថាមពលផ្លូវកាយច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចអភិវឌ្ឍជីវិតបានល្អដែរប្រសិនបើ​ផ្លូវចិត្តមានបញ្ហា។

តាមការចេញផ្សាយរបស់ស្ថាប័ន The Healthy បានឱ្យដឹងថា ផ្លូវចិត្តគឺប្រៀបដូចជាកកម្មវិធីកុំព្យូទ័រ (software)ខណៈរូបរាងកាយរបស់យើងគឺប្រៀបបានទៅនឹងគ្រឿងបង្គុំ (hardware) ហេតុនេះទោះបីជាគ្រឿងបង្គុំល្អប៉ុណ្ណាក៏ដោយ ប្រសិនបើកម្មវិធីមានមេរោគរាងកាយរបស់យើង នឹងមិនអាចដំណើរការបានល្អនោះទេ ផ្ទុយមកវិញវាអាចបណ្តាលឱ្យកើតជាជំងឺផ្លូវកាយថែមទៀតផង ​ប្រសិនបើបណ្តែតបណ្តោយ​ឬមិនយកចិត្តទុកដាក់ថែរទាំងផ្នែកផ្លូវចិត្ត។

ស្ថាប័នខាងលើបានលើកឡើងនូវទម្លាប់សាមញ្ញៗចំនួន២យ៉ាង ដែលអាច​ជួយឱ្យ​យើងគ្រប់គ្នាមាន​សុខភាពផ្លូវចិត្តល្អនិងមានគំនិតវិជ្ជមានសម្រាប់ការរស់នៅ។

១. អានសៀវភៅរាល់ព្រឹក

ពេលព្រឹកជាពេលវេលាសំខាន់ដែលខួរក្បាលរបស់មនុស្សម្នាក់ៗ ស្រលះល្អ គ្មានកង្វល់​និង​មានថាមពលខ្ពស់ជាងភាពតានតឹង។ ហេតុនេះពេលព្រឹកជាពេលដែលថាមពលផ្នែកផ្លូវចិត្ត​រឹងមាំខ្លាំង និងមានថាមពលខ្ពស់បំផុត។

ប្រសិនបើយើងបានចំណាយពេលព្រឹកដើម្បីអានសៀវភៅជាប្រចាំយ៉ាងហោចណាស់៣០នាទី នោះយើងនឹងអាចប្រើប្រាស់ថាមពលដ៏អស្ចារ្យនេះជាមួយនឹងថាមពលនៃភាពវិជ្ជមានសមាធិល្អ និង​គិតបានរហ័ស។ ជាធម្មតា ការអានសៀវភៅជំរុញឱ្យយើង​មានការស្រមើស្រមៃខ្ពស់ រួមជាមួយនឹងការ​ពិចារណាភ្ជាប់មកជីវិតរស់នៅជាក់ស្តែងដែលធ្វើឱ្យខួរក្បាលរបស់យើងទាំងពីរផ្នែក ​អាចភ្ជាប់ទំនាក់ទំនងគ្នាបានល្អបំផុត។

២. សម្រាកឱ្យបានគ្រប់គ្រាន់ និងចេញឱ្យឆ្ងាយពីបណ្តាញសង្គមនៅពេលយប់

ដំណេក ជាពេលវេលាសំខាន់បំផុតសម្រាប់ជីវិត។កាលណាយើងសម្រាកបានគ្រប់គ្រាន់ នោះយើងនឹងមានថាមពល ស្មារតី និង​ភាពច្នៃប្រឌិតខ្ពស់។ ​វាជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍផ្នែកផ្លូវចិត្ត និងរាងកាយ។ ផ្ទុយមកវិញប្រសិនបើយើងសម្រាកមិនបានស្កប់ស្កល់ ឬសម្រាកមិនគ្រប់គ្រាន់ជីវិតយើងម្នាក់ៗនឹងរស់នៅក្នុងអារម្មណ៍ទុក្ខព្រួយ ញ័រទ្រូង ឆាប់ភ័យនិង​ឆាប់បាក់ទឹកចិត្ត។

អ្នកចិត្តសាស្ត្រជាច្រើនសុទ្ធតែបង្ហាញ​ភស្តុតាងដូចៗគ្នាថាបញ្ហាដំណេកមិនគ្រប់គ្រាន់នាពេលបច្ចុប្បន្ននេះកើតឡើងដោយសារតែ​ការប្រើប្រាស់បណ្តាញសង្គមរហូតដល់យប់ជ្រៅខ្លាំងពេក។ ការប្រើប្រាស់បណ្តាញសង្គម ធ្វើឱ្យខួរក្បាលរបស់យើងមិនបានសម្រាកហើយទទួលរឿងជាច្រើននៅពេលថាមពលរាងកាយ​របស់យើងថយចុះ។ ហេតុនេះវានឹងធ្វើឱ្យខួរក្បាលរបស់យើងស្ថិតក្នុង​ដំណាក់កាល ឬរលកខួរក្បាលអាក្រក់។ ស្ថានភាពនេះ នឹងធ្វើឱ្យយើង​មារនអារម្មណ៍មិនល្អពេញមួយថ្ងៃក្រោយពេលងើបពីដំណឹក។បន្ថែមពីលើនេះ ប្រសិនបើយើងស្ថិតក្នុងជីវិតបែបនេះរាល់ថ្ងៃយើងនឹងទទួលរងនូវ​បញ្ហាផ្លូវចិត្តជាក់ជាមិនខាន៕