ទម្លាប់សន្សំប្រាក់តែមួយមុខក៏មិនទាន់អាចធ្វើឱ្យអ្នកគ្រប់គ្រងខ្លួនឯងពីការចាយវាយច្រើនជ្រុល ឬលើសខ្ទង់ចំណាយប្រចាំខែជាដើម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលមានប្រយោជន៍សម្រាប់អ្នកដើម្បីគ្រប់គ្រងហិរញ្ញវត្ថុនិងជួយអ្នកមិនឱ្យចំណាយលើសចំណូល ឬចាយលុយសល់ថ្ងៃ។

១. សាកល្បងវិធីសាស្ត្រថវិកាស្រោមសំបុត្រ

សមតុល្យក្នុងកុងធនាគាររបស់អ្នកតែមួយមុខមិនបានផ្ដល់ឱ្យអ្នកនូវរូបភាពហិរញ្ញវត្ថុមួយដ៏ច្បាស់លាស់បាននោះទេព្រោះវាមិនបានបង្ហាញថាអ្នកត្រូវទូទាត់ផ្សេងៗនៅពេលណា ឬថ្ងៃបង់ Debit នៅពេលណា។

ហេតុនេះហើយទើបវិធីសាស្ត្រថវិកាស្រោមសំបុត្រអាចជួយអ្នកបាន។ សូមសាកល្បងបែងចែកប្រាក់ចំណូលប្រចាំខែរបស់អ្នកតាមផ្នែកចំណាយផ្សេងៗគ្នាដូចជាថ្លៃជួល ឬឥណទាន ថ្លៃគ្រឿងទេស ថ្លៃចំណាយទឹកភ្លើង ថ្លៃកម្សាន្ត និងថ្លៃសាគួសម្រាប់ជំងឺជាដើម។ ក្រោយពីបែងចែកតាមផ្នែកបែបនេះហើយ ចូរដាក់កំហិតការចំណាយរបស់អ្នកឱ្យបានតឹងរ៉ឹងតាមការកំណត់ផ្នែកទាំងនេះ។

ដើម្បីជួយអ្នកបាន កម្មវិធីស្មាតហ្វូនជាច្រើនដូចជា You Need a Budget ជាដើមអាចជួយអ្នកគ្រប់គ្រងការចំណាយនេះ ដោយមានស្រោមសំបុត្រឌីជីលច្រើនទម្រង់និងគិតជាតួលេខឱ្យអ្នកយ៉ាងងាយស្រួល។

២. កាត់បន្ថយចំណាយមិនចាំបាច់ឱ្យបានច្រើនបំផុត

លះបង់ទម្លាប់ជក់ កាត់បន្ថយថ្លៃចំណាយលើគ្រឿងស្រវឹង ប្រើវិធីចំណាយឆ្លាតវៃលើការទិញកាហ្វេប្រចាំថ្ងៃរបស់អ្នកអាចជួយសន្សំប្រាក់ឱ្យអ្នកបានចំនួនច្រើន។ ឧទាហរណ៍ អ្នកធ្លាប់ទិញកាហ្វេប្រេនៗមួយកែវ៣ដុល្លារ/កែវហើយ២ទៅ៣កែវក្នុងមួយថ្ងៃ។ អ្នកអាចទិញត្រឹម១កែវក្នុងមួយថ្ងៃហើយ១ឬ២កែវទៀតអាចផឹកត្រឹមកាហ្វេកញ្ចប់ (3in 1) ឬកាហ្វេធម្មតា អ្នកអាចសន្សំហោចណាស់ក៏៤ទៅ៥ដុល្លារក្នុងមួយថ្ងៃ ហើយមួយឆ្នាំជាង១៤០០ដុល្លារ។

៣. គិតឱ្យបានយូរមុននឹងចុច Click

ការទូទាត់តាមកាតអេឡិចត្រូនិក ឬវិធីទូទាត់ដោយមិនចាំបាច់ប្រើក្រដាសប្រាក់គឺជាភាពងាយស្រួលហើយក៏ជាគ្រោះថ្នាក់ដែលគ្រប់គ្នាតែងធ្វេសប្រហែសដែរ។ គ្រាន់តែចុចប៊ូតុង Pay អ្វីៗដែលអ្នកចង់បាននឹងត្រូវបានរៀបចំហើយដឹកមកដល់ផ្ទះឬទិញបានភ្លាមៗ តែទំហំទឹកប្រាក់ដែលអ្នកមានក៏នឹងហូរចេញស្រួលដូចគ្នា។

ដូច្នេះដើម្បីគ្រប់គ្រងថវិកាបានល្អ ក្រៅពីចំណុច២ខាងលើដែលអ្នកគួរយកចិត្តទុកដាក់ការគ្រប់គ្រងការទិញតាមអនឡាញនេះក៏ជារឿងសំខាន់ដែរ។ ចូរគិតគូរឱ្យបានល្អិតល្អន់បន្តិចថាតើរបស់នោះសំខាន់ដែរឬអត់ ចាំបាច់ដែលឬអត់ ឬបន្ទាន់ឬអត់ទើបអ្នកអាចកាត់ចិត្តក្នុងការចំណាយបានច្រើន។

៤.ទុកការសន្សំជារឿងអាទិភាព

អ្នកសន្សំប្រាក់ភាគច្រើនតែងយល់ថាសន្សំលុយដែលនៅសល់ពីការចំណាយសម្រាប់ខ្លួនឯងជាជាងដកប្រាក់សន្សំហើយសល់ប៉ុន្មានសឹមចាយ។ នេះអាចជាការយល់ខុសដែលធ្វើឱ្យការគ្រប់គ្រងថវិកាមិនងាយបានសម្រេចព្រោះអ្នកមិនបានចាត់ទុកការសន្សំជាអាទិភាព តែជាលំដាប់ទី២ទៅវិញ។ សូមសាកល្បងកំណត់ទំហំទឹកប្រាក់ដែលត្រូវផ្ញើទៅកាន់គណនីសន្សំរបស់អ្នកនៅមួយថ្ងៃបន្ទាប់ពីថ្ងៃបើកប្រាក់ខែ។ ព្យាយាមសន្សំបែបនេះឱ្យបាន៦ខែនៃប្រាក់ខែរបស់អ្នកសម្រាប់រឿងបន្ទាន់ៗ មុនពេលអ្នកចាប់ផ្ដើមសន្សំសម្រាប់គ្រឿងប្រណីតៗដូចជាឡានថ្មី ឬសម្រាប់វិស្សមកាលជាដើម៕