ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ជៀសមិនផុតពីការជួបមនុស្សដែលធ្វើឱ្យប៉ះទង្គិចផ្លូវអារម្មណ៍ ព្រោះតែសួរនាំរឿងផ្ទាល់ខ្លួនឬរឿងមកជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួន។ អ្នកដែលជួបបញ្ហានេះអាចនឹងមានអារម្មណ៍មិនល្អ ឬពិបាកនឹងដោះស្រាយជាមួយមនុស្សប្រភេទនេះ។ ខាងក្រោមនេះគឺជាវិធីដ៏ឆ្លាតវៃទាំង៦យ៉ាងដែលអ្នកអាចយកមកប្រើដើម្បីដោះស្រាយជាមួយមនុស្សដែលចូលចិត្តមកចង់ដឹងចង់ឮ ឬជ្រៀតជ្រែកក្នុងជីវិតរបស់អ្នក។

១. មើលសិនក្រែងលោពួកគេចង់និយាយក្នុងន័យល្អ

មានមនុស្សខ្លះដែលមានសណ្ដានចិត្តល្អដែលចូលចិត្តផ្ដល់យោបល់ឱ្យអ្នកធ្វើបែបនេះធ្វើបែបនោះ ប៉ុន្តែការប្រើប្រាស់ពាក្យសម្ដី ឬអាកប្បកិរិយារបស់ពួកគេអាចនឹងមិនសូវចេះទន់ភ្លន់ ឬប្រើពាក្យពិរោះដូចមនុស្សបោកប្រាស់ទៅវិញ។

ដើម្បីកុំឱ្យវាយតម្លៃមនុស្សខុសអ្វីដែលអ្នកគួរធ្វើដំបូង គឺកុំទាន់បញ្ចេញប្រតិកម្មតប ឬបង្ហាញកាយវិកាប្រឆាំងការផ្ដល់យោបល់របស់ពួកគេ។ អ្នកគួរសង្កេតមើលស្ថានការណ៍ក្រោយការបញ្ចេញយោបល់របស់ពួកគេ ក្រែងលោពួកគេផ្ដល់គំនិតល្អៗដល់អ្នកហើយគ្មានគំនិតអាក្រក់មកលើអ្នក។

២. បែងចែកដែនខណ្ឌឱ្យបានច្បាស់លាស់ជាមួយមនុស្សទាំងនោះ

ជាមួយអ្នកដែលចូលចិត្តជ្រៀតជ្រែកក្នុងជីវិតរបស់អ្នកដទៃ​ អ្នកត្រូវគូរព្រំដែនឱ្យបានច្បាស់លាស់ជាមួយពួកគេ ដើម្បីប្រាកដថាពួកគេមិនឆ្លងកាត់មករកអ្នកបាន។ ប្រើពាក្យឱ្យដាច់ណាត់ ដើម្បីបង្ហាញទំនុកចិត្តរបស់អ្នក និងបង្ហាញអារម្មណ៍ដែល​បញ្ជាក់យ៉ាងច្បាស់ថា អ្នកនឹងមិនទុករឿងរបស់ខ្លួនឯងឱ្យក្លាយជាប្រធានបទកម្សាន្តសម្រាប់អ្នកដទៃឡើយ។ ឧទាហរណ៍៖ "ខ្ញុំមិនចូលចិត្តពិភាក្សាពីរឿងប្រាក់ខែរបស់ខ្ញុំទេ" ។

ចូររៀននិយាយថា “​ទេ”រៀនបដិសេធអ្វី​ដែលអ្នកមិនចង់បាន ឬ​មានអារម្មណ៍ថាមិនពេញចិត្តិ និងឱ្យគេយល់ថាអ្នកមិនចាំបាច់ពន្យល់ប្រាប់អ្នកដទៃអំពីរឿងទាំងនោះឡើយ ហើយក៏មិនចាំបាច់ខ្លាចគេអន់ចិត្តអ្វីដែរ។

៣. កុំមានអារម្មណ៍អាក់អន់ចិត្តចំពោះអ្វីដែលពួកគេនិយាយ

យើងសុទ្ធតែអាចគ្រប់គ្រងអ្វីដែលយើងធ្វើប៉ុន្តែយើងមិនអាចគ្រប់គ្រងអ្វីដែលអ្នកដទៃធ្វើបានទេ។ នោះហើយជាមូលហេតុដែលអ្នកមិនគួរព្យាយាមគ្រប់គ្រងអ្វីដែលអ្នកដទៃនិយាយ មិនថាចំពោះអ្នកផ្សេងឬខ្លួនអ្នកឡើយ។ សូមចាំថា អ្វីដែលអ្នកអាចគ្រប់គ្រងបានគឺថាតើអ្នកមានអារម្មណ៍យ៉ាងណា ពេលឮពួកគេនិយាយ។

គ្រាន់តែធ្វើស្តាប់ពួកគេដោយសុភាពច្បិចយកតែអ្វីដែលវិជ្ជមាន និងផ្តល់​យោបល់ក្នុងន័យស្ថាបនាជាជាងផ្តោតលើ​ការគិតពី​អ្វីដែលពួកគេនិយាយថានឹងអាច​កើតឡើងឬក៏អត់។

៤. ធ្វើមិនអើពើ

មានមនុស្សមួយចំនួនដែលអ្នកមិនអាចជៀសវាងបាន ​ហើយត្រូវ​រក្សាទំនាក់ទំនងបែបនេះក្នុងនាមជាអ្នករួមការងារ ឬអ្នកជិតខាង។ ដូច្នេះប្រសិនបើពួកគេជាមនុស្សដែលចូលចិត្ត​ជ្រៀតជ្រែកចូលក្នុងជីវិតរបស់អ្នកនោះ អ្នកគ្រាន់តែព្រងើយ​មិនអើពើនឹងពួកគេទៅបានហើយ កុំយកមកដាក់ក្នុងចិត្តតែក៏មិនត្រូវឱ្យពួកគេធ្វើអ្វីជ្រុលហួសហេតុពេកដែរ។

៥.កុំចែករំលែករឿងឯកជនជាមួយពួកគេ

ត្រូវ​ចាំថា ព័ត៌មានដែលទាក់ទងនឹងខ្លួនអ្នកសុទ្ធតែជាប្រធានបទដែលមនុស្សភាគច្រើនចង់ដឹង ចង់ឃើញ ហើយ​ឱ្យតែអ្នកណាម្នាក់បានដឹង ហើយពួកគេអាចនឹងយកទៅបង្កើតរឿងនិយាយតៗគ្នាវែងជាងផ្លូវ រីកធំជាងបាល់ទៅទៀត។ ដូច្នេះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ចូរកុំចែករំលែករឿងឯកជនភាពរបស់អ្នកទៅកាន់អ្នកដែលនៅជុំវិញខ្លួន ជាពិសេសផែនការធ្វើអ្វីមួយដូចជាការចេញរកស៊ីថ្មី ការទិញរបស់របរថ្មី ឬអាថ៌កំបាំងផ្សេងទៀត។ ចាំដល់ពេលចេញជាលទ្ធផលផ្លែផ្កាហើយ សឹមបង្ហាញឱ្យឃើញទើបជាមោទកភាព។

៦.កាត់បន្ថយពេលនៅក្បែរមនុស្សបែបនេះ

មធ្យោបាយដ៏ងាយស្រួលបំផុតសម្រាប់អ្នកក្នុងការដោះស្រាយជាមួយអ្នកដែលចូលចិត្តមករវល់ជាមួយការងាររបស់អ្នកដទៃ គឺការកាត់បន្ថយពេលវេលាប្រាស្រ័យទាក់ទងជាមួយពួកគេ។ ប្រសិនបើអ្នកអាច ចូរបង្រួមពេលវេលានិយាយជាមួយពួកគេ ឬបើពេលនិយាយគឺនិយាយតែរឿងដែលត្រូវនិយាយបានហើយ៕