នៅក្នុងការរស់នៅប្រចាំថ្ងៃ យើងឃើញថាមនុស្សគ្រប់គ្នាសុទ្ធតែខិតខំប្រឹងប្រែងបំពេញភារៈកិច្ចទៅតាមភាពសំខាន់របស់ខ្លួនរៀងៗខ្លួន តែមានមនុស្សមិនច្រើនទេដែលទទួលបានជោគជ័យក្នុងការងារ ឬទទួលបានការទទួលស្គាល់ពីសាធារណជនចំពោះសម្មិទ្ធិផលដែលគាត់សម្រេចបាន។
លោកបណ្ឌិត តាន់ មុនីវណ្ណ សហគ្រិនមួយរូបរបស់កម្ពុជា បានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែមានគោលដៅ និងខិតខំប្រឹងប្រែងរៀងៗខ្លួនទៅតាមស្ថានភាពនៅក្នុងជីវិតរស់នៅ តែអ្វីដែលធ្វើឱ្យមនុស្សជាច្រើនមិនសម្រេចគោលដៅជីវិតដោយសារតែពួកគេខ្វះការតាំងចិត្ត និងឆាប់បោះបង់។ លោកថា បុគ្គលដែលសម្រេចជោគជ័យក្នុងការងារនានា ពេលខ្លះមិនមែនជាមនុស្សពូកែពេកនោះទេ តែគេមានការតាំងចិត្តខ្ពស់ក្នុងការបន្តសកម្មភាពរបស់គេរហូតទទួលបានលទ្ធផលដោយមិនបោះបង់ ខុសពីមនុស្សមួយចំនួនដែលមានថាមពលផ្នែកផ្លូវចិត្ត ឬចង់ធ្វើអ្វីមួយតែដំណាក់កាលដំបូងៗ បន្ទាប់មកក៏បោះបង់ចោលនៅពេលធ្វើវាហើយមិនទាន់ទទួលបានលទ្ធផលភ្លាមៗ ឬពេលជួបឧបសគ្គជាដើម។
បណ្ឌិត តាន់ មុនីវណ្ណ បាននិយាយថា៖ « ធម្មតាធ្វើអ្វីក៏ដោយ ក៏មានឧបសគ្គដែរព្រោះមនុស្សជុំវិញខ្លួនយើងពេលខ្លះមិនប្រាកដថាគិតដូចយើងអស់នោះទេ។ ហេតុនេះប្រសិនបើយើងមានគោលជំហរច្បាស់លាស់ថាយើងចង់ធ្វើអ្វីមួយហើយ យើងគួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីធ្វើវាឱ្យចប់ចុងចប់ដើម»។
សហគ្រិន និងជាអ្នកអប់រំខាងលើ បានលើកឡើងផងដែរថា គ្រប់សកម្មភាពទាំងអស់ មិនថាតែការងារនោះជាការងារតូច ឬធំនោះទេ អ្វីដែលយើងត្រូវធ្វើ គឺតាំងចិត្ដដើម្បីបញ្ចប់វា។ ជាទូទៅ មនុស្សដែលមើលងាយស្ថានភាព ឬមើលងាយការងារតូចៗច្រើនតែមិនអាចសម្រេចកិច្ចការងារសំខាន់ៗ ឬការងារធំៗបាននោះទេ ព្រោះពួកគេមានភាពខ្ជីខ្ជារតាំងពីដំណាក់កាលតូចទៅបាត់ទៅហើយ។ ហេតុនេះដើម្បីរក្សាលំនឹងផ្នែកផ្លូវចិត្តឱ្យមានថាមពលបន្តការខិតខំប្រឹងប្រែងដើម្បីសម្រេចការងារសំខាន់ៗ យើងត្រូវចេះយកចិត្តទុកដាក់លើការងារតូចៗដោយបែងចែកវាឱ្យបានច្បាស់លាស់ទៅតាមដំណាក់កាលនីមួយៗ មុននឹងអភិវឌ្ឍទៅរកចំណុចខ្ពស់បំផុត។
លោកថា នៅពេលយើងបានគូសវាសផែនការច្បាស់លាស់ យើងនឹងឃើញថាទម្រាំសម្រេចបានកិច្ចការងារសំខាន់ណាមួយ វាត្រូវការផែនការតូចៗជាច្រើននៅក្នុងនោះ។ ការដែលយើងសម្រេចផែនការតូចៗដោយរៀបរាយ និងទទួលបានជោគជ័យលើរឿងតូចៗទាំងនោះ វាធ្វើឱ្យយើងរីករាយ និងមានថាមពលកាន់តែខ្លាំងក្នុងការដើរទៅរកការសម្រេចកិច្ចការងារជាបន្តបន្ទាប់៕