យើងសង្កេតឃើញថាបច្ចុប្បន្ននេះ និន្នាការនៃការកត់ តវីដេអូ មានការកើនឡើងគួរឲ្យកត់សម្គាល់ដែលរួមមានទាំងវីដេអូកំសាន្តបែបកំប្លែង ការផលិតជាខ្សែភាពយន្ត រឿងបែបអប់រំខ្លី ក៏ដូចជាវីដេអូចែករំលែកនូវចំណេះដឹងនៅលើបណ្តាញសង្គមតាមរយៈវីដេអូ និងវីដេអូចម្រៀងជាដើម។

ថ្ងៃនេះដែរ  ក្រមា ប៉ុស្ដិ៍ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់មកយល់ដឹងបច្ចេកទេសរបស់ លោក សៅ សារ៉ាវ័ន្ត ដែលជាអ្នកជំនាញផ្នែកផលិតវីដេអូ និងដឹងអំពីវិធីសាស្រ្ត ៣ចំណុចធំៗរបស់លោក ដែលជាចំណុចសំខាន់ក្នុងការផលិតវីដេអូប្រកបដោយគុណភាព ព្រមទាំងចំណេញថវិកា និងពេលវេលា ហើយអាចបង្ហាញថាអ្នកក្លាយជាអ្នកជំនាញផលិតវីដេអូពិតប្រាកដ។ វិធីសាស្រ្តទាំងនោះរួមមាន៖

១. ការរៀបចំគម្រោងនៃការផលិតវីដេអូ: មុននឹងធ្វើការផលិតវីដេអូ អ្នកផលិតត្រូវធ្វើការចំណាយពេល ដើម្បីសិក្សាអំពីសាច់រឿងឲ្យបានច្រើននូវវីដេអូដែលត្រូវផលិត ដោយធ្វើការសិក្សាឲ្យបានហ្មត់ចត់អំពីតួអង្គដែលអាចចូលរួមធ្វើ និងជាពិសេសគឺការជ្រើសរើសទីតាំងក្នុងការថតឲ្យមានបរិយាកាសល្អ មានកន្លែងស្នាក់នៅត្រឹមត្រូវប្រកបដោយសុវត្តិភាពប្រសិនបើការផលិតត្រូវប្រើរយៈពេលយូរ ជៀសវាងការមានសម្លេងរំខាននិងសកម្មភាពអសន្តិសុខនានា។

២. ការផលិតវីដេអូ: អ្នកផលិតត្រូវគ្រប់គ្រងពេលវេលា និងក្រុមការងារឲ្យបានល្អ ដោយបញ្ជាក់ពីពេលវេលា និងទីតាំងដែលត្រូវផលិតដើម្បីឲ្យក្រុមការងារបានត្រៀមខ្លួន ហើយត្រូវមានការទទួលខុសត្រូវ និងមានដំណោះស្រាយពេលដែលការផលិតមានបញ្ហាអ្វីមួយ ជាពិសេសត្រូវត្រៀមប្រាក់កម្រៃឲ្យក្រុមការងារ ជៀសវាងការស្តីបន្ទោស និងជំពាក់លុយក្រុមការងារដែលធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធភាពការងារ។

៣. ការកាត់តវីដេអូ:​ អ្នកផលិតវីដេអូត្រូវធ្វើការកត់ចំណាំនូវចំណុចខ្វះខាតដែលខ្លួនចង់កែតម្រូវ និងពន្យល់ ក៏ដូចជាផ្តល់ឯកសារផ្សេងៗដែលជាសាច់រឿងដែលខ្លួនចង់បានទៅក្រុមការងារកាត់តដោយមិនធ្វើឲ្យអ្នកកាត់តពិបាកក្នុងការកែតម្រូវ និងមួយវិញទៀតត្រូវឲ្យអ្នកកាត់តបំពេញការងារដោយជំនាញ និងទេពកោសល្យរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ជៀសវាងការរំខានដល់អារម្មណ៍ ឬក៏ការបង្អាក់នូវចំណុចណាមួយ៕

ប្រភព៖ SVR. Sara Vor