ឈានទៅកាន់វ័យកណ្តាល មនុស្សម្នាក់ៗកាន់តែមានការទទួលខុសត្រូវខ្ពស់ឡើងៗ ដែលទាមទារឱ្យមានការបែងចែកពេលវេលានិងថាមពលច្រើនបំផុត សម្រាប់ឆ្លើយតបជាមួយនឹងទំនួលខុសលើគ្រប់ផ្នែក។ តែទោះជាយ៉ាងនេះក្តី វ័យកណ្តាល ក៏ជាដែលចាំបាច់ត្រូវការការអភិវឌ្ឍសមត្ថភាពផងដែរ បើទោះបីជាពេលវេលាមានតិចតួចក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ពេជ្រ ពិសាល ស្ថាបនិកស្ថាប័នអប់រំ Daily Plus Cambodia បានលើកឡើងថា វ័យកណ្តាលជាវ័យដែលពោរពេញទៅដោយទំនួលខុសត្រូវ ព្រោះប្រសិនបើគាត់ជាអ្នកធ្វើការងារគាត់ត្រូវទទួលខុសត្រូវលើស្ថាប័នការងារប្រចាំថ្ងៃ ការចូលរួមក្នុងកម្មវិធីសង្គម ការជួបជាមួយបុគ្គលគោលដៅដែលត្រូវទាក់ទងនិងបន្ថែមការទទួលខុសត្រូវចំពោះក្រុមគ្រួសារផងដែរ។ ប្រសិនបើគាត់ជាអ្នករកស៊ី គាត់ត្រូវទទួលខុសត្រូវចំពោះលំហូរអាជីវកម្មផ្ទាល់ខ្លួន ការប្រាស្រ័យទាក់ទងជាមួយដៃគូអាជីវកម្ម ការចូលរួមក្នុងកម្មវិធី កសាងទំនាក់ទំនងក្នុងពិភពជំនួញនិងការទទួលខុសត្រូវចំពោះក្រុមគ្រួសារ ឬកូនៗជាដើម។ ហេតុនេះពេលវេលារបស់គាត់ មានតិចតួចណាស់ប្រសិនបើប្រៀបធៀបជាមួយនឹងភាពជាយុវវ័យ ឬវ័យផ្សេងៗទៀត ដែលមានការទទួលខុសត្រូវតូចជាងនេះ។
លោក ពេជ្រ ពិសាល បាននិយាយថា៖ «វ័យកណ្តាល ជាវ័យដែលសកម្មជាងគេ ព្រោះជាវ័យដែលត្រូវការទាំងការដោះស្រាយបញ្ហា និងការអភិវឌ្ឍសមត្ថភាពឆ្លើយតបជាមួយនឹងបញ្ហានានាដែលកំពុងកើតឡើង។ ក្នុងស្ថានភាពនេះ គាត់ត្រូវប្រើប្រាស់ពេលវេលាច្រើនបំផុតក្នុងដោះស្រាយបញ្ហា តែគាត់ក៏ត្រូវការពេលវេលាល្អមួយដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនផងដែរ ដើម្បីឱ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង»។
លោក វិសាល បានបន្ថែមទៀតថា ដោយសារតែកត្តាពេលវេលា និងការទទួលខុសត្រូវនេះហើយ ទើបកន្លងមកគេតែងតែនិយាយថាមនុស្សវ័យកណ្តាលរៀនមិនសូវចូល ឬពិបាកស្វែងរកពេលរៀនជាដើម តែទោះជាយ៉ាងនេះក្តីគាត់មិនអាចចេញផុតពីការអភិវឌ្ឍសមត្ថភាពបាននោះទេ។
ជាដំណោះស្រាយលោក វិសាល ណែនាំថា អ្នកដែលមានការមមាញឹកច្រើន គួរស្វែងរកពេលសិក្សាតាមរយៈអនឡាញ ព្រោះការធ្វើបែបនេះ អំណោយផលល្អសម្រាប់អ្នករវល់ខ្លាំង។ បច្ចុប្បន្ននេះ ការសិក្សាតាមរយៈអនឡាញ មានច្រើនទម្រង់ តែមានទម្រង់មួយដែលល្អ គឺការចូលទៅទិញមេរៀនឬវគ្គសិក្សាសំខាន់ៗដែលយើងត្រូវការ។ ហេតុនេះ យើងអាចរៀនបានតាមរយៈវីដេអូនៅគ្រប់ពេលវេលាទាំងអស់និងគ្រប់ទីកន្លែង។
លោកថា ការធ្វើបែបនេះនឹងធ្វើឱ្យយើងចំណេញច្រើនណាស់ក្នុងការអភិវឌ្ឍជីវិត ព្រោះប្រសិនបើយើងបន្តរៀនជាប់គ្នាត្រឹមតែមួយម៉ោងក្នុងមួយថ្ងៃ នោះយើងអាចរៀនបានរហូតដល់ទៅរាប់រយម៉ោងក្នុងមួយឆ្នាំ។ ការធ្វើបែបនេះនឹងធ្វើឱ្យជីវិតរបស់យើងបន្តអភិវឌ្ឍនិងរីកចម្រើនឥតឈប់ឈរ បើទោះបីជាយើងរវល់ខ្លាំងប៉ុណ្ណាក៏ដោយ៕