នៅក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែមានឧបសគ្គជាច្រើនដែលត្រូវជំនះ ទៅតាមស្ថានភាពរៀងៗខ្លួន។ ហើយក្នុងនោះអ្វីដែលធ្វើឱ្យមនុស្សយើងមានវាសនា និងមានលទ្ធផលខុសគ្នា គឺអាស្រ័យលើអ្វីដែលយើងគិតចំពោះបញ្ហាទាំងអស់នោះ។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃកញ្ញា លឹម លីឆាយ និស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាមុខវិជ្ជានយោបាយ ទស្សនវិជ្ជា និងសេដ្ឋកិច្ច (PPE:Politic, Philosophy and Economic) នៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី (Asian University of Women) នៅប្រទេសបង់ក្លាដែស បានលើកឡើងថា ចំណុចសំខាន់ដែលធ្វើឱ្យយើងក្លាយជាមនុស្ស ដែលមានឆន្ទៈមុះមុត មានថាមពលខ្លាំងក្នុងការដោះស្រាយបញ្ហានានា ដោយមិនខ្លាចឧបសគ្គគឺ គោលដៅជីវិត។ កាលណាយើងមានគោលដៅជីវិតច្បាស់លាស់ យើងនឹងមានរូបភាពប្រកបដោយភាពរីករាយក្នុងក្តីស្រមៃ ឬជាប់ក្នុងអារម្មណ៍របស់យើង។រូបភាពល្អៗទាំងនោះ នឹងជំរុញយើងឱ្យក្លាយជាមនុស្សដែលមានសកម្មភាពប្រកបដោយថាមពល ដែលអាចសម្រេចបានគ្រប់ការងារទាំងអស់ដោយមិនខ្លាចនឿយហត់។
កញ្ញា លឹម លីឆាយ បាននិយាយថា៖«មនុស្សជាច្រើនតែងតែមើលឃើញឧបសគ្គជាច្រើន មុនពេលដែលយើងចាប់ផ្តើមសកម្មភាពណាមួយ។ នៅពេលយើងមើលតែឧបសគ្គខ្លាំងពេក យើងនឹងមិនអាចចាប់ផ្តើមសកម្មភាពប្រកបដោយភាពវិជ្ជមានបាននោះទេ»។
កញ្ញាបានបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះមិនមែនមានន័យថា យើងត្រូវតែរៀបចំសកម្មភាពនានាឬធ្វើអ្វីគ្រប់យ៉ាងដោយមិនគិតពីហានិភ័យនោះទេ តែយើងគួរផ្តោតឱ្យបានច្រើនបំផុតលើគោលដៅចុងក្រោយ ដែលយើងចង់បាន។ គ្រប់គោលដៅទាំងអស់របស់មនុស្ស សុទ្ធតែជារឿងល្អ និងជារឿងរីករាយ ហេតុនេះប្រសិនបើយើងផ្តោតខួរក្បាលលើរឿងរីករាយ ដែលយើងនឹងទទួលបាន យើងនឹងមើលឃើញថាឧបសគ្គនានានៅតាមផ្លូវមិនមែនជារឿងធំនោះទេ។ រាល់ពេលលំបាក យើងនឹងមានកម្លាំងជំរុញមួយ ប្រកបដោយភាពវិជ្ជមាន មករំឮកឬមានថាមពលម្យ៉ាងដែលអាចធ្វើឱ្យយើងមានកម្លាំងដោះស្រាយបញ្ហាបន្តទៀត។
ហេតុនេះយុវតីឆ្នើមខាងលើ បានជំរុញយុវជនជាច្រើនផ្សេងទៀតថា កុំខ្លាចក្នុងការបង្កើតក្តីស្រមៃ ឬកុំខ្វល់ខ្លាំងពេកពីពាក្យសម្តីខាងក្រៅ ដែលបង្អាក់ដល់ការរីកចម្រើនរបស់យើង តែអ្វីដែលសំខាន់គឺយើងត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ថា យើងជានណា? ចង់បានអ្វីឱ្យពិតប្រាកដ និងចង់សម្រេចវានៅពេលណា ឱ្យជាក់លាក់ក្នុងជីវិតដើម្បីដើរឱ្យដល់គោលដៅសំខាន់ដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់ជីវិត៕