ថ្ងៃមួយ ឪពុកអ្នកមានម្នាក់បាននាំកូនប្រុសរបស់គាត់ទៅលេងតំបន់ជនបទដាច់ស្រយាលមួយ ដើម្បីបង្ហាញកូនប្រុសរបស់គាត់ពីរបៀបរស់នៅរបស់អ្នកនៅមូលដ្ឋាននោះ។ ពួកគេបានចំណាយពេលគេងពីរបីថ្ងៃនៅក្នុងកសិដ្ឋានរបស់គ្រួសារក្រីក្រមួយ។

ពេល​ធ្វើ​ដំណើរ​ត្រឡប់​មកផ្ទះ​វិញឪពុក​បាន​សួរ​កូន​ប្រុស​ថា តើ​កូនចូល​ចិត្ត​ដំណើរកម្សាន្តនេះទេ? កូន​ប្រុសឆ្លើយ​ថា "វា​ជាការចង់ចាំដ៏អស្ចារ្យ​ណាស់, លោកពុក”

ឪពុក​បន្តសួរ​កូនថា “តើ​កូន​ឃើញ​ពីការរស់នៅរបស់អ្នកនៅតំបន់នេះទេ?”  ហើយកូនបានរៀនអ្វីខ្លះពីការមកស្នាក់នៅទីនេះ?”

កូនប្រុសឆ្លើយថា “បាទពុក កូនបានឃើញពីការរស់នៅរបស់អ្នកមូលដ្ឋាននេះ។កូនបានឃើញថា “យើងមានឆ្កែ១ក្បាល តែពួកគាត់មានឆ្កែដល់ទៅ៤ក្បាលនិងសត្វចិញ្ចឹមផ្សេងទៀត។យើងមានអាងទឹកនៅកណ្ដាលសួនច្បារ តែគាត់មានព្រែកដ៏វែងអន្លាយនិងបឹងដ៏ធំ។ ផ្ទះយើងមានអំពូលភ្លើង ម៉ាស៊ីនត្រជាក់ តែផ្ទះគាត់អាចឃើញផ្កាយរាប់មិនអស់និងខ្យល់់ត្រជាក់បែបធម្មជាតិ។ យើងមានទីធ្លាខាងមុខផ្ទះបន្តិចសម្រាប់រត់លេង តែគាត់មានវាលស្រែខៀវស្រងាត់ មើលដាច់កន្ទុយភ្នែក។ ម៉ោង១១យប់ ពុកមិនទាន់បានគេងផង តែគាត់ម៉ោង៩គេងលក់ដោយស្កប់ស្កល់។”

យើងតែងទិញអាហារពីក្រៅមកញាំ ប៉ុន្តែពួកគាត់ដាំបន្លែជុំវិញផ្ទះ និងធ្វើម្ហូបដោយខ្លួនឯង។ កូនអាយុ៨ឆ្នាំ មិនទាន់ចេះដាំបាយតែកូនគាត់៦ឆ្នាំ អាចធ្វើម្ហូបដោយខ្លួនឯងបានទៅហើយ។ យើង​មាន​ជញ្ជាំង​ផ្ទះបិទជិត​ ពួកគាត់មិនត្រូវការរបងផ្ទះដោយគាត់មានផ្ទះអ្នកជិតខាង ដែលអាចជួយការពារគ្នាទៅវិញទៅមកនិងអាចជជែកគ្នាលែងពីផ្ទះម្ខាងទៅម្ខាង។

ឪពុក​របស់​ក្មេង​ប្រុស​លឺនូវការរៀបរាប់របស់កូនហើយ ​ក៏មិនបាននិយាយតបតអ្វីទេដោយរំជួលចិត្តនឹងការលើកឡើងរបស់កូន។ បន្តិចមកទៀតកូនប្រុសគាត់ក៏បានបង្ហើបសំឡេងថា “ឃើញការរស់នៅបែបនេះ វាពិតជា​បង្ហាញ​ឱ្យ​កូនឃើញ​ថាគ្រួសាររបស់​យើងទេដែលក្រមែន”។

ជាញឹកញ៉ាប់​យើងតែង​ភ្លេច​អ្វី​ដែល​យើង​មាន ហើយ​ផ្ដោត​លើ​អ្វី​ដែល​យើង​មិន​មាន។ ​អ្វី​ដែល​យើងយល់ថា មានតម្លៃ តែពេលខ្លះវាអាចនឹងគ្មានតម្លៃសម្រាប់អ្នកដទៃ។ អ្វីទាំងអស់គឺផ្អែកតាមទស្សនៈរបស់បុគ្គលម្នាក់ៗ។ ពេលខ្លះ ទស្សនៈរបស់ក្មេង ក៏ជាការក្រើនរំលឹកដល់យើងពីអ្វីដែលសំខាន់និងចាំបាច់ក្នុងការរស់នៅ៕