សព្វថ្ងៃនេះ មានយុវវ័យភាគច្រើនបានចាប់ផ្តើមប្រឡូកនៅក្នុងវិស័យការងាររកសុី និងរស់នៅម្នាក់ឯង ចេញឆ្ងាយពីក្រុមគ្រួសារ ពោលគឺពួកគេចង់បង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងថា ពួកគេជាមនុស្សឯករាជ្យ រឹងមាំនិងតស៊ូជម្នះគ្រប់ឧបសគ្គដែលបានកើតមាននៅក្នុងជីវិត ដោយម្នាក់ឯង។ តែយ៉ាងណាមិញទាំងអស់នេះ ក៏ជាប៉ុន្មានចំណុចចម្បងៗដែលយុវវ័យ គួរសិក្សាស្វែងយល់ឲ្យបានសុីជម្រៅផងដែរ៖

1. រៀនទទួលស្គាល់មេរៀនជីវិត

មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដំណើរការលូតលាស់នៃជីវិតតែងតែជួបប្រទះនូវបញ្ហាត្រូវដោះស្រាយ។ វត្តមានរបស់បញ្ហា មិនមែនកើតឡើងដើម្បីឃាត់អ្នកទុកឲ្យនៅជាមួយនោះទេ ប៉ុន្តែវាដើរមុខងារដ៏សំខាន់ ដើម្បីបង្រៀនអ្នកឲ្យរកវិធីដោះវាចេញដោយខ្លួនឯង។

2. រៀនពីបញ្ហា

ក្នុងអំឡុងពេលដែលកើតមានបញ្ហា គឺជាឱកាសដ៏ល្អមួយដើម្បីអោយមនុស្សលូតលាស់ ឱកាសនោះហើយដែលអាចបង្រៀនអ្នកឲ្យចេះរកដំណោះស្រាយដ៏ល្អបាន។

3.រៀនរស់នៅក្នុងបច្ចុប្បន្នភាព

បច្ចុប្បន្នភាព គឺជាពេលមួយដែលមិនមានការលូកលមរវាងអតីតកាល និងអនាគត។ អ្នកមិនអាចត្រឡប់ទៅកែប្រែកាលៈទេសៈណាមួយក្នុងអតីតកាលឡើយ អ្នកថែមទាំងមិនអាចប្រាកដច្បាស់នូវរឿងរ៉ាវក្នុង អនាគតសោះឡើយ។ ប្រសិនបើអ្នករស់នៅក្នុងបច្ចុប្បន្នភាពប្រកបដោយសេចក្តីសុខ នោះវានឹងអាចជះភាពវិជ្ជមានដល់អតីតកាលនិងអនាគតរបស់អ្នកបានមួយកម្រិតផងដែរ។

4. រៀនតស៊ូដើម្បីក្តីសុបិន្ត

នៅពេលអ្នកធ្វើរឿងអ្វីមួយមិនបានសម្រេចដូចបំណង មិនមានន័យថាអ្នកត្រូវឈប់ធ្វើវានោះទេ។ ឆន្ទៈនិងក្តីសុបិន្តប្រៀបដូចជាដង្ហើមរបស់មនុស្សគ្រប់រូប ពេលដែលអ្នកបោះបង់ចោលវាវានឹងឈប់ដំណើរការ។ យ៉ាងណាមិញក្នុងកាលៈទេសៈណាមួយដែលអ្នកនៅតែបន្ត នោះវាប្រៀបបានដូចជាភាគល្អិតនៃសំណុំក្តីសុបិន្តរបស់អ្នកផងដែរ៕