គិតមកទល់ពីពេលនេះលោក Itthipat Peeradechapan ឬហៅក្រៅថា"Tob”មានអាយុ៣៦ឆ្នាំ ហើយប៉ុន្តែលោកនៅតែជានិមិត្តរូបសម្រាប់សហគ្រិនវ័យក្មេងជំនាន់ក្រោយ។លោកគឺជា ស្ថាបនិកនៃក្រុមហ៊ុនចំណីអាហារនិងទីផ្សារ Taokaenoiជាប្រេនអន្តរជាតិល្បីនៅទូទាំងអាស៊ីហើយប្រិយមិត្តក៏អាចស្គាល់លោកដោយសារផលិតផលក្រុមហ៊ុននេះគឺសារាយ ថៅកែណយ។
យ៉ាងណាមិញបើក្រឡេកទៅមើលរឿងរ៉ាវជីវិតរបស់សហគ្រិនជនជាតិថៃរូបនេះវិញគឺកើតចេញពីការស៊ូជំនះឧបសគ្គច្រើនតាមវិធីផ្សេងៗ មិនងាយបោះបង់ទម្រាំលោកក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានទាំងនៅវ័យក្មេង ហើយចូលក្នុងបញ្ជីមហាសេដ្ឋីថៃទាំង៥០រូប ដែលមានជាងគេទៀតផង។ងាកទៅមើលរឿងរ៉ាវ៤ដែលយើងអាចរៀនពីមហាសេដ្ឋីថៃរូបនេះដូចខាងក្រោម៖
១.លោកTobធ្លាប់ជាអ្នកវក់ហ្គេមឈប់រៀន តែក្លាយជាអ្នករកស៊ីនៅវ័យ១៩ឆ្នាំដោយចិត្តអំណត់ និងស្រលាញ់
សេដ្ឋីសារាយបំពងរូបនេះបានសារភាពថាលោកពិតជាអ្នកញៀនហ្គេមមែនកាលនៅជាយុវជនជំទង់។នៅអាយុ១៦ឆ្នាំលោកញៀនហ្គេមមែនទែនរហូតភ្លេចការសិក្សាដែលលទ្ធផលត្រូវធ្វើឱ្យលោកឈប់ពីរៀន១ឆ្នាំក្រោយហើយបែកគំនិតរុញរទេះដើរលក់គ្រាប់កៅឡាក់(Chestnut)។
ទោះយ៉ាងណាដោយសារការចេះសង្កេត ចេះច្នៃបំពងគ្រប់កៅឡាក់ឱ្យមានរសជាតិធ្វើឱ្យអាជីវកម្មប្រថុយប្រថានមួយចានទឹកមួយចានគោកនេះ រីកចម្រើនជាហូរហែទៅវិញរហូតដល់វ័យ១៩ឆ្នាំលោកអាចមានទុនបើកទីតាំងបាន ៣០កន្លែងមានទាំងជួលបុគ្គលិក៥០នាក់និងអាចរកចំណូលបាន១ខែប្រមាណ ជាង៨ម៉ឺនដុល្លារទៀតផង។
២.“ថៅកែណយ"ជាឈ្មោះហៅក្រៅដែលប៉ាលោកដាក់ឱ្យលោក
“ថៅកែណយ" ប្រែជាភាសាខ្មែរមានន័យថា “ថៅកែ តូច"ជាឈ្មោះដែលប៉ាលោកTob ហៅចំអន់លេងព្រោះតែអត្តចរិតរបស់លោកកាលនៅតូច។
ពេលវេលាកន្លងទៅផលិតផលកៅឡាក់លែងជាទីពេញនិយមទៀតហើយណាមួយ បញ្ហាចំណាត់ការថ្មីខាងផ្សារទំនើបមិនអនុញ្ញាតឱ្យទីតាំងសម្រាប់លក់កៅឡាក់ទៀតដោយសារផ្សែង និងក្លិនរបស់វាដូចនេះ កៅឡាក់របស់ Tobត្រូវបិទ។ តែលោកមិនបានបោះបង់ឡើយដោយកើតជាគំនិតថ្មីមួយក្រោយពេលមួយដែលលោកបានភ្លក្សសារាយបំពង ដែលមិត្តស្រីលោកយកមកឱ្យញ៉ាំកំដរមាត់ហើយគិតថា បើធ្វើជានំសារាយបំពងមានវេចខ្ចប់ត្រឹមត្រូវសម្រាប់លក់ព្រោះថាសម័យនោះពុំទាន់មានលក់ជាធំដុំឬមានជាម៉ាកផលិតផលត្រឹមត្រូវនោះទេ។ ទីបំផុត Tob ស្វះស្វែងស្វែងយល់ និងរៀនពីរបៀបធ្វើសារាយចម្អិន និងប្រមូលគៀងគរទុនវិនិយោគរហូត រោងចក្រផលិតសារាយបំពងTaokaenoi លេចចេញជារូបរាងឡើង។
៣.ការប្រឹងប្រែងមិនមែន១ថ្ងៃហើយនិងជោគជ័យទេ
សារាយបំពងថៅកែណយចាប់ផ្តើមចេញលក់ដំបូងនៅក្នុងហាងម៉ាត 7-Eleven នៃប្រទេសថៃហើយលើកដំបូងទទួលបានចំណូលពីការលក់បានតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ Tobសម្គាល់ឃើញថាកញ្ចប់សារាយរបស់លោកត្រូវបុគ្គលិកហាងរៀបដាក់នៅធ្នើខាងក្រោមទើបអតិថិជនថ្មីៗច្រើនមិនបានឃើញ។ ដូចនេះTob បាននិយាយសុំឱ្យអ្នកគ្រប់គ្រងហាងម៉ាត ជួយដាក់កញ្ចប់ផលិតផលសារាយបំពងនៅក្បែរបុគ្គលិកគិតលុយវិញ ដើម្បីងាយស្រួលអតិថិជនអាចមើលឃើញ។ ហើយពិតជាមានប្រសិទ្ធិភាពជាលទ្ធផលនៃការប្តូរកន្លែងការលក់ក៏កើនឡើងមិនគួរឱ្យជឿ។ នៅឆ្នាំ២០០៨ ការលក់បានដល់កម្រិត៣០លានដុល្លារអាមេរិក។ ហើយ Tobអាចប៉ាន់ស្មានបានថាជំនួញរបស់លោក នឹងជោគជ័យ។ហើយដូចការរំពឹងទុកពេលនេះ ថៅកែណយមានទីផ្សារជាង៤០ប្រទេសនៅជុំវិញពិភពលោក។ ហើយលោក Tob ជាបុគ្គលដែលមានទ្រព្យសម្បត្តិ៦០០លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៨។
៤.ឧបសគ្គដែលក្តីស្រលាញ់លោកមិនចុះចាញ់
ក្នុងឈ្មោះជាអ្នកប្រលូកក្នុងការរកស៊ីអ្វីៗពុំមែនងាយស្រួលនិងដើររលូនរហូតដូចការគិតនោះឡើយ។ត្រលប់ទៅឆ្នាំ២០១១ទឹកជំនន់បានវាយប្រហារលិចលង់នៅប្រទេសថៃ រួមទាំងរោងចក្រថៅកែណយយ៉ាងណាមិញ Tob ពុំបានឈប់ចុះឧបសគ្គទាំងនេះទេដោយការប្តេជ្ញា និងក្តីស្រលាញ់Tob បានប្រើពេល៣ខែស្តាររោងចក្រផលិតសារាយបានព្រមទាំងដំណើរការឡើងវិញព្រមទាំងទទួលបានជោគជ័យរហូតមកទល់សព្វថ្ងៃទៀតផង។ គួរបញ្ជាក់ផងដែរដោយសារភាពជោគជ័យនេះខ្សែជីវិតរបស់លោក Tobត្រូវបានគេសរសេរនិងផលិតជាភាពយន្តស្តីពីប្រវតិ្តម្ចាស់ថៅកែណយរូបនេះផ្ទាល់ ដែលមានចំណងជើងថា TheBillionaire រហូតទទួលបានការគាំទ្រជាច្រើនលើភាពយន្តមួយនេះពិសេសពីសំណាក់សហគ្រិនជំនាន់ក្រោយ៕