១. លាងមុខដោយប្រើទឹកអង្ករ
អង្ករធម្មជាតិសម្បូរទៅដោយវីតាមីនល្អៗ ជាតិរ៉ែនិងសមាសធាតុអង់ទីអុកស៊ីដង់ ដែលមានជួយការពារស្បែកពីការវិវត្តទៅរកភាពចាស់ជាងវ័យធ្វើឱ្យស្បែកមុខសភ្លឺថ្លា។ លាងសម្អាតមុខដោយប្រើទឹកអង្ករ គឺជាវិធីថែរក្សាសម្រស់តាមបែបធម្មជាតិដែលពេញនិយមបំផុតសម្រាប់នារីៗក្នុងប្រទេសនៅអាស៊ីជាពិសេសនៅប្រទេសជប៉ុន។ អ្នកអាចចាក់អង្ករធម្មជាតិមួយពែងចូលទៅក្នុងចានគោមស្អាតមួយ លាងអង្ករនោះថ្នមៗដោយប្រើទឹកស្អាតដើម្បីសម្អាតធូលីចេញ។ បន្ទាប់មកចាក់ទឹកថ្មីដើម្បីលាងអង្ករម្ដងទៀតដោយត្រាំវាទុកប្រមាណ១៥នាទីរួចត្រងយកទឹកនោះទុកប្រើ។
យកទឹកដែលត្រងនោះមកដាក់ក្នុងកែវ ឬក្រឡមួយដាក់ក្នុងសីតុណ្ហភាពបន្ទប់ធម្មតា១ទៅ២ថ្ងៃដើម្បីចេញសារធាតុចិញ្ចឹម។ នៅពេលដែលទឹកអង្ករនោះចេញក្លិនរាងជូរបន្តិចហើយ អ្នកអាចប្រើវាមកលាងមុខបាន។ បន្ថែមទឹកស្អាតប្រហែល១ទៅ២ពែងទៅក្នុងទឹកត្រាំអង្ករនោះ ហើយយកមកលាងមុខនិងសក់របស់អ្នក។ ប្រសិនបើទឹកអង្ករនោះប្រើមិនអស់ទេ អ្នកអាចរក្សាវាទុកក្នុងទូរទឹកកកទុកប្រើលើកក្រោយបាន។
ប៉ុន្តែប្រសិនបើអ្នកមិនចង់ចាំទាល់តែទឹកអង្ករនោះចេញជាតិដោយរង់ចាំ១ទៅ២ថ្ងៃទេ អ្នកក៏អាចប្រើទឹកដែលលាងអង្ករនោះស្រស់ៗ ភ្លាមៗបានដែរ។
២. ប្រើស្បៃហ្វូមដើម្បីលាងមុខ
ស្រីៗគួរតែប្ដូរពីការលាបហ្វូមលាងមុខផ្ទាល់លើស្បែកមុខហើយងាកមកប្រើស្បៃឬកំណាត់ទន់ៗលាងវិញ។ ការដុសហ្វូមឬទឹកលាងមុខផ្ទាល់លើស្បែកនឹងធ្វើឱ្យស្បែកលែងសូវតឹងណែន ហើយអាចជ្រីវជ្រួញ។
ដើម្បីដោះស្រាយបញ្ហានេះអ្នកអាចប្រើស្បៃហ្វូមវិញ ដោយគ្រាន់តែដាក់ទឹកឱ្យសើម ហើយយកមកត្រដុសលើបាតដៃឱ្យចេញពពុះឬសាច់ហ្វូម បន្ទាប់មកយកមកត្រដុសលើស្បែកមុខថ្នមៗ។ ធ្វើបែបនេះអ្នកអាចសម្អាតមុខបានស្អាត ដោយនៅតែមានសភាពទន់រលោង មិនរបកស្បែក។
៣. ផឹកតែបៃតងជំនួសឱ្យកាហ្វេ
ប្រសិនបើអ្នកត្រូវការជាតិកាហ្វេអ៊ីនដើម្បីពង្រឹងស្មារតីធ្វើការនៅពេលព្រឹកឬពេលថ្ងៃក្រោយបាយរួច ស្រីៗគួរតែផឹកតែជំនួសឱ្យកាហ្វេទើបជាការល្អ។ តែបៃតងមានប្រសិទ្ធភាពជួយឱ្យអ្នកមានស្មារតីល្អ មានសមាសធាតុការពារភាពចាស់និងជួយដល់ការសម្រកទម្ងន់។ ប៉ុន្តែអ្នកគួរដឹងថាមិនគួរផឹកតែចាស់ពេក ហើយផឹកវានៅពេលបាយឬញ៉ាំអាហាររួចទើបមិនប៉ះពាល់សុខភាព។
មិនតែប៉ុណ្ណោះ អ្នកក៏អាចប្រើម្សៅតែបៃតងដើម្បីលាបមុខបានដែរ។ នេះក៏ជាវិធីសាស្ត្រដ៏ពេញនិយមមួយទៀតសម្រាប់នារីជនជាតិជប៉ុន។ វិធីធ្វើគឺលាយម្សៅតែបៃតង១ឬ២ស្លាបព្រាកាហ្វេ ហើយដាក់ទឹក១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ។ លាយល្បាយនេះចូលគ្នាឱ្យសព្វរួចលាងលើសាច់មុខទុកចោល២០នាទី បន្ទាប់មកទើបលាងមុខចេញដោយទឹកស្អាត។ ប្រសិទ្ធភាពរបស់ម៉ាសតែបៃតងនេះជួយកម្ចាត់ភាពជ្រីវជ្រួញ បន្តឹងរន្ធញើសនិងសម្អាតស្បែកពីខាងក្នុង។
៤. ការពារស្បែកមុខកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក
ដើម្បីបានស្បែកមុខស្រស់ស្អាតស្រីៗត្រូវការពារស្បែកមុខពីកាំរស្មីយូវី ដែលអាចទៅបំផ្លាញស្បែក ធ្វើឱ្យឆាប់ចាស់ជាងវ័យជ្រីវជ្រួញ និងបែកស្រកា។ ដូច្នេះហើយ ចូរទម្លាប់លាបឡេការពារកម្ដៅថ្ងៃឱ្យបានជាប្រចាំនិងប្រើប្រដាប់ការពារកម្ដៅដូចជាពាក់មួក វែនតាខ្មៅដើម្បីការពារស្បែក ជាពិសេសក្នុងរដូវក្ដៅឬពេលមេឃបើកថ្ងៃខ្លាំង។
៥. ទម្លាប់លាងមុខនិងដុសធ្មេញមុនចូលគេងរាល់យប់
វិធីមួយនេះមានភាពសាមញ្ញប៉ុន្តែមានសារសំខាន់ខ្លាំងនឹកស្មានមិនដល់។ ការដុសធ្មេញមុនចូលគេងជារៀងរាល់យប់ជួយការពារធ្មេញរបស់អ្នកពីបាក់តេរីដែលបណ្ដាលឱ្យពុកធ្មេញរលាកអញ្ចាញ និងក្លិនមាត់មិនល្អ។ ចំណែកការលាងសម្អាតមុខមុនចូលគេងនឹងជួយការពារស្បែកពីការកើតមុន ការពារភាពចាស់ ជាពិសេសសម្រាប់នារីដែលត្រូវ Makeup ជាប្រចាំ។ ក្រៅពីនេះការលាងមុខរាល់យប់នឹងជួយឱ្យស្បែកអាចដកដង្ហើមបានស្រួល និងលូតលាស់បានល្អ៕