សម្រស់ផ្ទៃមុខ គឺជារឿងដ៏សំខាន់របស់ស្រីៗប៉ុន្តែជួនកាលដោយសារតែរវល់ច្រើនពេក ទើបមិនសូវមានពេលថែរក្សាស្បែកមុខឱ្យបានរាល់ថ្ងៃឬដិតដល់។ ទោះជាយ៉ាងណា អ្នកនៅតែអាចធ្វើវាបាននៅពេលយប់ដោយប្រើរូបមន្តបែបធម្មជាតិល្អៗដោយធ្វើជាម៉ាសបិទលើផ្ទៃមុខ ជួយឱ្យស្បែកមុខឡើងភ្លឺរលោងថ្លាពីខាងក្នុង។
១. ម៉ាសទឹកឃ្មុំនិង Oatmeal
វិធីនេះងាយបំផុតអ្នកគ្រាន់តែលាយទឹកឃ្មុំ២ស្លាបព្រាបាយ ជាមួយគ្រាប់ធញ្ញជាតិ Oatmeal ២ស្លាបព្រាបាយដូចគ្នា។ ដើម្បីកាន់តែមានប្រសិទ្ធភាពនិងក្លិនក្រអូបដល់ស្បែកមុខអ្នកអាចបន្ថែមទឹកផ្កាកូលាបពីរបីតំណក់ កូរឱ្យសព្វ ហើយលាបលើស្បែកមុខទុកចោលពេញមួយយប់។ បន្ទាប់មក អ្នកត្រូវលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់ ពេលក្រោកពីដំណេក។
អត្ថប្រយោជន៍នៃ Oatmeal គឺជាសមាសធាតុបកស្បែក ឬកោសិកាចាស់ៗតាមបែបធម្មជាតិដោយគ្មានបង្កគ្រោះថ្នាក់ ចំណែកទឹកឃ្មុំវិញជួយបន្ថែមសំណើមដល់ស្បែកយ៉ាងជ្រៅ។ ម៉ាសមួយប្រភេទនេះមានប្រសិទ្ធភាពខ្លាំងចំពោះស្បែកមុខដែលមានជាតិខ្លាញ់និងមានមុនច្រើន ហើយអាចប្រើ២ដងក្នុងមួយសប្ដាហ៍។
២. ម៉ាសយ៉ាអួនិងទឹកឃ្មុំ
លាយទឹកឃ្មុំ១ស្លាបព្រាកាហ្វេជាមួយយ៉ាអួ១ស្លាបព្រាកាហ្វេលាបលើស្បែកមុខទុកចោលមួយយប់។ យ៉ាអួមានផ្ទុកអាស៊ីតឡាក់តិចដែលជួយបកកោសិកាចាស់ៗនៅលើស្បែក និងការពារការកើតមុន។ ចំណែកទឹកឃ្មុំជួយផ្ដល់សំណើមដល់ស្បែក និងធ្វើឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។
៣. ម៉ាសត្រសក់ និងប្រេងអូលីវ
លាយទឹកត្រសក់ដែលកិនឬច្របាច់យកតែទឹកចំនួន២ស្លាបព្រាបាយ ជាមួយប្រេងអូលីវ១ស្លាបព្រាបាយរួចកូរឱ្យសព្វ។ លាបម៉ាសនេះនៅលើមុខទុកចោលមួយយប់ ហើយលាងសម្អាតចេញនៅពេលព្រឹកក្រោកពីគេងជាមួយទឹកត្រជាក់។ ត្រសក់មានប្រសិទ្ធភាពធ្វើឱ្យត្រជាក់ស្បែកដែលជួយកាត់បន្ថយអាការរមាស់និងរក្សាតុល្យភាព pH ពីធម្មជាតិរបស់ស្បែក រីឯប្រេងអូលីវជួយបន្ថែមសំណើមដល់ស្បែកនិងបង្កើនភាពទន់របស់ស្បែក៕