ការធ្វើសមាធិ ជាវិធីដ៏ល្អបំផុតមួយសម្រាប់រក្សាសុខភាពផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹងបានល្អប្រសើរ។ដូច្នេះយើងគួរតែ ចំណាយពេលវេលាពី ១០ទៅ១៥នាទីក្នុងមួយថ្ងៃ ទៅអង្គុយកន្លែងស្ងប់ស្ងាត់មានផាសុខភាព ខ្យល់អាកាសបរិសុទ្ធ ហើយធ្វើសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗ។
អ្នកជំនាញសមាធិជាច្រើនលើកឡើងថា៖ ពេលយើងចាប់ផ្តើមប្រតិបត្តិដំបូងយើងហ្វឹកហាត់រយៈពេល៥នាទីសិនបានហើយ ចាំព្យាយាមបន្ថែមបន្ថែមរយៈពេលរឿយៗ រហូតដល់ ១ម៉ោងឬ២ម៉ោង តាមលំដាប់។ ការហ្វឹកហាត់សមាធិចិត្តនេះ ត្រូវធ្វើជាប្រចាំកំណត់គោលដៅពេលវេលាអង្គុយសមាធិអោយច្បាស់លាស់ មានន័យថា បើយើងកំណត់ថាអង្គុយសមាធិអោយបាន៣០នាទី យើងត្រូវធ្វើតាមសន្យាខ្លួនឯងអោយបានធ្វើជាទៀងទាត់ រហូតក្លាយជាទម្លាប់។
ព្រះតេជគុណ គូ សុភាព មានសង្ឃដីកាថា៖ « សមាធិ ជាថ្នាំព្យាបាលជំងឺផ្លូវចិត្តហើយយើងទាំងអស់គ្នាសុទ្ធតែមានបញ្ហាផ្លូវចិត្តគ្រប់គ្នា អីចឹងទាំងអស់គ្នាទាំងនៅផ្ទះ ទាំងអ្នកធ្វើការងាររដ្ឋឯកជន ទាំងក្មេង ទាំង ចាស់គួរតែមានពេលសម្រាប់អប់រំចិត្ត ធ្វើសមាធិហ្នឹងឱ្យបានរឿយៗ ៥នាទីទៅ១០នាទី តាមដាន ខ្យល់ ដកដង្ហើម ចេញចូលឬក៏ផ្សាយមេត្តាចិត្តដល់ខ្លួនឯង ដល់មនុស្សជុំវិញខ្លួនដល់សព្វសត្វទាំងឡាយ»។
ការធ្វើសមាធិក៏ជាជម្រើសដ៏ល្អបំផុតដើម្បីទប់ទល់នឹងបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត គំនិតរវើរវាយគិតច្រើនគ្មានសណ្តាប់ធ្នាប់បញ្ហាគេងមិនលក់ ស្រេ្តស មួម៉ៅ ច្រើនកំហឹង ព្រមទាំងបញ្ហាថប់បារម្ភផងដែរ។ទាំងអស់នេះសុទ្ធតែជាមេរោគចិត្ត ដែលរារាំងចិត្តមិនអោយមានសេចក្តីស្ងប់សុខ។ សុខភាពចិត្តមិនល្អក៏បណ្តាលអោយប៉ះពាល់ដល់សុខភាពផ្លូវកាយផងដែរ៕