មានគោលដៅរួចហើយ ប៉ុន្តែអ្នកមិនដឹងថាគួរធ្វើបែបណាដើម្បីឲ្យគោលដៅ ឬមួយក៏គ្រោងការណ៍របស់អ្នក ឆាប់ក្លាយជាការពិតមែនទេ?  មួយវិញទៀតអ្នកកំពុងតែគិតថា សមត្ថភាពរបស់អ្នកនៅមានកម្រិតនៅឡើយ ហើយមើលទៅដូចជាមិនសូវជាស្ទុះលឿនដូចគេសោះ ហើយអ្នកចង់អភិវឌ្ឍសមត្ថភាពនោះ ឲ្យកាន់តែខ្លាំងជាងមុនប៉ុន្តែអ្នកមិនច្បាស់ថា គួរតែធ្វើបែបណាមែនទេ? ដូចនេះ ថ្ងៃនេះយើងសូមលើកយកនូវគោលដៅដ៏វៃឆ្លាត មួយមកបកស្រាយជូនអ្នកទាំងអស់គ្នាបានដឹង ដើម្បីជួយជម្រុញឲ្យអ្នកឆាប់ឆ្ពោះទៅរកអ្វីដែលអ្នករំពឹងទុក។ 

ក្នុងនោះផងដែរ Smart Goal គឺជាការកំណត់គោលដៅជាក់លាក់ណាមួយ ទៅតាមដំណាក់កាលនីមួយៗដើម្បីឲ្យគ្រោងការណ៍ក៏ដូចជាផែនការដែលអ្នកចង់បាននោះ អាចទទួលបានជោគជ័យ។ ដូច្នេះខាងក្រោមគឺជា របៀបរៀបចំ Smart Goal ឲ្យបានជោគជ័យទាំង ៥ ដែលអ្នកគួរអនុវត្ត:

១/ ភាពជាក់លាក់: ត្រូវប្រាកដក្នុងចិត្តថា គោលដៅរបស់អ្នកត្រូវតែច្បាស់លាស់និងលម្អិត។ ឧទាហរណ៍គោលដៅរបស់ខ្ញុំ គឺចង់ចេះនិយាយភាសាចិនឲ្យបានរលូន និងស្ទាត់ជំនាញជាងមុន។

២/ អាចវាស់វែងបាន: អ្នកត្រូវតែច្បាស់ថា គោលដៅរបស់អ្នកត្រូវតែអាចវាស់វែងបាន។ ដូចនេះអ្នកនឹងអាចដឹងអំពីដំណើរការរបស់វា ថាវាប្រព្រឹត្តិទៅបានប៉ុន្មានភាគរយហើយជាដើម។ ឧទាហរណ៍ដើម្បីឲ្យការនិយាយភាសាចិនរបស់ខ្ញុំកាន់តែប្រសើរឡើងនិងរលូនជាងមុន គឺខ្ញុំត្រូវការពេលរយៈពេល៦ខែទៀត ក្នុងការហ្វឹកហាត់និយាយ។

៣/ អាចសម្រេចបាន: គោលដៅរបស់អ្នកត្រូវតែសុីគ្នាជាមួយនឹងសមត្ថភាពដែលអ្នកមាន មិនអាចធំពេក ឬតូចពេកនោះទេ ពោលគឺត្រូវចាប់ផ្តើមជាមួយនឹងកិច្ចការណាដែលអ្នកគិតថា អ្នកអាចសម្រេចបាន។ ឧទាហរណ៍ខ្ញុំគិតថា រយៈពេល៦ខែសម្រាប់ការពង្រឹងផ្នែកភាសាចិននេះ គឺខ្ញុំអាចធ្វើបាន ព្រោះត្រឹមរយៈពេលប៉ុណ្ណោះ វាមិនខ្លីពេកហើយក៏មិនវែងពេកដែរ។

៤/ ប្រាកដនិយម: ត្រង់ចំណុចនេះអ្នកត្រូវគិតថា តើគោលបំណងរបស់អ្នក​ ដែលចង់រៀនភាសាចិន វាស៊ីជាមួយនឹងភាពជាក់ស្ដែងដែលចង់បានដែរឬទេ? ឬវាមានតម្លៃសម្រាប់ក្រុមការងារអ្នកឬទេ នៅថ្ងៃមុខ? ទោះជាវាធំពេកក៏ដោយ ឲ្យតែមានភាពច្បាស់លាស់នោះ ផ្សំពេលវេលាជាមួយថាមពលដែលអ្នកមាន នោះវានឹងអាចទៅរួច។

៥/ កាលកំណត់ពេលវេលា: កំណត់ពេលវេលាឲ្យបានច្បាស់លាស់ថា ពេលណាត្រូវបញ្ចប់ ឬត្រូវសម្រេចរឿងទាំងនោះឲ្យបានជោគជ័យ។ ឧទាហរណ៍សមត្ថភាពភាសាចិនរបស់ខ្ញុំត្រូវតែអាចនិយាយឲ្យបានរលូន ត្រឹមខែមករា ឆ្នាំ២០២២ គិតចាប់ពីខែសីហា ឆ្នាំ២០២១។

សរុបរួមមក វិញទាំងអស់នេះជារបៀបរៀបចំ Smart Goal ឲ្យបានជោគជ័យទាំង៥ ដែលអ្នកគួរអនុវត្ត ដើម្បីឲ្យគោលដៅរបស់អ្នកឆាប់សម្រេចបានតាមកាលកំណត់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរផងដែរ៕