Image

ពន្លឺថ្ងៃដ៏ស្រទន់នាពេលព្រឹកខ្យល់អាកាសបរិសុទ្ធនៅមាត់សមុទ្រ ឬមួយទិដ្ឋភាពបៃតងខៀវខ្ចីពីព្រៃភ្នំជាទីធម្មជាតិនិងសម្លេងទឹកជ្រោះហូរ ទាំងនេះនឹងនាំអ្នកឱ្យបានស្បើយពីអារម្មណ៍តានតឹង ក៏ដូចជាផ្តល់ថាមពលប្រសើរដល់អ្នកឡើងវិញនៅក្នុងថ្ងៃឈប់សម្រាករបស់អ្នក។ បន្ថែមពីនេះ ដើម្បីធ្វើឱ្យដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋាននានារបស់អ្នក ឱ្យកាន់តែមានអត្ថន័យនិងការចងចាំមួយដែលមិនងាយបំភ្លេចបាននោះ ចំណុចជាគំនិតខ្លះៗបានបង្ហាញដូចខាងក្រោមនេះ៖

. បណ្តោយខ្លួនឯងខ្លះ និងរកឃើញពីខ្លួនឯងក្នុងពេលតែមួយ

ថ្ងៃឈប់សម្រាកអ្នកក៏អាចធ្វើដំណើរកម្សាន្ត ឬទៅរកស្វែងយល់ពីអ្វីថ្មីៗ ដែលពង្រីកនូវដែនចំណេះដឹងរបស់អ្នកមិនតែប៉ុណ្ណោះ អ្នកនឹងអាចភ្ញាក់ផ្អើលនឹងបទពិសោធថ្មីដែលអ្នកជួប ឬមួយអ្នកអាចស្វែងយល់ពីចំណុចខ្លះដែលមានក្នុងខ្លួនអ្នកដែលពេលពីមុនមកអ្នកពុំបានដឹងជាដើម។ ចេញក្រៅ ស្វែងយល់ពីអ្វីថ្មី រៀនសូត្រពីអ្វីថ្មីទន្ទឹមនឹងនោះអ្នកក៏អាចស្គាល់ច្បាស់ពីខ្លួនឯងបន្ថែមផងដែរ។

. មានពេលស្វែងយល់ពីកន្លែងដែលអ្នកបានទៅ

ពេលវេលាដើរលឿនតាមធម្មតា ហើយពិតជាលំបាកខ្លះក្នុងការស្វែងយល់ពីអ្វីថ្មីបានច្រើនតាមដែលចង់បាន ប៉ុន្តែចំណុចដែលអាចធ្វើឱ្យអ្នកអាចរីករាយបានសម្រាក និងស្វែងយល់បានស៊ីជម្រៅពីកន្លែងដែលអ្នកបានទៅនោះ គឺមានពេលផ្តោតនិងលំហែនៅទីនោះបានរយៈពេលសមគួរណាមួយ។ អ្វីៗអ្នកនឹងទទួលបានបទពិសោធយ៉ាងប្រសើរនៅពេលអ្នកបានចំណាយពេលយូរស្វែងយល់។ អ្នកអាចមានសំណួរច្រើនទៅកាន់អ្នករស់នៅទីនោះ ពីបទពិសោធឬអ្វីដែលជាលក្ខណៈពិសេសប្រចាំតំបន់។ រឿងរ៉ាវដែលអ្នកទទួលនឹងអាចជាចំណុចដែលអ្នកចាប់អារម្មណ៍ហើយអ្នកក៏បានសម្រាកលំហែផ្សារភ្ជាប់ទៅនឹងទីកន្លែងនោះផងដែរ។

. គិតគូរផែនការអ្វីខ្លះដែលអ្នកចង់ធ្វើក្នុងថ្ងៃសម្រាក

ពិតមែន ថ្ងៃសម្រាកទំនេរពីការងារអ្នកក៏អាចមានរៀបចំនូវផែនការលំហែខ្លះសម្រាប់ខ្លួនឯង។ ផែនការទាំងនោះ អាចជាចំណង់ចំណូលចិត្តអ្វីដែលខ្លះដែលអ្នកមិនធ្លាប់ធ្វើពីមុនឬអ្វីដែលអ្នកចង់ធ្វើ។ មិនថាជិះកង់ឡើងភ្នំ ឬមួយធ្វើដំណើរទៅលេងមាត់សមុទ្រ ឬស្វាគមន៍ខ្យល់អាកាសបរិសុទ្ធនៅទីធម្មជាតិជាដើម ឬមួយច្នៃសកម្មភាពផ្សេងៗដែលអាចធ្វើបាន។ គិតគូរទុកមុន ជួយអ្នកចំណេញពេលវេលាថាត្រូវធ្វើអ្វី និងទៅទីកន្លែងសម្រាប់បង្កើតអនុស្សាវរីយ៍ថ្មីៗក្នុងថ្ងៃឈប់សម្រាកនេះ។ 

. អញ្ជើញអ្នកដែលចង់ទៅរួមដំណើរកម្សាន្តជាមួយអ្នកដែរ

ដំណើរកម្សាន្តឬសកម្មភាពក្នុងថ្ងៃឈប់សម្រាកអ្នកនឹងកាន់តែប្រសើរ ពេលមានអ្នកចង់ចូលរួមក្នុងដំណើរកម្សាន្តជាមួយអ្នកដែរមិនថាគ្រួសារ បងប្អូន ឬមិត្តភក្តិ ពិសេសមនុស្សដែលអ្នកស្រលាញ់។ ភាពកក់ក្តៅអនុស្សាវរីយ៍នឹងកើតមានឡើងមិនថានៅទីកន្លែងណាដែលអ្នកទៅ ជាមួយអ្នកដែលយល់ចិត្តគ្នានោះ ហើយអនុស្សាវរីយ៍ទាំងនោះនឹងច្រើនជារឿងដែលចងចាំមិនអាចបំភ្លេចបាន។ ការចែករំលែកបទពិសោធ និងអនុស្សាវរីយ៍ជាមួយមនុស្សដែលអ្នកស្រលាញ់បើអាចធ្វើបានគឺកាន់តែប្រសើរជាងនៅពេលដែលអ្នកធ្វើដំណើរតែម្នាក់ឯង។

. មិនភ្លេចមានរូបថតខ្លះទុកជាអនុស្សវរីយ៍ពីទីកន្លែងដែលបានទៅ

រូបថតនឹងពាំនាំមកនូវអារម្មណ៍នៃរឿងរ៉ាវទាំងឡាយដែលអ្នកបានជួបរំលឹកជាអនុស្សាវរីយ៍មិនថាទីកន្លែង រឿងដែលអ្នកបានធ្វើនៅក្នុងដំណើរកម្សាន្ត ដូចនេះប្រាកដណាស់រូបថតពីកន្លែងដែលអ្នកបានទៅ គឺគួរមានខ្លះសម្រាប់ជាការចងចាំមិនអាចបំភ្លេចបាន។ ហើយអ្នកក៏អាចមានរូបថតទាំងនោះសម្រាប់ចែករំលែកពីបទពិសោធ ឬជាការបង្ហាញទៅដល់អ្នកដែលចង់ទៅកាន់ទីកន្លែងទាំងនោះដូចអ្នកដែរ៕