ការគេងដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពមនុស្សគ្រប់គ្នា។ ការគេងលក់ស្កប់ស្កល់ នឹងជួយឱ្យរាងកាយយើងលូតលាស់បានល្អ ឆាប់ជាសះពីជំងឺផ្សេងៗ កាត់បន្ថយអាការហេវហត់អស់កម្លាំង និងជួយឱ្យរស់បានយូរ។
មនុស្សយើងភាគច្រើនត្រូវបានណែនាំ មិនឱ្យទុកទូរស័ព្ទកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកផ្សេងៗនៅក្បែរគ្រែគេង ព្រោះវត្ថុទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការគេង ប៉ុន្តែមានរបស់២យ៉ាងដែលអ្នកអាចទុកក្បែរគ្រែ ឬសូម្បីតែទុកក្រោមខ្នើយកើយ ដែលអាចជួយឱ្យការគេងរបស់អ្នកលក់ស្រួលជាងមុន និងបណ្ដេញជាតិពុលពីកន្លែងគេងផងនោះ។
១. ក្រូចឆ្មារ
ក្រូចឆ្មារគឺជាផ្លែឈើដ៏ពេញនិយមចំពោះសុខភាពជាមួយមុខងារជាច្រើន។ តើអ្នកដឹងទេថាការដាក់ក្រូចឆ្មារដែលពុះជាចម្រៀក ឬចិតស្ដើងៗនៅក្បែរគ្រែគេងរបស់អ្នក នឹងធ្វើឱ្យអ្នកដកដង្ហើមបានស្រួលដោយសារតែក្លិនឈ្ងុយពីក្រូចឆ្មារដែលភាយចេញនៅពេលយប់។
មិនតែប៉ុណ្ណោះ ក្រូចឆ្មារត្រូវបានគេប្រើប្រាស់ជាប្រភេទប្រេងក្រអូប សម្រាប់ដាក់ក្នុងបន្ទប់អស់ជាយូរមកហើយហើយវាមានគុណប្រយោជន៍ដូចជាបង្កើនការផ្ដោតអារម្មណ៍បានល្អ កាត់បន្ថយកម្រិតស្ត្រេសដោយបង្កើនការផលិតអរម៉ូនសេរ៉ូតូនីន និងមានឥទ្ធិពលស្ងប់ស្ងាត់ចំពោះប្រព័ន្ធដង្ហើម។
ក្រៅពីនេះ ក្រូចឆ្មារក៏ជួយកម្ចាត់មូស ស្រមោច សត្វល្អិតផ្សេងៗ សម្អាតខ្យល់ក្នុងបន្ទប់គេងរបស់អ្នកផងដែរ។ ដូច្នេះនៅពេលដាក់ចំណិតក្រូចឆ្មារនៅក្បែរគ្រែរបស់អ្នក វានឹងធ្វើឱ្យខ្យល់នៅជុំវិញអ្នកមានភាពស្រស់ថ្លានិងផ្តល់ក្លិនពិដោរឈ្ងុយឈ្ងប់ពីធម្មជាតិ។
២. កំពឹសខ្ទឹមស
ខ្ទឹមស នាំមកនូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា ជួយប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីកសម្អាតរាងកាយ និងថែមទាំងកាត់បន្ថយជាតិខ្លាញ់ផង។ នៅពេលដែលអ្នកស្វែងយល់ពីអត្ថប្រយោជន៍នៃខ្ទឹមសបែបនេះ អ្នកប្រហែលជានឹងមិនអើពើនឹងក្លិនដែលមិនសូវល្អរបស់វាទៀតឡើយ។
ប្រសិនបើអ្នកដាក់ខ្ទឹមសមួយកំពឹសនៅក្រោមខ្នើយរបស់អ្នកពេលគេង អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ដែលអ្នកមិនធ្លាប់គិតទុកដូចជា ជួយបំបាត់អាការតឹងច្រមុះនៅពេលយប់។ ហេតុផលគឺថាខ្ទឹមសមានផ្ទុកនូវសារធាតុអង់ទីប៊ីយ៉ូទិកដ៏មានឥទ្ធិពលដែលគេហៅថា allicin ដែលហួតបន្តិចម្តងៗពីខ្ទឹមសដើម្បីជួយប្រឆាំងនឹងមេរោគនិងការបង្ករោគ។
លើសពីនេះទៅទៀត សារធាតុនេះក៏ជួយរំលាយទឹករំអិលផងដែរ ដើម្បីឱ្យច្រមុះដកដង្ហើមបានស្រួល។ ប៉ុន្តែសមត្ថភាពនេះអាចនឹងឃើញផលក្នុងពេលយូរ ព្រោះវាធ្វើការបន្តិចម្ដងៗ។
ការដាក់ខ្ទឹមសនៅក្រោមខ្នើយរបស់អ្នក ក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរព្រោះវាមានសមត្ថភាពសម្លាប់បាក់តេរីអាក្រក់គ្រប់ប្រភេទ ដោយសារវាមានសមាសធាតុ ប្រឆាំងនឹងបាក់តេរីខ្លាំង ដូច្នេះអ្នកនឹងមិនសូវឈឺដូចមុនឡើយ។
ស្រដៀងនឹងក្រូចឆ្មារដែរ ខ្ទឹមសអាចជួយបណ្ដេញសត្វល្អិតជាពិសេសសត្វមូសសុទ្ធតែខ្លាចក្លិនខ្ទឹម។
ហេតុនេះហើយ អ្នកនឹងគេងលក់បានស្កប់ជាងរាល់ដងហើយដោយសារខ្ទឹមសមានផ្ទុកវីតាមីន B1ទើបវាអាចជួយឱ្យអ្នកគេងបានកាន់តែស្រួល។ មិនតែប៉ុណ្ណោះ ខ្ទឹមសមានផ្ទុកវីតាមីន B6 ដែលជួយពង្រឹងសមត្ថភាពបញ្ចេញអរម៉ូនមេឡាតូនីន ដែលជួយឱ្យអារម្មណ៍របស់អ្នកបានធូរស្រាលនិងជំនួយដល់ការគេង៕