សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស

រាជធានីភ្នំពេញ៖ ក្នុងទិវាជាតិអំណានលើកទី៦ ក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ១៩” ដែលបានធ្វើតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១១ មីនានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានជម្រុញនិងលើកទឹកចិត្តឲ្យអ្នកនិពន្ធ អ្នកបង្កើតមាតិការអប់រំ ព្យាយាមបង្កើនស្នាដៃជាភាសាខ្មែរបន្ថែមទៀត។

ឯកឧត្តម ហង់ជួន ណារ៉ុន៖ ខ្ញុំសូមលើកទឹកចិត្តនិងជម្រុញ ដល់អ្នកនិពន្ធនិងអ្នកចងក្រងសៀវភៅ ឯកសារអប់រំ សូមបន្តនិងបង្កើនការបោះពុម្ភស្នាដៃបន្ថែមទៀត ដើម្បីធ្វើឲ្យធនធានសម្រាប់អំណានកាន់តែសម្បូរបែបជាពិសេសជាភាសាខ្មែរ។

អ្នកអាន បានចាត់ទុកសៀវភៅជាឃ្លាំងប្រាជ្ញា ជាធនាគារនៃគំនិត។ សៀវភៅល្អ គឺជាគ្រូអាចារ្យដែលបង្រៀនយើងមួយនឹងមួយយ៉ាងស្ងៀមស្ងាត់។ សៀវភៅល្អ គឺជាមិត្តភក្ដិរបស់យើង។ សៀវភៅល្អ គឺជាអ្នកដឹកនាំ ឬជាចង្គៀងបំភ្លឺផ្លូវជីវិតឆ្ពោះទៅរកជីវិតក្សេមក្សាន្តរុងរឿង។” នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្តមរដ្ឋមន្រ្តី។

ទោះជាការជឿនលឿននៃបច្ចេកវិទ្យាលើពិភពលោក ដែលបង្កើនភាពងាយស្រួលក្នុងការអានសៀវភៅតែមធ្យោបាយនៃការអានសៀវភៅពុម្ពនៅតែមានសន្ទុះ ហើយអ្នកសិក្សាទាំងអស់ នៅមិនទាន់អាចចាប់យកលទ្ធភាពអំណានបានដូចគ្នានោះទេដោយសារកត្តាភូមិសាស្រ្ដ បច្ចេកវិទ្យា និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។

សូមជម្រាបជូនថា ទិវាជាតិអំណានលើកទី៦នេះ ធ្វើឡើងក្នុងគោលបំណងរំលឹកពីវីរភាពរបស់សម្ដេចព្រះសង្ឃរាជជួន ណាត ដែលបានខិតខំការពារមរតកវប្បធម៌ អក្សរសាស្រ្ដខ្មែរ ក្នុងគោលបំណង បណ្ដុះទម្លាប់អាន ជម្រុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែការងារពង្រឹងវប្បធម៌អរិយធម៌ខ្មែរ៕