ជំងឺ​រលាក​សន្លាក់ (Arthritis) តាម​ការ​​ផ្សព្វ​ផ្សាយ​​​ជា​ចំណេះ​​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែតគឺ​ មាន​ច្រើន​សណ្ឋាន​ហើយ​ជំងឺ​រលាក​សន្លាក់​​មួយដែល​គេ​​​ជួប​ប្រទះ​ញឹក​ញាប់​នោះ​គឺ​ដោយ​សារ​​ការ​លើស​អាស៊ីត​អ៊ុយ​រីក​ក្នុង​ឈាម (Gouty Arthritis due tohyperuricemia)។

ប្រភព​ដដែល​ពី​ការ​ផ្សាយ​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែតបាន ​ឱ្យ​ដឹង​ថាករណី​​មិន​បាន​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលាជា​មួយ​គ្រូ​ពេទ្យ​ជំនាញនោះ​អាច​បណ្តាល​ឱ្យ​​​មាន​ការ​ឈឺ​ចាប់រំខាន​ដល់​​ការ​រស់​នៅ ការ​ប្រកប​​របរ​ប្រចាំ​ថ្ងៃឬ​រហូត​ដល់​ពិការ​ភាព​ក៏​មាន​។ គេ​អាច​ឃើញ​​ភាគ​ច្រើន​ជំងឺនេះ​​កើត​លើ​​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចន្លោះ​ពី​៣០-៤៥​ឆ្នាំ ដោយ​ឡែក​មនុស្ស​ស្រី​វិញ​ច្រើន​កើត​នៅ​ក្រោយ​​អាយុ​៥៥​ឆ្នាំ​។ យ៉ាង​ណា​មិញ មនុស្ស​ទាំង​ពីរ​ភេទនៅ​ក្រោយ​អាយុ​៦៥​ឆ្នាំសុទ្ធ​តែ​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​នេះ បើ​មាន​កត្តា​ដូច​រៀប​រាប់​ខាង​ក្រោម​៖

***កត្តា​ប្រឈម​ដែល​ជម្រុញ​​ឱ្យ​ងាយ​កើត​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រីក​​រួម​មាន​៖

១.មនុស្ស​លើស​ទំងន់

២.អ្នក​ពិសារ​ជាតិ​អាល់​កុល​ញឹក​ញាប់ពិសេស​ ស្រាបៀរ ស្រា​វីស្គីជិន វុលដកា ឬ​ស្រា​រ៉ូម

៣.អ្នក​ញ៉ាំ​​អាហារ​ច្រើន​លើស​​កម្រិតឬ​ពោះ​ទទេ​យូរ​ពេក​

៤.អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំ​រ៉ៃ​

៥.អ្នក​​ជំងឺ​មាន​សំពាធ​ឈាម​លើស​

៦.អ្នក​ចូល​ចិត្ត​បរិភោគ​សាច់គ្រឿង​សមុទ្រ​​ក្នុង​បរិមាណ​ច្រើន​

៧.អ្នក​កំពុង​ប្រើ​ថ្នាំ​មួយ​ចំនួនដែល​នាំ​ទៅ​រក​ការ​លើស​អាស៊ីត​អ៊ុយ​រីក​ក្នុង​ឈាម(ដោយ​មិន​បាន​ពិគ្រោះ​​ជា​មួយ​ពេទ្យ​)

***រោគ​សញ្ញា​នៃ​ជំងឺ​លើស​អាស៊ីត​អ៊ុយ​រីក​រួម​មាន​៖

  • នៅ​លើ​ស្បែក និង​នៅ​សន្លាក់​ មាន​លេច​ចេញ​ជា​ដុំ​ពក​ៗ (Chronic Tophaceous Gout)

  • នៅ​តម្រង​នោម​ ឃើញ​​មាន​ជា​គ្រួស​តម្រង​នោម​

  • សន្លាក់​ដែល​មាន​ការ​ប៉ះ​ពាល់​ខ្លាំង ពិសេស​គឺ​សន្លាក់ ជង្គង់ ក​ដៃ ក​ជើង និង​មេ​ជើង គឺ​មាន​លក្ខណៈ ហើម ក្តៅ ឡើង​ក្រហម និង​ឈឺ​ចាប់​ខ្លាំង ពិសេស​ស្តែង​ចេញ​ភ្លាម​ៗ ពិបាក​នឹង​ទ្រាំ​។

***ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យាបាល​៖

ករណី​មាន​អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើគួរ​គប្បី​ជួប​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​​ឱ្យ​បាន​ច្បាស់​លាស់និង​កំណត់​វិធី​​សាស្រ្ត​ព្យាបាលតាម​ដាន​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ទាន់​ពេល​វេលាជៀស​វាង​ការ​ប្រើ​ថ្នាំ​ដោយ​ខ្លួន​ឯងដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​។ការ​បង្ការ​ការ​លើស​​អាស៊ីត​អ៊ុយ​រីក​ក្នុង​ឈាមគឺ​ការ​ពារ​ខ្លួន​​អ្នក​ពិសេស​​គឺ​រួម​ចំណែក​ការពារ​ប្រព័ន្ធ​​តម្រង​នោមនិង​បេះ​ដូង​របស់​អ្នក៕

​​