បង្កើតទម្លាប់ល្អ ហើយលុបបំបាត់ចំណុចអាក្រក់ ជាអ្វីដែលមនុស្សជាច្រើន​ប្រថ្នាចង់បាន តែការកែប្រែទម្លាប់មិនមែនជារឿងងាយនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក StevenR. Covey អ្នកនិពន្ធសៀវភៅ 7 Habits of Highly EffectivesPeople បានលើកឡើងថា ទម្លាប់ ជាឬសគល់យ៉ាងមាំដែលជំរុញឱ្យមនុស្សម្នាក់ៗក្លាយជា​បុគ្គលឆ្នើម។ ប្រសិនបើគេចង់ផ្លាស់ប្តូររយៈពេលខ្លីគេអាចផ្លាស់ប្តូរទង្វើដែលកំពុងធ្វើនាពេលបច្ចុប្បន្ន តែប្រសិនបើគេចង់បានលទ្ធផលនិងការអភិវឌ្ឍយូរអង្វែង មនុស្សម្នាក់ៗចាំបាច់ត្រូវតែផ្លាស់ប្តូរទម្លាប់។

លោកបានបញ្ជាក់ថា ធាតុផ្សំសំខាន់៣ដែលធ្វើឱ្យមានទម្លាប់វិជ្ជមានគឺឬទម្លាប់ដែលផ្តល់ប្រសិទ្ធភាពសម្រាប់ការរស់នៅគឺ ការដឹងហេតុផល ចំណង់និង​វិធីសាស្ត្រដើម្បីអនុវត្ត។

ចំណុចសំខាន់ទី១គឺ មនុស្សម្នាក់ៗត្រូវតែដឹងខ្លួនឯងឱ្យច្បាស់ ថាមូលហេតុអ្វីដែលអ្នកត្រូវរៀបចំផែនការសកម្មភាពនានាដើម្បីផ្លាស់ប្តូរជីវិត។ ហើយសកម្មភាពអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីទៅឱ្យដល់ចំណុចវិជ្ជមានមួយដែលអ្នកចង់ទៅ។នៅក្នុងមេរៀនរបស់លោក គឺលោកចង់ឱ្យមនុស្សម្នាក់ៗដាក់គោលដៅវែងឆ្ងាយសម្រាប់ខ្លួនឯងដូចជាការសរសេរទុកនូវគោលដៅជីវិតឬអ្វីដែលខ្លួនចង់ឃើញនៅ​ថ្ងៃខួបកំណើតទី៨០ឆ្នាំរបស់អ្នក។ នៅពេលដែលអ្នកបានដឹងច្បាស់ពីទិសដៅ និងមូលហេតុដែលខ្លួនចង់ធ្វើហើយ នោះយើងនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រួចសកម្មភាពទៅកាន់ផ្លូវទាំងនោះប្រកបដោយប្រសិទ្ធភាព។

ចំណុចសំខាន់ទី២ គឺចំណង់។ កាលណា​ យើងមានគោលដៅមាន​ក្តីស្រមៃដ៏ល្អមួយហើយ យើងត្រូវរកឱ្យឃើញថាផ្នែកណាខ្លះឬរឿងអ្វីខ្លះដែលយើងចង់ធ្វើបំផុត និងធ្វើវាដោយមិនចេះនឿយណាយ។ ប្រសិនបើយើងរកឃើញក្តីស្រឡាញ់ពិតប្រាកដហើយយើងនឹងអាច​ចាប់ផ្តើម​សកម្មភាពដោយភាពពេញចិត្ត។ នៅពេលនោះ គ្រប់ជំហានដែលខ្លួនធ្វើគឺសុទ្ធតែជារឿងដ៏គួរឱ្យរីករាយ និង​មិនអាចខកខានបាន។

ចំណុចសំខាន់ទី៣ គឺវិធីសាស្រ្ត។ ពិតណាស់ដែលថាក្តីស្រឡាញ់អាចធ្វើឱ្យយើងបង្កើតថាមពលដ៏អស្ចារ្យដើម្បីសម្រេចគោលដៅណាមួយក្នុងជីវិត។ តែគ្រាន់តែមានក្តីស្រឡាញ់ ហើយខ្វះចំណេះដឹង ក៏មិនអាចធ្វើឱ្យយើងក្លាយជាមនុស្សខ្លាំងនិងដើរលឿនបានដែរ។ ពេលខ្លះ ការកំណត់វិធីសាស្រ្តខុសអាចធ្វើឱ្យយើងខិតខំក្នុងរយៈពេលវែង តែទទួលបានលទ្ធផលតិច។ ហេតុនេះមនុស្សម្នាក់ៗចាំបាច់ត្រូវតែ សម្រួចសមត្ថភាពនិង​ខិតខំអភិវឌ្ឍចំណេះដឹងឱ្យកាន់តែខ្ពស់សម្រាប់អនុវត្តក្នុងដំណើរជីវិតជាក់ស្តែងរហូតក្លាយជាទម្លាប់ជោគជ័យ៕