ពេលល្ងាចឬពេលយប់ គឺជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងបន្សុទ្ធជាតិពុល។ ហេតុនេះទើបអ្នកមិនគួរផឹកភេសជ្ជៈទាំង៥ប្រភេទនេះ នៅពេលល្ងាចឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពដោយស្មានមិនដល់។
១. ភេសជ្ជៈដែលមានជាតិផ្អែម
ពពួកភេសជ្ជៈកាបូណាត គឺមិនល្អចំពោះសុខភាពឡើយ។ អ្នកមិនគួរផឹកវាញឹកញាប់ឡើយ ជាពិសេសនៅពេលល្ងាចតែម្ដង។ ភេសជ្ជៈប្រភេទនេះមានជាតិស្ករខ្បស់ ដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់ឆាប់រហ័សនិងធ្វើឱ្យស្បែកចាស់ជាងវ័យ។ មិនតែប៉ុណ្ណោះភេសជ្ជៈដែលមានជាតិផ្អែមទាំងនេះ ក៏អាចបង្កផលប៉ះពាល់ដល់ក្រពះជាពិសេសសម្រាប់អ្នកដែលពិបាកបត់ជើង និងមានអាការៈច្រាលជាតិអាស៊ីតមិនគួរផឹកវាឡើយ។
២. ភេសជ្ជៈដែលមានជាតិអាល់កុល
នៅពេលអ្នកផឹកគ្រឿងស្រវឹងឬភេសជ្ជៈដែលមានជាតិអាល់កុល អ្នកនឹងមានអារម្មណ៍ឆាប់ងងុយគេង ព្រោះវាមានជាតិរម្ងាប់អារម្មណ៍។ ប៉ុន្តែទោះជាយ៉ាងណា វានឹងធ្វើឱ្យអ្នកក្រោកញឹកញាប់ គេងមិនបានស្រួលឡើយ ឬទៅជាឈឺក្បាល និងសុបិនអាក្រក់ថែមទៀតផង។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានឱ្យដឹងថា ការផឹកភេសជ្ជៈដែលមានជាតិអាល់កុល ឬគ្រឿងស្រវឹងនឹងរារាំងរាងកាយអ្នកមិនឱ្យគេងលក់ស្កប់ស្កល់ ហើយធ្វើឱ្យអស់កម្លាំងពេលក្រោកឡើងនៅថ្ងៃបន្ទាប់។
៣. ទឹកខ្ញី
ទឹកខ្ញីមានផ្ទុកសារធាតុ cineole ដែលជួយបន្ថយអាការស្ត្រេស ព្យាបាលជំងឺឈឺក្បាលប្រកាំងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។ ដូច្នេះទើបមនុស្សជាច្រើនចូលចិត្តប្រើទឹកខ្ញី ជាមធ្យោបាយដោះស្រាយសម្រាប់ការគេងមិនលក់។
ទោះជាយ៉ាងណាក៏ដោយ ទឹកខ្ញីស្រស់មានប្រសិទ្ធភាពតែនៅពេលអ្នកផឹកវានៅពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ។ ការផឹក ឬញ៉ាំខ្ញីនៅពេលល្ងាច ក្រោយពេលអាហារពេលល្ងាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលនិងពិបាកគេងទៅវិញ។
៤. កាហ្វេ
កាហ្វេមួយកែវ មានគុណប្រយោជន៍ជួយឱ្យអ្នកមិនងងុយគេង។ ប៉ុន្តែវាជាប្រសិទ្ធភាពល្អសម្រាប់តែពេលថ្ងៃ ដែលអ្នកត្រូវការធ្វើការងារនិងផ្ដោតអារម្មណ៍ខ្លាំង។
ចំណែកការផឹកកាហ្វេនៅពេលល្ងាច នឹងធ្វើឱ្យអ្នកគេងមិនលក់ហើយនាំឱ្យមានផលប៉ះពាល់ដល់សុខភាពមិនល្អដូចជាសុខភាពផ្លូវចិត្តមិននឹងនរ សម្ពាធឈាមឡើងខ្ពស់ ចង្វាក់បេះដូងលោតមិនទៀងឬជំងឺក្រពះជាដើម។
មិនតែប៉ុណ្ណោះ ទោះបីអ្នកផឹកកាហ្វេដែលមានជាតិក្រែមក៏មិនល្អសម្រាប់ពេលល្ងាចដែរ។ ផលិតផលទាំងនេះមានជាតិខ្លាញ់ និងស្ករច្រើនដែលមិនល្អសម្រាប់សុខភាពឡើយ។
៥. ទឹកដូង
ការទទួលទានទឹកដូងនៅពេលល្ងាច អាចនាំឱ្យលើសជាតិទឹកក្នុងខ្លួនហើយបរិមាណទឹកដែលលើសនោះនឹងត្រូវបញ្ចេញមកតាមទឹកនោម។ ដូច្នេះហើយវាអាចបណ្តាលឱ្យអ្នកភ្ញាក់ច្រើនដងនៅពេលយប់ដើម្បីចូលបន្ទប់ទឹក។
លើសពីនេះទៅទៀត ការទទួលទានទឹកដូងនៅពេលល្ងាចក៏ធ្វើឱ្យរាងកាយរបស់អ្នកងាយនឹងចុះត្រជាក់ផងដែរ។ជាការប្រសើរ អ្នកគួរពិសាទឹកដូងនៅពេលព្រឹក ឬពេលថ្ងៃត្រង់ដើម្បីជំរុញប្រសិទ្ធភាពល្អៗទាំងអស់នៃភេសជ្ជៈនេះចំពោះសុខភាព៕