ការរាប់អាននរណាម្នាក់ជាមិត្តភក្តិមិនពិបាកឡើយ ជាពិសេសមិត្តភក្តិទូទៅបែបធម្មតាៗមិនមានអ្វីជាសម្គាល់នោះទេ ប៉ុន្តែតើអ្នកទាំងអស់គ្នាមានកល្យាណមិត្តភក្តិហើយឬនៅ? ចង់បានមិត្តភក្តិល្អម្នាក់ដែលរង់ចាំលើកទឹកចិត្ត ហើយជាមិត្តភក្តិដែលស្មោះត្រង់ជាមួយយើងគ្រប់ពេលគឺមិនងាយស្រួលក្នុងការស្វែងរកបាននោះទេ។ ប៉ុន្តែប្រសិនបើពេលនេះអ្នកមានមិត្តភក្តិទាំង៥ប្រភេទដូចខាងក្រោម ហើយចូរខំថែរក្សាពួកគេឱ្យបានល្អផងណា៖
១.នៅក្បែរអ្នកពេលអ្នកបរាជ័យ
ចង់ដឹងថាមនុស្សនៅជុំវិញខ្លួនគេស្មោះត្រង់ជាមួយអ្នកឬអត់ អ្នកនឹងបានដឹងក្រោយពេលដែលអ្នកបរាជ័យរឿងអ្វីមួយ ហើយក្លាយទៅជាមនុស្សម្នាក់ដែលគ្មានអ្នកណាត្រូវការ។ ចំពោះមិត្តភក្តិល្អប្រសិនបើយើងស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ពួកគេប្រាកដជាមនុស្សដំបូងដែលមករកអ្នកចាំលើកទឹកចិត្ត ផ្ដល់ជាដំណោះស្រាយ និងជាមនុស្សម្នាក់ដែលតែងតែបង្ហាញខ្លួនស្របពេលដែលគ្មាននរណាម្នាក់នៅក្បែរយើងឡើយ។ ក្នុងនោះផងដែរនៅពេលអ្នកជោគជ័យ ពួកគេក៏នៅតែចាំសរសើរនិងជួយជាកម្លាំងចិត្តជំរុញឱ្យអ្នកប្រឹងប្រែងបន្តជានិច្ច។
២.មិនច្រណែនឈ្នានីសអ្នក នៅពេលដែលអ្នកជោគជ័យ
ប្រសិនបើយើងសម្រេចបានជោគជ័យរឿងអ្វីមួយពួកគេក៏សប្បាយជាមួយនឹងភាពជោគជ័យរបស់អ្នកដូចគ្នាព្រមទាំងមកសរសើគាំទ្រអ្នកគ្រប់ពេលវេលាថែមទៀតផង។ ផ្ទុយទៅវិញប្រសិនបើអ្នកបានជួបប្រទះមិត្តភក្តិដែលតែងតែរង់ចាំទាញអ្នកទម្លាក់នៅពេលដែលឃើញអ្នកបានល្អប្រសើរជាងខ្លួនរបស់ពួកគេ។
៣.ជួយកែរាល់កំហុសរបស់អ្នក
នៅពេលយើងបានធ្វើកំហុសអ្វីមួយទោះបីកំហុសនោះជាចេតនាក្ដី អចេតនាក្ដី យើងប្រាកដណាស់ថាមិនចង់បានពាក្យស្ដីបន្ទោសបន្ថែមនោះទេ អ្វីដែលយើងចង់បានគឺពាក្យលួងលោម និងការលើកទឹកចិត្ត។ ហើយតម្រូវការរបស់យើងនឹងត្រូវបានបំពេញឱ្យពីមិត្តភក្តិដល់ល្អម្នាក់ នៅពេលដែលយើងធ្វើខុសគេប្រាកដជាប្រាប់ឱ្យយើងកែ និយាយត្រង់ៗនៅនឹងមុខ មិនមែនយើងខុសហើយគេទៅប្រាប់អ្នកដទៃពីកំហុសរបស់យើងឡើយ។
៤.ចេះខ្វល់ខ្វាយពីអារម្មណ៍អ្នក និងយល់ចិត្តអ្នក
ជាមិត្តភក្តិម្នាក់ដែលគ្រាន់តែឃើញយើងមុខស្រពោន មិនសប្បាយចិត្ត ខ្វល់ខ្វាយជាមួយយើងហើយគេបានសួរនាំបញ្ហាដែលធ្វើឱ្យយើងមិនសប្បាយចិត្ត សួររកហេតុផលទាំងអស់នឹងចាំផ្ដល់ជាដំណោះស្រាយត្រឡប់មកយើងវិញ ឬក៏ជូនអ្នកទៅកន្លែងបន្ធូរអារម្មណ៍ឱ្យបានធូរស្រាលឡើង។ ជាមួយគ្នានេះដែរមិត្តភក្តិល្អគឺជាមនុស្សម្នាក់ដែលរាប់អានអ្នកមិនគិតមានក្រល្អ ឬអាក្រក់អ្វីឡើយ។ បើទោះបីជាអ្នកគ្មានមធ្យោបាយធ្វើដំណើរក៏ពួកគេមកទទួលអ្នកបានដែរ។
៥.គោរព និងឱ្យតម្លៃអ្នកគ្រប់ស្ថានការណ៍
ថ្វីត្បិតតែមិត្តដែលជិតដិតនឹងគ្នាភាគច្រើន ចូលចិត្តនិយាយភាសាបែបអ្នកស្និតស្នាលក៏ដោយ ក៏ប៉ុន្តែភាសាទាំងនោះគឺជាភាសាដែលយើងអាចយកមកនិយាយគ្នា នៅចំពោះមុខមនុស្សស្គាល់គ្នាច្បាស់៣-៤នាក់តែប៉ុណ្ណោះ មិនមែននៅមុខមនុស្សប្លែកមុខក៏និយាយបែបនោះដែលឡើយ នេះគេហៅថាបំបាក់មុខហើយនិងមិនផ្ដល់តម្លៃឲ្យអ្នកឡើយ។ដូច្នេះចំពោះមិត្តភក្តិល្អ ពួកគេនឹងនិយាយពាក្យល្អជាមួយអ្នកនៅពេលដែលមានវត្តមានរបស់អ្នក
ជាចុងក្រោយការរាប់អានគ្នា សម្តែងនៅការគោរពគ្នាទៅវិញទៅមកទាំងសង ខាងមិនចង់កេងចំណេញគ្នានោះទេ ទើបគេហៅថាមិត្តភក្តិល្អ។ ប៉ុន្តែនៅក្នុងជីវិតយើងជួបផ្ទាល់ យ៉ាងហោចណាស់ក៏មានមនុស្សមួយចំនួនតូចដែលរាប់អានមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនពីអ្នក ដោយមិនឱ្យតម្លៃពាក្យថាមិត្តភាពរបស់អ្នកឡើយ។ ដូច្នេះប្រសិនបើអ្នកជួបមិត្តភក្តិដែលល្អហើយ ចូរខំថែរក្សាចំណងមិត្តភាពរបស់អ្នកឱ្យបានរឹងមាំ ហើយត្រូវចងចាំថា «ចង់ឱ្យគេស្មោះត្រង់ជាមួយយើង លុះត្រាតែយើងស្មោះត្រង់ជាមួយគេមុនសិន»៕