សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មិន​ថា​អ្នក​ធ្វើ​ការ​អ្វីក្នុង​តួនាទី​អ្វី​ទេ ការ​ធ្វើ​ការ​ជា​ក្រុម​គឺ​ជា​រឿង​សំខាន់​ដើម្បី​ទទួល​បាន​ជោគជ័យ​និង​រីកចម្រើន​ទៅ​មុខ។ ប៉ុន្តែ​ការ​ធ្វើ​ការ​ជា​ក្រុម​មិន​មែន​ជា​រឿង​ស្រួល​ប៉ុន្មាន​ឡើយ ដោយ​សារ​តែ​មនុស្ស​ច្រើន​នាក់ គំនិត​ក៏​ច្រើន រីឯ​អត្តចរិត​របស់​បុគ្គល​ក៏​ខុស​ៗ​គ្នា​ទៅ​តាម​នោះ​ដែរ។ ការ​ពិបាក​ចុះ​សម្រុង​គ្នា​តែង​កើត​មាន​​នៅ​កន្លែង​ការងារ ហើយ​មាន​​តែ​មនុស្ស​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ​ដែល​អាច​បន្សាំ​ខ្លួន​ឯង​ឱ្យ​សម្រប​ខ្លួន​តាម​​បរិបទ​ការងារ ឬ​ងាយ​ចូល​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​បាន។

១.អ្នក​ដែល​​មាន​ចរិត​រួសរាយ៖

មនុស្ស​ដែល​រួសរាយ​ច្រើន​បើក​ចិត្ត​ទូលាយ​ចំពោះ​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ ​មិន​ថា​ក្នុង​ក្រុម​របស់​ខ្លួន ឬ​ក្រុម​ឯ​ទៀត​ឡើយ។ ពួក​គេ​មិន​សូវ​ចេះ​ប្រកាន់​ថា​អ្នក​ណា​គួរ​ចាប់​ផ្ដើម​ការ​សន្ទនា​មុន​នោះ​ទេ ពោល​គឺ​ពួក​គេ​តែង​ចាប់​ផ្ដើម​ពាក្យ​សន្ទនា​មុន ​​ប្រកប​ដោយ​ទឹក​មុខ​រួសរាយ​រាក់​ទាក់ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​ល្អ និង​ចូល​ចិត្ត​ពួក​គេ។

២.មនុស្ស​ដែល​ចង់​រៀន​អ្វី​ថ្មីៗ៖

មនុស្ស​ប្រភេទ​នេះ​តែង​ព្យាយាម​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដោយ​គិត​ថា​អ្នក​ទាំង​នោះ​អាច​ផ្ដល់​ការ​រៀន​សូត្រ​ថ្មី​ដល់​ពួក​គេ។ មនុស្ស​ប្រភេទ​នេះ​ក៏​មិន​ចេះ​ប្រកាន់​ខ្លួន​ដែរ ពោល​គឺ​ពួក​គេ​តែង​តែ​ចេះ​ឈឺ​ឆ្អាល និង​ជួយ​យក​អាសា​មនុស្ស​នៅ​ជុំវិញ​ខ្លួន ​ហើយ​មិន​ចេះ​ក្អេងក្អាង​ថា​ខ្លួន​ពូកែ ហើយ​អ្នក​ផ្សេង​អន់​ជាង​ខ្លួន​នោះ​ទេ។

៣.មនុស្ស​ដែល​មិន​ផ្ដោត​លើ​​ឯកជន​ភាព​របស់​អ្នក​ដទៃ៖

ធម្មតា​នៅ​កន្លែង​ធ្វើ​ការ​បុគ្គល​ម្នាក់ៗ​តែង​មាន​ឯកជន​ភាព​របស់​ខ្លួន​រៀង​ៗ​ខ្លួន ​គិត​ទាំង​ទម្លាប់ និង​​អត្តចរិត​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​មនុស្ស​ប្រភេទ​ទី​៣​នេះ ​គឺ​មិន​បាន​យក​ភាព​ឯកជន​របស់​អ្នក​ដែល​នៅ​ជុំវិញ​​ខ្លួន​នោះ​មក​ដាក់​ក្នុង​ចិត្ត​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​ធ្វើការ​ជា​ក្រុម​ឡើយ។ ពួក​គេ​ចេះ​បត់​បែននិង​សម្រប​ខ្លួន​យ៉ាង​ណា​ដើម្បី​ឱ្យ​ការ​ងារ​ក្រុម​បាន​ដល់​ចំណុច​រួម​មួយ ហើយ​​ទោះ​បី​គេ​មិន​ចូល​ចិត្ត​អ្នក​ណា​ម្នាក់​ព្រោះ​ហេតុ​ផល​ឯកជនក៏ដោយ តែ​ក្នុង​ម៉ោង​ធ្វើ​ការគឺ​ពួក​គេ​ចេះ​បែងចែក​អារម្មណ៍​បាន​ល្អ៕