Image

មានហេតុផលជាច្រើនដែលមនុស្សប្រុសបាក់ចិត្តស្រលាញ់មនុស្សស្រីណាម្នាក់ឬមានចិត្តលើនារីដែលមានអត្តចរិតល្អជាដើម ដែលនេះជាលំអានធម្មជាតិនៃបុរស។ តាមបទពិសោធមនុស្សប្រុសបានលើកឡើងនូវចំណុចរួមមួយចំនួនដែល នារីៗមាន បណ្តាលឱ្យពួកគេមានចិត្តនិងបាក់ចិត្តស្រលាញ់ចង់បានជាគូអនាគត ចំណុចទាំងនោះមានដូចជា៖

. រូបសម្ផស្សស្អាត

មិនអាចប្រកែកបានទោះពេលខ្លះក្នុងចិត្តមនុស្សមួយចំនួនរូបសម្រស់ជារឿងបន្ទាប់បន្សំប៉ុន្តែភាគច្រើននៃពិសោធ ជាធម្មតាសម្ផស្សតែងទាក់ទាញចិត្តមនុស្សប្រុសមុនគេ។ រូបរាងកាយនារីឆោមល្អ ទឹកចិត្តបុរសក៏ទោរទន់តាមនោះ ដែលជារឿងធម្មជាតិមួយនៃការទាក់ទាញចិត្ត។

. ពូកែ និងសុភាពរាបសារ

សម្ផស្សតែម្យ៉ាងក៏មិនមែនទាក់ទាញបេះដូងបុរសបានទាំងអស់នោះទេប៉ុន្តែរូបកាយល្អ បូកផ្សំនឹងអត្តចរិតពូកែ ឧទាហរណ៍ពូកែកិច្ចការងារ ការរកស៊ី កិច្ចការផ្ទះព្រមទាំងចរិតសុភាពរាបសារ នោះមនុស្សប្រុសមិនតិចទេដែលប៉ងប្រាថ្នានារីក្នុងចំណុចនេះ។

. អាកប្បកិរិយាល្អ ចេះទុកដាក់សន្សំទ្រព្យ

ចំណុចពិសេសបន្ថែមទៀតដែលឆក់បេះដូងមនុស្សប្រុសនោះគឺចរិតអាកប្បកិរិយាល្អចំពោះមនុស្សទូទៅ ឧទាហរណ៍ វាចាល្អ កាយវិការល្អ ចិត្តល្អ។ល។ ជាមួយគ្នានោះគឺនាងមិនចេះខ្ជះខ្ជាយរបស់ទ្រព្យដែលមាន ឬទ្រព្យដែលខ្លួនឯងរកបាន ដែលបញ្ជាក់ថានាងចេះទុកដាក់និងអនាគតល្អវែងឆ្ងាយក្នុងរឿងគ្រួសារនាពេលខាងមុខ។ ចំណុចនេះដែលមនុស្សប្រុសមិនបាក់ចិត្តស្រលាញ់មិនបាន។

. ចេះមើលថែខ្លួន និងគ្រួសារ

មនុស្សប្រុសកាន់តែបាក់ចិត្តស្រលាញ់នៅពេលនារីចេះស្រលាញ់ខ្លួនឯង ជាមនុស្សឯករាជ្យ រឹងប៉ឹង មើលថែខ្លួនឯងមានសមត្ថភាពសម្រាប់ខ្លួនឯង ព្រមទាំងចេះមើលថែឪពុកម្តាយក្នុងគ្រួសារ ដែលនេះឆ្លុះបង្ហាញពីអនាគតថានៅពេលនាងមានគ្រួសារផ្ទាល់ខ្លួនគឺគួរជាទីកក់ក្តៅ និងទំនុកចិត្ត។ ហេតុដូចនេះមនុស្សភាគច្រើនតែងចង់បានអនាគតភរិយាជានារីក្នុងចំណុចទាំងនេះ។

ចុះប្រិយមិត្តក្រមាវិញនៅមានចំណុចល្អៗណាខ្លះទៀត កុំភ្លេចចែករំលែកប្រាប់ក្រមាផង៕