Image

ស្នេហានៅក្នុងន័យគូស្នេហ៍ជាដំណើរធម្មជាតិដែលកើតមានរវាងបុរស និងនារី។ ទន្ទឹមនឹងនោះវាមានគុណសម្បត្តិនិងគុណវិប្បត្តិសម្រាប់មនុស្សពីរនាក់ដែលបង្កើតវា។ សម្រាប់ថ្ងៃនេះក្រមាក៏សូមលើកឡើងពីចំណុចល្អខ្លះៗដែលជាគុណសម្បត្តិនៃសេចក្តីស្នេហាតើមានអ្វីខ្លះ?

. អារម្មណ៍រំភើបរីករាយ

ពិតណាស់ អ្នកមានឬទើបជួបស្នេហាដំបូង ប្រាកដជាមានអារម្មណ៍រំភើប សប្បាយរីករាយក្នុងចិត្តព្រោះថានេះជាអារម្មណ៍តាមធម្មជាតិ។ ក្តីស្រលាញ់ចេញពីបេះដូងទៅលើដៃគូនឹងកើតមានឡើងខ្លាំងនៅដំណាក់កាលមានស្នេហា។

. មានកម្លាំងចិត្ត និងចាប់រៀនពីភាពចាស់ទុំ

មែនហើយ មានដៃគូស្នេហាអត្តចរិតទាំងភាគីទាំងសងខាងប្រាកដណាស់ថានឹងផ្លាស់ប្តូរខ្លះពិសេសការមានកម្លាំងចិត្តបន្ថែមក្នុងការធ្វើកិច្ចការងារអ្វីមួយ ប្រៀបដូចជាក្តីស្រលាញ់ជាអ្នកលើកទឹកចិត្ត។ ពិសេសទៅទៀតនោះគឺ អ្នកមានស្នេហាច្រើនរៀនអំពីចរិតចាស់ទុំ រៀនរឹងមាំជាងមុន លះបង់និងអត់ធ្មត់ជាងមុន ពោលគឺដើម្បីអ្នកដែលខ្លួនស្រលាញ់នោះ។

. ចេះទទួលខុសត្រូវ និងគិតគូរវែងឆ្ងាយ

មានស្នេហាដូចចំណុចទីពីរដែលបានលើកឡើង គឺចរិតតែងប្រែប្រួល។ ពេលមានមនុស្សដែលអ្នកស្រលាញ់គឺចេះមានទំនួលខុសត្រូវជាងមុន ក្លាហាន និងទឹកចិត្តរឹងមាំជាងមុនចេះគិតគូរជាងមុនសម្រាប់គ្នាពីរនាក់ និងការផ្លាស់ប្តូរពីការគិតសម្រេចតែម្នាក់ឯងមកជាគំនិតមតិយោបល់ពីរនាក់ក្នុងការសម្រេច។

. មានអ្នកលើកទឹកចិត្ត សួរសុខទុក្ខ និងប្រឹក្សាយោបល់

ពេលអ្នកនៅ Singleហើយពិបាកចិត្ត អាចថាមានមិត្តភក្តិចាំជួយ ប៉ុន្តែនៅពេលមានដៃគូក៏ប្រៀបដូចមនុស្សពិសេសដែលជួយលើកទឹកចិត្តពេលមានទុក្ខលំបាក ផ្តល់ភាពកក់ក្តៅក្នុងចិត្តជួយប្រឹក្សា សួរសុខទុក្ខគ្នាជាប្រចាំ និងអាចជួយអ្នកទាំងសម្ភារៈ ស្មារតីនិងទឹកចិត្ត បើជាស្នេហាដែលលះបង់ពិតប្រាកដមួយ។ ដូច្នេះ ចំណុចខ្លះទាំងនេះជាគុណសម្បត្តិមួយផ្នែកនៃស្នេហាដែលជម្រុញជីវិតមនុស្សពីរនាក់មានអត្ថន័យខ្លឹមសារដ៏ប្រសើរដោយការថែរក្សាស្នេហាប្រកបដោយក្តីស្រលាញ់នោះ។

នៅមានចំណុចជាច្រើនទៀតដែលជាគុណសម្បត្តិរបស់ស្នេហាប្រិយមិត្តក្រមាដែលមានបទពិសោធកុំភ្លេចចែករំលែកដល់ក្រមាផង៕