ពីបទពិសោធអ្នកឆ្លងកាត់មុនៗ ការកំណត់គោលដៅខ្លះពោលតាំងពីឆ្នាំចាស់ អាចសម្រេចបានមិនមែនត្រឹមរយៈពេល១ឆ្នាំឡើយ ដោយត្រូវការពេលបន្ថែមដើម្បីទៅដល់។ ហើយអ្នកក៏នឹងអាចជួបឧបសគ្គខ្លះទៀតនៅតាមដំណើរផ្លូវទៅរកក្តីសុបិន្ត តែយ៉ាងណាមិញអ្នកដែលមានបទពិសោធ ធ្លាប់សម្រេចបានគោលដៅជីវិតសមប្រកបក៏បានចែករំលែកនូវចំណុចខ្លីៗ ដូចខាងក្រោមនេះដើម្បីទៅកាន់បំណងប្រាថ្នាមិនថាតាំងពីឆ្នាំមុនឱ្យបានសម្រេចជោគជ័យចេញជារូបរាងឡើង៖
១.ផ្តោតលើទម្លាប់ល្អមួយក្នុងរយៈពេលកំណត់
មានវិធីច្រើនដើម្បីទៅយកគោលធំមួយក្នុងជីវិតអ្នក។ តែយ៉ាងណាមិញ អ្នកអាចផ្តោតលើវិធី ឬទម្លាប់មួយច្បាស់លាស់ក្នុងពេលកំណត់មួយរហូតអ្នកអាចសម្គាល់ឃើញថាវាមានប្រសិទ្ធិភាពនាំអ្នកឱ្យខិតរកគោលដៅ។ នៅពេលមួយអ្នកមានភាពជឿជាក់លើសមត្ថភាពខ្លួនឯងលើទម្លាប់ដែលបានបង្កើតឡើងហើយនោះអ្នកអាចឈានជើងទៅបង្កើតទម្លាប់ល្អថ្មីមួយទៀតដោយប្រើវិធីផ្តោតលើទម្លាប់មួយឱ្យច្បាស់លាស់ដូចពីមុន។
២.ប្រកួតនឹងខ្លួនអ្នកពីកម្រិតតូចទៅ
ការសិក្សាក៏បានបង្ហាញដែរថាការប្រកួតខ្លួនឯងនឹងនាំឱ្យអ្នកសកម្មនិងជម្រុញចិត្តបន្តធ្វើលើសកម្មភាពថ្មីៗដើម្បីសម្រេចគោលដៅ។ ប៉ុន្តែនៅពេល ចាប់ផ្តើមអ្នកអាចផ្តើមពីចំណុចតូចទៅក្នុងរយៈពេលខ្លីៗ ឬអាចនាំខ្លួនឯងធ្វើសម្រេចគោលដៅតូចថ្មីៗ ដែលអ្នកអាចធ្វើបាន។ជាបន្តបន្ទាប់សមត្ថភាពរបស់អ្នកនឹងអភិវឌ្ឍហើយនឹងទៅដល់កម្រិតមួយដែលអ្នកប៉ងទុក។
៣.រៀនក្លាយជាអ្នកធ្វើ បំភ្លេចទម្លាប់មិនល្អ
ការស្រាវជ្រាវក៏បានបង្ហាញដែរថាភាពសម្រេចបាននូវគោលដៅនូវអ្វីដែលអ្នកប្តេជ្ញាថា នឹងធ្វើអ្វីមួយគឺមានប្រសិទ្ធិភាពជាងអ្វីដែលអ្នកប្តេជ្ញាថាចៀសវាងធ្វើអ្វីមួយ។ ចំណុចនេះមានន័យថាអ្នកអាចកំណត់ទិសដៅជាសកម្មភាពអ្នកចង់ធ្វើជាជាងផ្តោតលើសកម្មភាពទិសដៅដែលអ្នកចង់ចៀសវាង។ បើសិនអ្នកមានបំណងចង់បញ្ឈប់ទម្លាប់មិនល្អមួយឧទាហរណ៍ ឈប់សម្លឹងមើលអេក្រង់ទូរសព្ទឬអេឡិចត្រូនិចច្រើននៅពេលយប់ដូចនេះអ្នកអាច រិះរក ឬលៃពេល ទៅចេញដើរហាត់ប្រាណខាងក្រៅបាន៣០នាទីជំនួសឱ្យការចំណាយពេលសម្លឹងមើលនោះ។
៤.ចេះសុំជំនួយខ្លះ
មនុស្សគ្រប់គ្នានៅជុំវិញខ្លួនអ្នកក៏មានក្តីសុបិន្តដូចអ្នកដែរគ្រាន់ថា ពួកគេអាចមានក្តីសុបិន្តផ្សេងៗ ឬអាចដូចទៅនឹងអ្នកដែរក៏មាន។ ដូចនេះអ្នកអាចស្វែងរកអ្នកដែលមានក្តីប្រាថ្នាស្រដៀងអ្នកមានទិសដៅដូចអ្នកដោយភ្ជាប់ទំនាក់ទំនងជួយគាំទ្រគ្នាទៅវិញទៅមកជាតួយ៉ាង ដូចជាមិត្តភក្តិសាច់ញាតិ ឬដៃគូជីវិតជាដើម។ យ៉ាងណាមិញ សម្រាប់មិត្តភក្តិ ឬដៃគូ ពេលខ្លះពួកគេអាចមានគោលដៅផ្សេងពីយើងតែអ្នកនៅតែអាចគាំទ្រពួកគេទៅវិញទៅមកនឹងពិភាក្សារៀនអំពីបទពិសោធគ្នាប្រកួតនឹងសកម្មភាពថ្មីៗដើម្បីទៅរកគោលដៅជោគជ័យរបស់អ្នក។
៥.អំណោយលើកទឹកចិត្តខ្លួនឯង
ផ្តល់ឱ្យខ្លួនអ្នកនូវកាដូលើកទឹកចិត្តខ្លះនៅតាមផ្លូវធ្វើដំណើរទៅរកគោលដៅអ្នក។ ផ្តល់នូវរង្វាន់លើកទឹកចិត្តនឹងជួយឱ្យអ្នកបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹមនិងទឹកចិត្តពុះពារសម្រេចគោលដៅ។ ព្យាយាមឱ្យរង្វាន់ណាដែលអ្នកពេញចិត្ត និងជួយលើកទឹកចិត្តឱ្យអ្នកបន្តគោលដៅដដែលរបស់អ្នកឱ្យកើតឡើងជារូបរាងពិតព្រមទាំងជម្នះឧបសគ្គដែលកើតមាននៅលើវិថីនៃជីវិត៕