នៅក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្ស ព្រោះមិនថាតំបន់ជនបទឆ្ងាយប៉ុណ្ណានោះទេ បច្ចេកវិទ្យាបានបញ្ច្រៀបខ្លួនចូលទៅយ៉ាងជ្រៅក្នុងការរស់នៅរបស់ប្រជាជនលើពិភពលោក។
ការប្រើប្រាស់បច្ចេកវិទ្យាថ្វី ត្បិតតែវាអាចជួយឱ្យការរស់នៅកាន់តែប្រសើរតាមរយៈភាពងាយស្រួលផ្នែកទំនាក់ទំនងឬប្រភពចំណេះដឹងសំបូរបែប តែវាក៏ផ្តល់ផលប៉ះពាល់ច្រើនផងដែរដល់សុខភាពផ្លូវចិត្ត ប្រសិនបើយើងប្រើប្រាស់វាច្រើនជ្រុល។ ស្ថាប័នចិត្តសាស្ត្រ Psychology today បានបញ្ជាក់ថា ការប្រើប្រាស់បណ្តាញសង្គមច្រើនហួសហេតុពេកអាចធ្វើឱ្យយើងប្រឈមជាមួយនឹងបញ្ហាសុខភាពជាច្រើនជាពិសេសបញ្ហាផ្លូវចិត្ត។
ស្ថាប័នខាងលើបានបញ្ជាក់ថា បញ្ហាដែលអាចប៉ះពាល់ដំបូងគេគឺកើតចេញពីអារម្មណ៍ច្របូកច្របល់ ឬមាតិកាដែលមនុស្សបានឃើញ។ ជាទូទៅក្នុងបណ្តាញសង្គម មានមាតិកាព័ត៌មានជាច្រើនច្របល់គ្នា ទាំងព័ត៌មានផ្លូវការនិងព័ត៌មានដែលផ្សព្វផ្សាយដោយបុគ្គលឯកជន ឬមនុស្សផ្សេងៗទៀតដែលចេះតែផ្សព្វផ្សាយចម្រុះ។ ហេតុនេះមានមាតិកាខ្លះបានបង្ហាញពីរឿងទុក្ខសោក បញ្ហាជីវិតរួមទាំងហេតុផលជាច្រើនផ្សេងទៀត ដែលអាចធ្វើឱ្យយើងមានបញ្ហាផ្លូវចិត្តកើតឡើង។
បន្ថែមពីលើនេះបញ្ហាផ្សេងមួយទៀតដែលអាចកើតមានឡើងផងដែរ គឺពន្លឺនៃកញ្ចក់កុំព្យូទ័រឬទូរស័ព្ទអាចធ្វើឱ្យមនុស្សដេកមិនលក់នៅពេលយប់។ ហេតុនេះការប្រើប្រាស់បច្ចេកវិទ្យាជាពិសេសបណ្តាញសង្គមនៅពេលយប់អាចនឹងធ្វើឱ្យយើងមានបញ្ហាគេងមិនលក់។ ហេតុនេះប្រសិនបើយើងទទួលរងនូវបញ្ហានេះបន្តបន្ទាប់ យើងនឹងអាចកើតជំងឺគេងមិនលក់ឬធ្វើឱ្យសមត្ថភាពខួរក្បាលរបស់យើងថយចុះ។
តាមការបញ្ជាក់របស់ស្ថាប័ននេះ បានឱ្យដឹងថាស្ថានភាពសម្រាកមិនគ្រប់គ្រាន់និងបូកបញ្ចូលជាមួយនឹងអារម្មណ៍នឿយហត់ខ្លាំងជាមួយនឹងមាតិកាមិនល្អ ក្នុងបណ្តាញសង្គមអាចរុញច្រានមនុស្សឱ្យក្លាយជាអ្នកដែលមានបញ្ហាអារម្មណ៍មិនប្រក្រតីដូចជា ឆាប់ញ័របេះដូងឆាប់ភ្ញាក់ ឆាប់បាក់ទឹកចិត្ត និងមានបញ្ហាសុខភាពផ្លូវកាយថែមទៀតផង។ បន្ថែមពីលើនេះវាក៏អាចេះធ្វើឱ្យយើងក្លាយជាមនុស្សដែលមិនសកម្ម ដោយសាតែថាមពលនៅក្នុងខ្លួនចុះខ្សោយដែលបន្តិចម្តងៗ អាចធ្វើឱ្យជីវិតរបស់យើងធ្លាក់ចុះទៅក្នុងបញ្ហាធ្ងន់ធ្ងរ៕