ការប្រាស្រ័យទាក់ទងគ្នា” គឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សត្រូវការដើម្បីរស់នៅក្នុងសង្គមប្រចាំថ្ងៃ មិនថាក្នុងទំនាក់ទំនងជាលក្ខណៈមិត្តភាព បងប្អូន ឬស្នេហានោះឡើយ។ ទន្ទឹមនឹងនេះដែរការរាប់អានមនុស្សក៏ជះឥទ្ធិពលដល់ជីវិតអ្នកខ្លាំងក្លាផងដែរ ពោលគឺប្រសិនបើអ្នកសម្រេចចិត្តរាប់អាន និងនៅក្បែរមនុស្សល្អ វានឹងនាំឥទ្ធិពលល្អដល់អ្នកជារៀងរាល់ថ្ងៃ។
ដោយឡែកចំពោះមនុស្សមួយចំនួន អ្នកកាន់តែរាប់អានយូរយ៉ាងណាក៏កាន់តែអូសទាញអ្នកឱ្យធ្លាក់ក្នុងក្តីអន្តរាយផ្សេងៗ។ ជាមួយគ្នានេះដែរនៅក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីមនុស្សទាំង ៥ប្រភេទដែលអ្នកមិនគួរនៅក្បែរពីព្រោះវាអាចនឹងផ្តល់ផលមិនល្អដល់អ្នកពេញមួយជីវិត។
១) ប្រភេទមនុស្ សដែលចូលចិត្តគិតរឿងអវិជ្ជមាន
មនុស្សដែលមានគំនិតអវិជ្ជមានជាប់ខ្លួនគ្រប់ពេលវេលា គឺជាមនុស្សដែលមិនចេះបែងចែកសខ្មៅ ឬល្អអាក្រក់នោះឡើយ។ ពួកគេគឺជាមនុស្សដែលចូលចិត្តមើលអ្នកដ៏ទៃក្នុងផ្លូវមិនល្អ និងតែងតែគិតថាខ្លួនឯងល្អជាងអ្នកដ៏ទៃជានិច្ច។មនុស្សប្រភេទនេះ កម្រស្តាប់ហេតុផលរបស់អ្នកដ៏ទៃណាស់ ពីព្រោះថាអ្វីៗត្រូវបានគេកំណត់តាមការយល់ឃើញរបស់ខ្លួនឯងតែម្នាក់ឯងគត់។
មិនត្រឹមតែប៉ុណ្ណោះមនុស្សប្រភេទនេះមិនចង់ឱ្យមានអ្នកណាល្អជាងខ្លួនឡើយ សូម្បីតែជាមិត្តជិតស្និតរបស់ខ្លួនឯងក៏ដោយ។ ប្រសិនបើអ្នករាប់អាន និងនៅជិតមនុស្សប្រភេទនេះច្រើនពេកនោះអ្នកប្រាកដជាទទួលឥទ្ធិពលមិនល្អជាក់ជាមិនខាន។ ដូច្នេះអ្នកគួរតែនៅឱ្យឆ្ងាយពីពួកគេ។
២)ប្រភេទមនុស្សដែលមិនចេះរក្សាការសម្ងាត់
មនុស្សប្រភេទនេះមិនគួរឱ្យអ្នកជឿទុកចិត្តនោះទេ ពីព្រោះថាពួកគេគ្មានភាពជាម្ចាស់ការលើខ្លួនឯងឡើយហើយម៉្យាងវិញទៀតពួកគេចូលចិត្តនិយាយច្រើនថែមទៀតផង។ ក្នុងនោះផងដែរប្រសិនបើអ្នកមានការសម្ងាត់សំខាន់ណាមួយឱ្យមនុស្សប្រភេទនេះដឹង វាប្រាកដជាត្រូវបែកការជាក់ជាមិនខានហើយអ្វីដែលអ្នកបានរំពឹងទុកនឹងត្រូវបាត់បង់ជារឿយៗ។
ដូច្នេះអ្នកមិនត្រូវនៅជាមួយមនុស្សប្រភេទនេះយូរពេកឡើយ ដើម្បីជៀសវាងពីការបែកធ្លាយអាថ៌កំបាំងរបស់អ្នកពីព្រោះថាការសម្ងាត់ខ្លះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក។
៣)ប្រភេទមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
មនុស្សប្រភេទនេះគឺពិតជាអាត្មានិយមខ្លាំងណាស់ ពោលគឺគិតតែពីផលប្រយោជន៍ខ្លួនឯងដោយមិនដែលខ្វល់ពីមនុស្សនៅជុំវិញខ្លួនឡើយ។ ភាគច្រើនពួកគេចូលមកក្បែរអ្នក នៅពេលដែលអ្នកមានប្រយោជន៍សម្រាប់គេតែប៉ុណ្ណោះលុះត្រាតែពេលណាដែលអ្នកលែងសំខាន់ គេនឹងចាកចោលពីអ្នកជាក់ជាមិនខានឡើយ។ ម៉្យាងវិញទៀតប្រសិនបើអ្នកមានបញ្ហា ឬជួបការលំបាកណាមួយ គឺមិនអាចពឹងពាក់មនុស្សប្រភេទនេះបានឡើយពោលគឺថាពួកគេជាមនុស្សដែលរត់យករួចខ្លូនតែម្នាក់ឯងតែប៉ុណ្ណោះ។
៤)ប្រភេទមនុស្សដែលចូលចិត្តបំបាក់ទឹកចិត្តរបស់អ្នក
អ្នកដាច់ខាតត្រូវព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ ពីព្រោះថាពួកគេអាចសម្លាប់ក្តីសុបិន្តរបស់អ្នកឱ្យរលាយសាបសូន្យបានយ៉ាងងាយស្រួល។ មិនថាអ្នកធ្វើអ្វីក៏ដោយ ក៏អ្នកត្រូវជួបមនុស្សប្រភេទនេះដោយរង់ចាំតែនិយាយរិះគន់ និងបន្ទោសបង្អាប់មកកាន់អ្នកដែលនឹងអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តរាល់ថ្ងៃ។ ដូច្នេះអ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្សដែលមើលរំលងពីគុណតម្លៃរបស់អ្នក។
៥) ប្រភេទមនុស្សដែលពូកែច្រណែនឈ្នានីស
មនុស្សប្រភេទនេះមិនព្រមឱ្យអ្នកល្អជាងខ្លួនរបស់ពួកគេឡើយ ពោលគឺពួកគេនឹងរកវិធីសាស្រ្តធ្វើយ៉ាងណាឱ្យអ្នកមិនអាចមានថ្ងៃល្អជាងពួកគេបាននោះទេ មិនថាចំពោះមុខតំណែងក្នុងការងារ ទ្រព្យសម្បត្តិ និងកេរិ៍្តឈ្មោះជាដើម។ ដូចគ្នានេះដែរប្រសិនបើអ្នកនៅក្បែរមនុស្សប្រភេទនេះច្រើននាក់ពេក អ្នកនឹងជួបប្រទះនូវក្តីទុក្ខព្រួយជាក់ជាមិនខាន ដូច្នេះចូរជៀសវាងឱ្យបានឆ្ងាយពីពួកគេតាមដែលអ្នកអាចធ្វើទៅបាន។
ជារួមមកវិញអ្នកគួរតែនៅឱ្យឆ្ងាយពីមនុស្សទាំង៥ប្រភេទខាងលើនេះ មិនថាជាមិត្តរួមថ្នាក់របស់អ្នក មិត្តរួមការងារឬមនុស្សក្នុងសង្គមរបស់អ្នកឡើយ ដើម្បីបញ្ចៀសនូវហានិភ័យទាំងឡាយដែលអាចកើតឡើងចំពោះអ្នកជាយថាហេតុនៅពេលអនាគតកាន់តែច្រើន
ជាងនេះទៅទៀត៕