មនុស្សគ្រប់គ្នាសុទ្ធតែស្អប់បញ្ហាក្នុងជីវិតចង់ជៀសចេញឱ្យឆ្ងាយ និងមិនចង់ជួបជាដើម តែសម្រាប់អ្នកនិពន្ធពេលខ្លះបែរជាចូលចិត្តបញ្ហាលំបាកទាំងអស់នោះទៅវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ចាន់ផលអ្នកនិពន្ធមួយរូបរបស់កម្ពុជា បានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែជួបបញ្ហាក្នុងជីវិត។ ទោះបីជាយើងចង់គេចចេញប៉ុណ្ណាក៏ដោយ ក៏ទំនងជាមិនអាចគេចអស់នោះដែរហេតុនេះពេលខ្លះបញ្ហាដែលបានកើតឡើងរួចទៅហើយ យើងទៅឈឺក្បាលជាមួយវាក៏ឥតប្រយោជន៍ដែរអ្វីដែលអាចធ្វើទៅបានសម្រាប់អ្នកនិពន្ធ គឺកែប្រែបញ្ហានោះឱ្យមានប្រយោជន៍ទៅវិញ។
លោក សុខ ចាន់ផល បាននិយាយថា៖ «ពេលខ្លះអ្នកនិពន្ធស្រឡាញ់បញ្ហាជីវិតព្រោះវាអាចក្លាយជាប្រធានបទយ៉ាងសំខាន់ដែលយើងជាអ្នកសរសេរផ្ទាល់បានជួបនិងស្គាល់វាច្បាស់លាស់ជាងអ្នកណាទាំងអស់»។
អ្នកនិពន្ធខាងលើបានបញ្ជាក់ផងដែរថា អ្នកនិពន្ធគឺជាអ្នកបង្កើតបរិយាកាស អារម្មណ៍ រឿងរ៉ាវនិងបញ្ហាជាច្រើនដើម្បីឱ្យកើតចេញជាសាច់រឿងដើម្បីអប់រំនិងផ្តល់ការកម្សាន្តផ្នែកអារម្មណ៍។ ហេតុនេះពេលខ្លះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការស្វែងរកប្រធានបទសំខាន់ៗសម្រាប់សរសេរឱ្យបានល្អិតល្អន់។ ដូច្នេះហើយ ទើបពេលខ្លះបញ្ហាជីវិតផ្ទាល់ខ្លួនអាចនឹងក្លាយជាប្រធានបទដ៏ល្អ សម្រាប់បង្កើតជាសាច់រឿងយ៉ាងស៊ីជម្រៅដល់អ្នកអាន។
លោកបានបន្ថែមទៀតថា នៅពេលយើងជួបបញ្ហាយើងនឹងឃើញថា មានរឿងរ៉ាវជាច្រើនប្រទាក់ក្រលាគ្នា បន្ថែមពីលើនេះក្នុងបញ្ហានីមួយៗមានមនុស្សជាច្រើនដែលពាក់ព័ន្ធ។ បញ្ហានោះទៀតសោតក៏មានភាពបត់បែនច្រើនទៅតាមកាលៈទេសៈនៃការដោះស្រាយ។ ហេតុនេះប្រសិនបើយើងបានឆ្លងកាត់បញ្ហាណាមួយក្នុងជីវិត យើងនឹងយល់ច្បាស់ពីមេរៀនឬផ្លូវល្អដើម្បីដោះស្រាយបញ្ហាដ៏ចាក់ស្រេះទាំងអស់នោះ។
តម្លៃអប់រំទាំងអស់នោះមិនមែនចេះតែគ្រប់គ្នាបជួបនោះទេ។ វាត្រូវការសង្កេត និងតាមដានដោយយកចិត្តទុកដាក់។ដូច្នេះ ប្រសិនបើវាចៃដន្យកើតចំជីវិតយើងផ្ទាល់ ពេលខ្លះយើងអាចរាប់ថាជាសំណាងមួយដែលយើងបានឆ្លងកាត់និងដកយកផ្នត់គំនិតទាំងអស់នោះដើម្បីទៅច្នៃបន្ថែមសម្រាប់បង្កើតជាទស្សនិយភាពអក្សរសិល្បិ៍ដ៏រស់រវើកសម្រាប់អ្នកអាន៕