មនុស្សពេញវ័យពិតប្រាកដ មិនមែនមើលដឹងត្រឹមតែផ្នែកខាងក្នុងសារពាង្គកាយនោះទេ ប៉ុន្តែវាក៏អាចបង្ហាញឱ្យអ្នកដឹងតាមរយៈកាយវិការ ព្រមទាំងការសម្រេចចិត្តមួយចំនួន ដែលជាបុគ្គលិកលក្ខណៈរបស់មនុស្សពេញវ័យបានចេញមកក្រៅ។ ក្នុងនោះផងដែរមនុស្សពេញវ័យ មានបុគ្គលិកលក្ខណៈបែបណា នៅខាងក្រោមនេះនឹងបង្ហាញឱ្យអ្នកបានដឹង។

១.ការចេះគ្រប់គ្រងខ្លួនឯង មានការអត់ធ្មត់ គ្រប់គ្រងអារម្មណ៍បានល្អ មិនអន្ទះសារ មិនតក់ក្រហល់ និងមិនច្រងេងច្រងាង។

២.មានស្មារតីរឹងមាំ មានចិត្តរឹងប៉ឹង និងបុគ្គលិកលក្ខណៈនឹងធឹង។

៣.ឯករាជ្យម្ចាស់ការ មានសមត្ថភាពក្នុងការកំណត់កិច្ចការងារផ្សេងៗបានដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកលើអ្នកដទៃ។

៤.មានភាពប្រាកដប្រជា មានសមត្ថភាពរៀបចំកិច្ចការ ឬរៀបចំដំណើរជីវិតដោយឥរិយាបថជាក់លាក់ប្រាកដប្រជា។

.មានការទទួលខុសត្រូវ ធ្វើអ្វីដោយមានការទទួលខុសត្រូវច្បាស់លាស់ មានហេតុផលបកស្រាយបាន មានសម្ព័ន្ធភាពល្អ គួរឱ្យជឿទុកចិត្តនិងពឹងពាក់យកជាការបាន។

៦.ការឈ្លាសវៃឆាប់យល់ពីបញ្ហា មានសមត្ថភាពគ្រោងទុកជាមុនសម្រាប់អនាគត និងមានក្ដីអំណត់ក្នុងការរង់ចាំ។

៧.មានឆន្ទះមោះមុត មានការតាំងចិត្ត ប្រាជ្ញាចិត្តជំនះឧបសគ្គនិងបញ្ហាស្មុគស្មាញផ្សេងៗដែលរារាំងផ្លូវរបស់ខ្លួន។

៨.មានបទពិសោធន៍ខ្ពស់ មានចិត្តគំនិតទូលំទូលាយ និងចេះយល់ចិត្តថ្លើមអ្នកដទៃ។

៩. ចេះទទួលស្គាល់ការពិត សម្លឹងមើលបញ្ហាបានគ្រប់ជ្រុងជ្រោយ សម្លឹងឃើញបញ្ហាទៅតាមសភាពពិត និងមិនលម្អៀងទៅតាមអារម្មណ៍ឬមិនងាករេទៅតាមទំនោអគតិ។

សរុបរួមមកវិញ តើអ្នកមានប៉ុន្មានចំណុចដែរនៅក្នុងចំណោម៩ចំណុចខាងលើបើអ្នកមានគ្រប់ចំណុចហើយអ្នកគឺជាមនុស្សពេញវ័យមួយរូបដែលរឹងមាំបាត់ទៅហើយ។ គុណសម្បត្តិដូចដែលបានរៀបរាប់ខាងលើអាស្រ័យដោយការគិត ការសម្រេចចិត្តបានត្រឹមត្រូវនោះឯង។ ដូច្នេះហើយអ្នកត្រូវធ្វើជាមនុស្សពេញវ័យដែលមានសមត្ថភាពថ្លឹងថ្លែង និងការគិតសុីជម្រៅមុនសម្រេចចិត្តធ្វើអ្វីមួយដែលខ្លួនចង់ធ្វើសម្រាប់ជីវិត៕