ស្ថិត​ក្នុង​វ័យ​៣៩​ឆ្នាំ លោក​ស្រី​ Ivanka Trump ​ជា​​​សហគ្រិន​ស្រ្តី​​ជោគ​ជ័យ​​​មួយ​រូប និង​ជា​អ្នក​ម្តាយ​របស់​កូន​បី​នាក់​ ​​​តែ​​គេ​អាច​សង្កេត​ឃើញ​ថា លោក​ស្រី​នៅ​តែ​ជោគ​ជ័យ​ជា​មួយ​នឹង​អាជីព​ការងារ ជា​ទីប្រឹក្សា​ប្រធានាធិបតី​ ស្នាដៃ​និពន្ធ​សៀវភៅ មុខ​ជំនួញ​ ​ ក៏​ដូច​ជា​​ជីវិត​គ្រួសារ​។ 

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

​លោក​ស្រី​​ដែល​ជា​កូន​ស្រី​​របស់​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​​​​ផង​​នោះ ក៏​ធ្លាប់​បាន​ចែក​រំលែក​​បទ​ពិសោធ​​ជីវិត​ ជា​ចំណុច​មួយ​ចំនួន ដែល​​មនុស្ស​គ្រប់​គ្នា អាច​ស្វែង​យល់​ដើម្បី​​ទទួល​​បាន​ជោគ​ជ័យ​​​​ប្រកប​ដោយ​​ចំនុច​វិជ្ជមាន​ និង​ភាព​រីក​រាយ​​​ទៅ​តាម​​និយម​ន័យ​របស់​លោក​ស្រី​ផ្ទាល់​៖ 

នៅ​ក្នុង​បទ​សម្ភាស​​ជា​មួយ​សារព័ត៌មាន​​ Business Insider លោក​ស្រី​បាន​​​កំណត់​ឲ្យ​តម្លៃ​ភាព​ជោគ​ជ័យ​​នៃ​ជីវិត​នោះ​គឺ "សុភមង្គល" ដែល​លោក​ស្រី​បាន​លើក​ឡើង​ថា​៖ "ខ្ញុំ​​មិន​គិត​ថា អ្នក​នឹង​​ជោគ​ជ័យ​​ពិត​ប្រាកដ​ឡើយ លុះ​ណា​តែ​​អ្នក​​គឺ​ជា​មនុស្ស​​មាន​សុភមង្គល​ ហើយ​មាន​​​ភាព​ពេញ​ចិត្ត​​ចំពោះ​​​​អ្វី​​​ដែល​មាន​ក្នុង​ជីវិត​អ្នក​។" លោក​ស្រី​​បន្ថែម​ថា "ខ្ញុំ​ស្គាល់​​មនុស្ស​ជា​ច្រើន ដែល​ជោគ​ជ័យ​ទៅ​លើ​អាជីព​ ប៉ុន្តែ​ពួក​គេ​ពុំ​មាន​ភាព​រីក​រាយ​ឡើយ​។ តែ​សម្រាប​ខ្ញុំ​ គឺ​​រីក​រាយ​នូវ​អ្វី​ដែល​ខ្ញុំ​​សម្រេច​បាន​​នូវ​អាជីព​របស់​ខ្ញុំ ហើយ​និង​រីក​រាយ​​ជា​មួយ​ស្វាមី និង​កូន​ៗ​​របស់​ខ្ញុំ​ផង​ដែរ​។"

​​​​​​​​​​​​​​​នៅ​ពេល​ដែល​សារព័ត៌មាន​សួរ​ថា តើ​អ្វី​ដែល​នាំ​ឱ្យ​លោក​ស្រី​ទទួល​បាន​ជោគ​ជ័យ​​ដូច​សព្វ​ថ្ងៃ​នោះ កូន​ស្រី​​របស់​​ប្រធានាធិបតី​អាមេរិក Donald Trump រូប​នេះ​បាន​​បង្ហាញ​បី​ចំណុច​ធំ​ៗ​​ដូច​ខាង​ក្រោម​នេះ​៖ 

១. កំណត់​នូវ​អ្វី​ដែល​អ្នក​ស្រលាញ់​ពេញ​ចិត្ត​នឹង​ធ្វើ ហើយ​ធ្វើ​វា

“វា​ពិត​​ជា​ការ​ពិបាក​ណាស់ ដើម្បី​ទៅ​រក​ភាព​ជោគ​ជ័យ​នូវ​អ្វី​ដែល​អ្នក​ធ្វើ ប្រសិន​បើ​អ្នក​មិន​មាន​​ចិត្ត​ស្រលាញ់​​" នាង​បាន​បន្ថែម​​ទៀត​ថា "ខ្ញុំ​ស្គាល់​​មនុស្ស​ជោគជ័យ​ជា​ច្រើន​ ដែល​ភាព​ជោគ​ជ័យ​នោះ​មិន​ដែល​ខិត​ឆ្ងាយ​ពី​ពួក​គេ​ឡើយ នោះ​ក៏​ដោយ​សារ​​​ការ​ស្រលាញ់ ព្យាយាម​ និង​យក​ចិត្ត​ទុក​ដាក់​នោះ​។"

២. ជ្រើស​រើស​ដៃ​គូ​ជីវិត​ត្រឹម​ត្រូវ

“ប្រសិន​បើ​អ្នក​​មាន​ទំនាក់​ទំនង​ស្នេហា គួរ​តែ​​ជា​ដៃ​គូ​ជីវិត​ដ៏​ត្រឹម​ត្រូវ​។ ប្រ​សិន​បើ​ខ្ញុំ​មាន​ស្វាមី​​ដែល​ ​ពុំ​បាន​ជ្រោម​ជ្រែង​​ដល់​ការ​សម្រេច​ចិត្ត​​ទៅ​លើ​ជីវិត​ការងារ​របស់​ខ្ញុំ​ទេ នោះ​ប្រហែល​ខ្ញុំ​ជួប​នឹង​ស្ថាន​ភាព​លំបាក​ជា​ពុំ​ខាន​។" នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​ លោក​ស្រី Ivanka Trump។

៣. នៅ​​ក្បែរ​មនុស្ស​វិជ្ជមាន​​

​​​"អ្នក​គិត​អវិជ្ជមាន​ច្រើន​ គឺ​បង្ក​ជា​បញ្ហា​" លោក​ស្រី Ivanka Trump បាន​បន្ត​ទៀត​​ថា "ខ្ញុំ​​ស្រលាញ់​អ្នក​មាន​​គំនិត​សុទិដ្ឋិនិយម(គិត​វិជ្ជមាន) ហើយ​​នេះ​​ខ្ញុំ​​ពុំ​មែន​សម្តៅ​​ថា​​ អ្នក​ពុំ​ដែល​ឃើញ​ពី​បញ្ហា​នោះ​ទេ​។ ប៉ុន្តែ​​អ្នក​មាន​គំនិត​សុទិដ្ឋិនិយម​ គឺ​ជា​អ្នក​បង្ហាញ​ផ្លូវ​​ដោះ​ស្រាយ​បញ្ហា​” ៕